ភ្នំពេញ ៖ ស្រីស្រស់ យ៉ាង ចាន់រតនា បានលេចមុខច្រៀងនៅផលិតកម្ម Gen Musix ចាប់ដៃជាមួយតារាចម្រៀង ថុល សុភិទិ និងអាយរីស (Iris) តាមរយៈបទ «ត្រូវការទាំង២» ដែលទឹកដមសំឡេងរបស់នាង នៅតែក្រអួនក្រអៅ ហើយអាចបត់បែនជាមួយដៃគូណាក៏បាន។ មានព័ត៌មានថា ចាន់ រតនា បានក្លាយជាសមាជិកថ្មី របស់ Gen Musix ដែលជាផលិតកម្មសាខារបស់ហង្សមាស ជាផ្លូវការហើយ ។ ប៉ុន្ដែក្នុងជំនួបជាមួយ «នគរធំ» កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ចាន់ រតនា ប្រកាសថា នាងនៅតែជាតារាចម្រៀងឯករាជ្យ គ្មានកុងត្រាជាមួយផលិតកម្មណាទាំងអស់ ។

យ៉ាង ចាន់រតនា វាចាថា «ខ្ញុំមិនបានកុងត្រាជាមួយ Gen Musix ទេ ប៉ុន្ដែខាងគាត់ ហៅឲ្យថតបទចម្រៀង ខ្ញុំពេញចិត្តក្នុងការច្រៀងឲ្យផលិតកម្មនេះ ។ ខ្ញុំទើបតែថតឲ្យផលិតកម្មគាត់បានតែមួយបទទេ ហើយរាល់ថ្ងៃ ខ្ញុំនៅតែជាតារាចម្រៀងឯករាជ្យ អាចថតច្រៀងឲ្យផលិតកម្មណាក៏បានដែរ»។

យ៉ាង ចាន់រតនា ថាអំឡុងនាងជាតារាចម្រៀងគ្មានផលិតកម្មនេះ នាងផលិតបទចម្រៀងខ្លួនឯង ប៉ុន្ដែការចេញ គឺមិនបានទៀងទាត់ឡើយ ។ នាងថា ការចាប់ដៃគូជាមួយលោកថុល សុភិទិ ស៊ីសង្វាក់គ្នាបានល្អ ទោះជានោះជាលើកទី១ ប៉ុន្ដែកន្លងមក ធ្លាប់បានជួបគ្នាតាមឆាកតន្ត្រីនានាដែរ ខណៈដែល Iris ជាសិស្សច្បងនាង។ ប៉ុន្ដែខាងផលិតកម្ម នៅមិនទាន់ហៅនាងឲ្យច្រៀងបទថ្មីៗទៀតទេ ពោលគឺទើបតែថតបានមួយបទ ហើយចាប់ដៃជាមួយភិទិ និងអាយរីស ជាលើកទី១។

យ៉ាង ចាន់រតនា ចេះច្រៀងតាំងពីតូច ធ្លាប់ប្រលងចម្រៀងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ តែមិនអាចយកឈ្នះទេព ពិសិដ្ឋ បានឡើយ ខណៈដែលចាន់ រតនា ក៏ធ្លាប់ប្រកួតកម្មវិធីប្រលងចម្រៀង Beat The Best រដូវកាលទី២ ដោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែចាញ់លីន សោម៉ា ដែលក្លាយជាម្ចាស់ពាន ។

ឆ្លើយតបសំណួរថា តើយ៉ាង ចាន់រតនា មានគម្រោងចូលប្រលងចម្រៀងនៅកម្មវិធីផ្សេងៗទៀត ដើម្បីសម្រេចក្ដីសុបិនក្លាយជាម្ចាស់ពាន ឬអត់? ស្រីស្រស់ថា នាងអត់ចង់ចូលប្រលងចម្រៀងកម្មវិធីថ្មីណាទៀតទេ ព្រោះការប្រលង ២កម្មវិធីកន្លងទៅនោះ ធ្វើឲ្យនាងទទួលបានបទពិសោធន៍ច្រើនដែរហើយ ខណៈនាងក៏គ្មានការអាក់អន់ស្រពន់ចិត្តរឿងមិនឈ្នះពាននោះដែរ ។


យ៉ាង ចាន់រតនា ត្រូវបានទស្សនិកជនមើលឃើញថា នាងអាចច្រៀងបានជាច្រើនទម្រង់ ហើយសំឡេងពីរោះ តាំងពីនៅតូច ។ ទោះជាមិនទាន់ឈ្នះពានណាមួយ តែបច្ចុប្បន្ន ចាន់ រតនា មមាញឹកជាមួយអាជីពចម្រៀង ដោយឡើងឆាក Concert ធំៗ របស់ហង្សមាស ជាបន្ដបន្ទាប់ ហើយក៏ជាតារាចម្រៀងតាម Pub នានា នៅភ្នំពេញ ជាច្រើនទីតាំងផងដែរ ។ មហាជនថា បើចាន់ រតនា បន្ដចាប់ដៃជាមួយថុល សុភិទិ ចេញបទថ្មីៗថែមទៀតនោះកេរ្ដិ៍ឈ្មោះនាង នឹងល្បីជាងនេះជាមិនខាន ព្រោះមានសមត្ថភាពដូចគ្នា មិនដូចអំឡុងនាងចាប់ដៃជាមួយលោកខេមរៈ សិរីមាស នោះទេ ដែលពេលនោះ អ្នកស្ដាប់ថា សំឡេងនាងនិងសិរីមាស អត់ស៊ីគ្នា សូម្បីតែបន្ដិច ព្រោះនាងច្រៀងខ្លាំងជាងដៃគូឆ្ងាយពេក៕


