Tuesday, February 10, 2026
Homeតារាខ្មែរនេត សុចរិយា ក្រេបចន្ទទឹកឃ្មុំនៅកោះរ៉ុង

នេត សុចរិយា ក្រេបចន្ទទឹកឃ្មុំនៅកោះរ៉ុង

ភ្នំពេញ ៖ អតីតតារាសម្ដែង នេត សុចរិយា បានគ្រងឈុតកូនក្រមុំ រៀបការជាមួយបុរសជនជាតិសិង្ហបុរី លោកណេតថ្សាន់ ហ្គាន់( Nathan Gan)  តាមបែបប្រពៃណីខ្មែរ ដែលពិធីនោះរៀបចំនៅអគារ Grand Hall បុរីប៉េង ហួត (បឹងស្នោ) ថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៦ ដោយមានភ្ញៀវខាងស្រី និងភ្ញៀវខាងប្រុស ជាជនជាតិសិង្ហបុរី ជា ច្រើនចូលរួម។

នេត សុចរិយា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថាទោះជាស្វាមីនាងជាជនជាតិបរទេស ប៉ុន្ដែលោកចង់រៀបការតាមប្រពៃណីខ្មែរ ខ្លាំងណាស់ និងចង់ឲ្យធ្វើតាមក្បួនខ្នាតប្រពៃណីខ្មែរ ត្រឹមត្រូវ ព្រោះលោកស្រលាញ់សម្លៀកបំពាក់ខ្មែរ ។ នាងថា ប្ដី មិនពិបាកក្នុងការគ្រងឈុតប្រពៃណីខ្មែរទេ ព្រោះបានវាស់សម្លៀកបំពាក់ត្រឹមត្រូវ មុនដល់ថ្ងៃរៀបការ ហើយនាងជ្រើសសម្អាងការអ្នកនាង ឌី សូនីតា ដែលជាអ្នកសិល្បៈដូចគ្នា ។ នាងថា ភ្ញៀវខាងប្ដី ជាជនជាតិសិង្ហបុរី មកចំនួនខ្ទង់ ៥០នាក់ ភាគច្រើនមកពីសិង្ហបុរី អូស្រា្ដលី ម៉ាឡេស៊ី និងហុងកុង ជាដើម។ ចរិយា បានឲ្យដឹងដែរថា មង្គលការរបស់នាង ធ្វើចំនួន ៣៥ ទៅ៤០តុ ដែលក្នុងនោះមានសិល្បកររួម អាជីព ចំនួន២០តុ ហើយនាងហៅតែអ្នកដែលជិតដិតបំផុតប៉ុណ្ណោះ ខណៈដែលកម្មវិធីនាពេលព្រឹក រៀបចំតាម ក្បួនខ្នាតប្រពៃណីខ្មែរ ទាំងអស់ តែពេលល្ងាច នាងនិងស្វាមី ស្លៀកឈុតប្រពៃណីខ្មែរ តែមួយឈុតប៉ុ ណ្ណោះ ក្រៅពីនេះ ស្លៀកពាក់តាមបែបអឺរ៉ុប ហើយកម្មវិធីជប់លៀង ធ្វើតាមបែបអឺរ៉ុប ។

 នេត សុចរិយា បានឲ្យដឹងដែរថា មុននាងនិងប្ដី មករៀបការនៅស្រុកខ្មែរ នាងក៏ធ្លាប់រៀបការតាមបែបអឺរ៉ុប ពីរដងមកហើយ ក្នុងនោះរៀបការនៅប្រទេសសិង្ហបុរី សែនតាមបែបចិន ផ្គួបនឹងការចុះអេតាស៊ីវិល និងរៀបការនៅប្រទេសអូស្រា្ដលី ទៅជប់លៀង ញ៉ាំអាហារនៅភោជនីយដ្ឋានមួយ។

ឆ្លើយតបសំណួរថា តើ ចរិយា មានគម្រោងដឹកដៃស្វាមី ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីណា? និងមានគម្រោងយកកូនភ្លាមៗឬយ៉ាងណា? ចរិយា ថាពេលចប់ពិធីរៀបការ នាងនិងស្វាមី ទៅដើរលេងនៅកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីឲ្យប្ដីបានស្គាល់តំបន់ទេសចរណ៍ក្នុងស្រុកខ្មែរ ឲ្យកាន់តែច្រើន ។ ចំណែករឿងយកកូន នាងថា ត្រូវតែយកភ្លាម ព្រោះនាងក៏មានអាយុច្រើនដែរហើយ តែថា នឹងយកកូនប៉ុន្មាននាក់នោះ គឺអាស្រ័យទៅលើកម្លាំងនាង តាមជាក់ស្ដែង មិនអាចកំណត់ទុកជាមុនបានទេ ។          

អតីតតារាសម្ដែង នេត សុចរិយា បានភ្ជាប់ស្នេហាជាមួយលោក ណេតថ្សាន់ ហ្គាន់ ជាង១០ឆ្នាំ ទើបដល់វេលារៀបការតាមប្រពៃណីខ្មែរ នៅឆ្នាំ២០២៦ ដោយសុចរិយា អះអាងថាស្វាមីជាបុរសល្អបំផុត មិនត្រឹមតែស្រលាញ់នាងទេ គឺស្រលាញ់ក្រុមគ្រួសារ និងមិត្តភក្ដិនាង ជុំវិញខ្លួនផងដែរ ។ សុចរិយា ថាអំឡុងពេលដែលផ្អាកពីអាជីពសិល្បៈ នាងបានទៅរស់នៅប្រទេសសិង្ហបុរី ធ្វើការងារមួយ ខណៈដែលស្វាមី ក៏មានមុខរបរនៅទីនោះដែរ ។ នាងបន្ថែមថា នៅឆ្នាំ២០២៦ រូបនាងក៏មានគម្រោងរកស៊ីនៅស្រុកខ្មែរ ដែរ ប៉ុន្ដែមិនទាន់អាចប្រាប់បានថាជាមុខ របរអ្វីទេ ចាំដល់ចេញជារូបរាងសិន ។ តារារាងតូចច្រឡឹងរូបនេះថា នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ នាងត្រូវហោះទៅប្រទេសសិង្ហបុរី ដើម្បីទៅអុជធូបសែនចូលឆ្នាំចិន នៅទីនោះផងដែរ ស្របពេលដែលអាជីពសិល្បៈ នាងនៅតែស្រលាញ់ ប៉ុន្ដែគ្មានពេលគ្រប់គ្រាន់ក្នុងការថតសម្ដែងដូចមុនទេ  ៕

RELATED ARTICLES