Tuesday, April 7, 2026
Homeព័ត៌មានជាតិមាជ សុវណ្ណារ៉ា ជូនពរកឹម សុខា ឆ្នាំថ្មី ទទួលបានយុត្តិធម៌​

មាជ សុវណ្ណារ៉ា ជូនពរកឹម សុខា ឆ្នាំថ្មី ទទួលបានយុត្តិធម៌​

ភ្នំពេញៈ ក្នុងនាមជាអតីតសហការី នៃអតីតគណបក្សសង្រ្គោះជាតិ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ក្រៅពីបានប្រកាសថា លោកនឹងចូលរួមតាមដានសវនាការនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ លោកក៏បានជូនពរលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) សូមទទួលបានយុត្តិធម៌ ក្នុងឱកាសឆ្នាំថ្មីនេះ ហើយសូមឲ្យទម្លាក់ចោលបទចោទប្រកាន់លើលោកកឹម សុខា ផងដែរ ព្រោះថា សំណុំរឿងលោកកឹម សុខា ដែលតុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់គុក (ជាប់ឃុំក្នុងផ្ទះ) ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ពាក់ព័ន្ធនឹងការត្រូវរ៉ូវជាមួយសហរដ្ឋអាមេរិក ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល គឺជាសំណុំរឿងនយោបាយ ។

ជាអ្នកតស៊ូនយោបាយជាមួយលោក កឹម សុខា តាំងពីជំនាន់គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់លោក សឺន សាន រហូតដល់បក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកនៅតែចងចាំនូវវីរភាពនៃការតស៊ូរបស់លោកកឹម សុខា តាមបែបអហិង្សា ដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនយកខ្មែរណាជាសត្រូវ ។ នៅមុនការកាត់ទោសលោក កឹម សុខា ដែលសាលក្រមរារាំងមិនឱ្យមានទំនាក់ទំនងជាមួយជនណាក្រៅពីសាច់ញាតិ លោកក៏ធ្លាប់បានទៅសួរសុខទុក្ខលោក កឹម សុខា នៅផ្ទះផងដែរ ប៉ុន្តែក្រោយការផ្ដន្ទាទោស លោកបានត្រឹមសួរនាំពីលោកកឹម សុខា តាមរយៈភរិយារបស់គាត់ប៉ុណ្ណោះ ។ យ៉ាងណា នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ លោកសូមជូនពរលោក កឹម សុខា មានសុខភាពល្អ និងទទួលបានយុត្តិធម៌ មានសេរីភាពឡើងវិញ ។

ភ្ជាប់ជាមួយការជូនពរខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានអះអាងថា លោកត្រូវចូលរួមសវនាការសាលឧទ្ធរណ៍ លើរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីចង់ដឹងថា តើតុលាការ សម្រេចបែបណា ផ្ដល់យុត្តិធម៌ដល់លោកកឹម សុខា ឬនៅតែផ្ដល់ភាពអយុតិ្តធម៌ដល់គាត់? ទន្ទឹមនឹងនេះ លោកក៏ជំរុញឱ្យដោះលែងលោក កឹម សុខា ដើម្បីការឯកភាពជាតិខ្មែរឡើងវិញ រួមគ្នាទប់ទល់នឹងសត្រូវឈ្លានពានទឹកដី ខណៈការឃុំខ្លួនលោក កឹម សុខា ជិត១០ឆ្នាំទៅនេះ រងការរិះគន់ថា ធ្វើឱ្យខ្មែរបែកបាក់សាមគ្គីជាតិ ដែលជាឱកាសប្រទេសជិតខាង សម្រេចមហិច្ឆតាឈ្លានពានទឹកដីខ្មែរ បានដោយជោគជ័យ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំនឹងចូលរួមបន្ទប់សវនាការផ្ទាល់របស់លោកកឹម សុខា លើកទី១៣នេះ គឺចង់ដឹងថា ការវិវត្តន៍ ការដេញដោលស្វែងរកនូវយុត្តិធម៌ តាមអង្គហេតុ អង្គច្បាប់ ដែលការកាត់ទោសនេះ គឺយើងដឹងហើយ ជាហេតុផលនយោបាយ វាមិនមែនជារឿងដែលលោកកឹម សុខា ទៅក្បត់ជាតិ លក់ទឹក លក់ដី លក់ព្រៃព្រឹក្សា ឬក៏ឧក្រិដ្ឋកម្មលក់គ្រឿងញៀន ចោរប្លន់ ឧក្រិដ្ឋផ្សេងៗអីឯណា ក្រៅតែពីនយោបាយ តាមបែបធម៌អហិង្សា មិនយកខ្មែរណាជាសត្រូវ ហើយយើងប្រកួតប្រជែងតែគោលនយោបាយ ទោះបីបក្សខុសគ្នា ទស្សនៈផ្ទុយគ្នា តែតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត តាមច្បាប់រដ្ឋធម្មនុញ្ញ នៅក្នុងជំពូក និងមាត្រា ចែងអំពីសិទ្ធិធ្វើនយោបាយ សិទ្ធិបើកគណបក្សនយោបាយ ក្នុងការប្រកួតប្រជែងគ្នា ដោយមិនធ្លាក់ទៅក្នុងអំពើទុច្ចរិត ឬក៏ប្រព្រឹត្តខុសផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសជាតិឡើយ ។ អ៊ីចឹងហើយខ្ញុំចង់ដឹងថា តើការតតាំងក្ដីរវាងអយ្យការ តំណាងឲ្យការចោទប្រកាន់របស់រដ្ឋាភិបាល និងមេធាវិ របស់លោកកឹម សុខា ក្នុងការសួរដេញដោលគ្នា ដោយសារតែបណ្ដឹងតវ៉ានឹងភាពអយុត្តិធម៌ ដែលសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារ ហើយឃុំឃាំងក្នុងផ្ទះ រហូតទៅដល់២៧ឆ្នាំ វាដូចជាអយុត្តិធម៌ សូម្បីតែមហាជន ពិសេសសហគមន៍អន្តរជាតិ ប្រទេសលោកសេរី មិនថាអាមេរិក មិនថាសហភាពអឺរ៉ុប ក៏ដូចជាប្រជាពលរដ្ឋស្ទើរតែកន្លះនគរ ដែលបោះឆ្នោតគាំទ្រឲ្យលោកក្លាយជាអ្នកតំណាងរាស្រ្ត ក្លាយជាអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាតំណាងនូវពលរដ្ឋស្ទើរតែ៣លាននាក់ បែរជាត្រូវបានចាប់ដាក់គុកដោយហេតុផលនយោបាយ ហើយរំលាយគណបក្សសង្រ្គោះជាតិចោល “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ អ៊ីចឹងហើយយើងចង់ដឹងថា តើការដេញដោលក្នុងសាលាឧទ្ធរណ៍ ដែលតវ៉ាក្ដីដោយបុគ្គលគាត់ផ្ទាល់ ក៏ដូចជាក្រុមតំណាងមេធាវីការពារក្ដីឲ្យគាត់ហ្នឹង ថាតើគាត់នឹងទទួលបាននូវយុត្តធម៌ឬទេ? ហើយស្នើឲ្យមានការដោះលែង ឬក៏លើកលែងទោស ទម្លាក់បទចោទបែបណាៗ អាហ្នឹងក្នុងនាមខ្ញុំជាប្រធានគណបក្សជំនាន់ថ្មី ដែលខ្ញុំជាអតីតសហការីផ្ទាល់របស់លោក នៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ខ្ញុំចង់ឃើញខ្មែរឯកជាតិ បង្រួបបង្រួម ផ្សះផ្សា អភ័យទាន សន្ដោសប្រណីឲ្យគ្នា ដោយការយោគយល់ ឈានទៅរកការបើកនូវសករាជថ្មី ទំព័រប្រវត្តិសាស្រ្តថ្មី នៃការឯកភាពជាតិ ផ្សះផ្សា បង្រួបបង្រួមឲ្យខ្មែរក្លាយជាធ្លុងមួយ ដើម្បីទប់ទល់ជាមួយនឹងសត្រូវបរទេស ដែលកំពុងតែឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាយើង ។ អ៊ីចឹងហើយបើយើងបែកបាក់ ខ្មែរមិនខ្លាំង សត្រូវបរទេស គេមើលងាយ ជាពិសេសប្រទេសជិតខាង គេផ្គើន គេចិញ្ចឹមចិត្តប៉ុនប៉ងចង់បានទឹកដីយើង ចង់បានកម្ពុជា ជាចំណុះនៃសេដ្ឋកិច្ចរបស់គេ ក្នុងទីផ្សារសេរី ក៏ដូចជាអាណានិគមនៃប្រយោល នៃការលំហូរចូលនៃជាតិសាសន៍គេ ចង់បំបាត់នូវអរិយធម៌ វប្បធម៌ សាសនារបស់យើង ដើម្បីយុទ្ធសាស្រ្ត ផែនការត្រួតត្រាដោយប្រយោល នៃមនោគមន៍វិជ្ជាត្រួតតា្រ យើងមើលឃើញប្រទេសលាវ ជាគំរូស្រាប់ ក្រោមអាណានិគមប្រយោល នៃប្រទេសយួន អីហ្នឹង ។ អ៊ីចឹងហើយអាទាំងអស់នេះហើយ ដែលក្នុងនាមយើងជាខ្មែរម្នាក់ដែរ ជាអ្នកនយោបាយម្នាក់ យើងចង់ឃើញខ្មែរមានរឹងមាំឡើងវិញ ខ្មែរបង្ហាញនូវសុចរិតភាពឲ្យគ្នា បង្ហាញនូវភាពមិនជិះជាន់ មិនបៀតបៀន មិនបំផ្លាញតែខ្មែរគ្នាឯង ហើយយើងរើសអើង សត្រូវបងប្អូនឯង ដោយមិនបញ្ចប់នូវវប្បធម៌ មានអញ អត់ឯង មានឯង អត់អញ វប្បធម៌ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ។ អ៊ីចឹងយើងអត់ចង់ឲ្យឃើញអាគំរូដ៏អាក្រក់ គំរូនៃការបែកបាក់ ធ្វើឲ្យខ្មែរខ្សោយ ជារៀងរាល់សតវត្សរ៍ រាល់ជំនាន់មកនោះទេ គឺសុំឲ្យអ្នកដឹកនាំជំនាន់ចាស់ ជាគំរូដល់អ្នកដឹកនាំជំនាន់ថ្មី បន្តដល់កូនចៅយើងជំនាន់ក្រោយទៅទៀត ក្នុងការបង្ហាញនូវភាពសាមគ្គី ស្មារតីជាតិនិយម ធ្វើម៉េចទប់ស្កាត់ មានន័យថា ការពារ ខ្មែរស្រលាញ់ខ្មែរ ខ្មែរការពារខ្មែរ ខ្មែរជួយខ្មែរ ដោយឈរលើគោលការណ៍គោរពនីតិរដ្ឋ ហើយរួមដៃគ្នាកសាងជាតិ អភិវឌ្ឍន៍ប្រទេសជាតិរឹងមាំ ក្លាហាន រុងរឿង​ ប្រកបទៅដោយអ្វីដែលខ្មែរធ្លាប់លេចធ្លោជាមហាចក្រនគរ តែកុំឲ្យខ្មែរបាត់បង់នូវទឺកដី រលាយបាត់សូន្យដូចប្រទេសចម្ប៉ា អីជាដើមហ្នឹង អាហ្នឹងហើយជាការមើលឃើញរបស់ខ្ញុំ “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់មាជ សុវណ្ណារ៉ា បានធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍ បានជ្រើសរើសយកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ជាថ្ងៃជំនុំជម្រះសំណុំរឿងចោទប្រកាន់លោក កឹម សុខា ពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ជាថ្មី បន្ទាប់ពីខកខានការជំនុំជម្រះអស់រយៈពេលជិត២ឆ្នាំ ដែលសវនាការចុងក្រោយ បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៤។

បើតាមសហមេធាវីការពារក្ដីទាំង៤រូប របស់លោកកឹម សុខា បានឲ្យដឹងថា ការជំនុំជម្រះសាជាថ្មីនេះ ជាការជំនុំជម្រះលើកទី១៣ នៅសាលាឧទ្ធរណ៍ភ្នំពេញ។ សវនាការនេះ ធ្វើឡើងតាមបណ្ដឹងរបស់កូនក្ដី ដែលប្រឆាំងជំទាស់ទៅនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត ហាមឃាត់មិនឱ្យទាក់ទងជាមួយនរណាម្នាក់ ដោយគ្មានការអនុញ្ញាតពីតុលាការ ក្រៅពីសមាជិកគ្រួសារ ។

ដោយឡែក យោងតាមដីកាកោះ របស់មហាអយ្យការអមសាលាឧទ្ធរណ៏ភ្នំពេញ ចុះថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក មាស សុភក្ដិ អគ្គព្រះរាជអាជ្ញារង បានបញ្ជាក់ថា “ យើង មាស សុភក្តិ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បង្គាប់មកឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលមកកាន់សាលាឧទ្ទរណ៍ភ្នំពេញ នៅបន្ទប់សវនាការទី ១ ជាកំណត់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត ៤៤៣ នៃក្រមព្រហ្មទណ្ឌ “ ។

ក្រុមប្រឹក្សាជំនុំជម្រះទី១១នេះ មានសមាសភាពចំនួន៨រូប រួមមាន ១. លោក ស៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា ។ ២. លោក ឃុន សូណា ចៅក្រមប្រឹក្សា ។ ៣. លោក ឌុច សុខសារិន ចៅក្រមប្រឹក្សា ។ ៤. តំណាងមហាអយ្យការ លោក មាស សុភក្តិ អគ្គព្រះរាជអាជ្ញារង ។ ៥. លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង ៦. ក្រឡាបញ្ជីសវនាការ លោកស្រី ណាត ស្រីនុច ៧. លោក យឹម ទិវា ៨. កញ្ញា វ៉ា ដានីត ។

ក្រៅពីដីកាកោះជនជាប់ចោទឲ្យចូលសវនាការ មហាអយ្យការអមសាលាឧទ្ធរណ៏ភ្នំពេញ ក៏បានធ្វើលិខិតអញ្ជើញមេធាវីការពារក្ដីជនជាប់ចោទ ឲ្យចូលរួមផងដែរ ។ ក្នុងចំណោមមេធាវីទាំងនោះ រួមមាន លោកស្រី ម៉េង សុភារី អត្តលេខ៣០៤ មានអាសយដ្ឋាន ផ្ទះលេខ៥០B ផ្លូវលេខ ២១១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជុំវិញសវនាការសាលាឧទ្ធរណ៍ សម្រាប់អ្នកនយោបាយប្រឆាំង និងអតីតសហការីលោកកឹម សុខា មានជំនឿថា អាចនឹងមានភាពល្អប្រសើរច្រើនជាងមុន សម្រាប់ការផ្ដល់យុត្តិធម៌ដល់លោកកឹម សុខា  ឬអាចនឹងទទួលបានការលើកលែងទោស ដែលជាផ្នែកមួយនៃការរួបរួមជាតិ អំឡុងពេលរងការឈ្លានពានពីសត្រូវបរទេស។ ជាពិសេសដោយសារលោកកឹម សុខា មានអាយុច្រើន កំពុងមានរាងកាយចាស់ជរា និងកំពុងប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា ដើម្បីកាត់បន្ថយអារម្មណ៍មិនល្អផ្សេងៗផងនោះ មជ្ឈដ្ឋានទាំងនោះ លើកឡើងថា គួរតែផ្ដល់សេរីភាពឲ្យគាត់ពេញលេញឡើងវិញ មានឱកាសចូលរួមចូលឆ្នាំថ្មីនឹងគេ នៅឆ្នាំនេះ ។

លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ថា ព្រឹត្តិការណ៍សវនាការលើរឿងក្ដីលោកកឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ មិនត្រឹមតែជាដំណើរការតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ការចង់ឃើញនូវដំណោះស្រាយប្រកបដោយសន្តិវិធី និងការវិលត្រឡប់មករកភាពរលូននៃបរិយាកាសនយោបាយ គឺជាបំណងប្រាថ្នាពិតរបស់រាស្ត្រ។ ក្នុងនាមជាកូនខ្មែរ យើងពិតជាចង់ឃើញរូបភាពនៃការរួបរួម ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនប្រកបដោយក្តីសង្ឃឹម និងយុត្តិធម៌។ សន្តិភាព និងស្ថិរភាព ដែលកើតចេញពីការយោគយល់រវាងខ្មែរ និងខ្មែរ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតនៃមាតុភូមិកម្ពុជាយើង ។

គួរ​រំលឹកថា​ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០១៧។ ប្រមាណ៣ខែក្រោយមក គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រជិតកន្លះនគរ ត្រូវបានតុលាកំពូលរំលាយ ដែលចោទថាលោក កឹម សុខា ប្រធានគណបក្ស បានចូលដៃជាមួយសហរដ្ឋអាមេរិក ចង់ផ្តលរំលំរដ្ឋាភិបាលកម្ពុជា។

ទោះជាយ៉ាងណាក្តី សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចាត់ទុកសាលក្រមផ្តន្ទាទោសលោក កឹម សុខា ថា ដើម្បីបំបិទសំឡេងលោក កឹម សុខា ដោយផ្អែកលើបទសមគំនិតប្រឌិត ដែលជាការបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ។ បន្ថែមលើនេះ អាមេរិក បានចាត់ទុកការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាកាសល្អមួយ ៕

RELATED ARTICLES