ភ្នំពេញ ៖ សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ម្នាក់ ដែលមានសញ្ជាតិខ្មែរ ឈ្មោះលី សុង (LI XIONG) ដែលជាកូនចៅសំខាន់ម្នាក់ របស់បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ក្រុមចេន ហ្ស៉ី) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រយុទ្ធប្រឆាំងនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ឈ្មោះលី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋប្រជា មានិតចិន ដើម្បីបន្តនីតិវិធី ។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែកតាមកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើនខែ កន្លងមក។
ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឈ្មោះលី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មុនបញ្ជូនទៅសាធារណរដ្ឋប្រជា មានិតចិន៕