Thursday, February 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់គ្នាដណ្តើមស្រី ជាប់ខ្នោះ៣

កាប់គ្នាដណ្តើមស្រី ជាប់ខ្នោះ៣

ខេត្តបាត់ដំបង ៖ ក្មេងទំនើង ចំនួន២ក្រុម បានកើតមានជម្លោះនឹងគ្នារឿងគំនុំស្នេហា (ដណ្តើមស្រី) រហូតចងជាគំនុំ តាមសងសឹកដេញកាប់ចាក់គ្នាទាំងកណ្តាលយប់ នៅសួនច្បារកណ្តាលក្រុងបាត់ដំបង លុះក្រោយមកកម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនភាគីម្ខាង បានចំនួន៤នាក់ (ដោះលែងម្នាក់វិញ ដោយសារជាអនីតិជន) ចំណែកគូបដិបក្ខម្ខាងទៀត ដែលមានគ្នារាប់សិបនាក់ កំពុងរត់គេចខ្លួន។ករណីអំពើហិង្សាបង្កឡើងដោយក្រុមក្មេងអន្ធពាល កាប់គ្នាដណ្តើមស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវខាងមុខសួនច្បារសម្តេច ស ខេង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្រុមក្មេងទំនើង ចំនួន៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះង៉ែត មិនា អាយុ១៦ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២-ឈ្មោះជឹម ណាវីន ហៅញ៉ែប អាយុ១៦ឆ្នាំ រស់នៅភូមិច្រាប វាល ឃុំអន្លង់វិល ស្រុកសង្កែ។ ទី៣-ឈ្មោះលីន វិច្ឆិកា អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និងទី៤-ឈ្មោះនឿត វិសាល អាយុ១៣ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ជន សង្ស័យរូបនេះ ត្រូវបានដោះលេងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារជាអនីតិជន)។

យោងតាមរបាយការណ៍របស់លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា អំពើហិង្សាដែលពួកក្មេងអន្ធពាល ចំនួន២ក្រុម ដេញកាប់និងវាយគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវខាងមុខសួនច្បារសម្តេច ស ខេង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយភាគីម្ខាងៗមានបក្ខពួករហូតជាង១០នាក់ និងប្រើដាវ កាំបិត ដុំថ្ម និងដំបង ជិះម៉ូតូប្រដេញកាប់និងគប់គ្នាយ៉ាងអនាធិបតេយ្យ ផ្អើលអ្នកលក់ដូរពេលយប់។ ប៉ុន្តែក្រោយពីទទួល បានព័ត៌ មាននេះ នៅរសៀលថ្ងៃដដែល កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនភាគីម្ខាង បានចំនួន៤នាក់ ហើយនៅសល់ជាច្រើននាក់ទៀតកំពុងលាក់ខ្លួន។

តាមប្រភពសមត្ថកិច្ច ជនអន្ធពាលទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ស្ថិតក្នុងភាគីម្ខាង (ក្រុមទី១) ដែលមានបក្ខពួកមិនតិចជាង ១០នាក់ឡើយ ខណៈគូបដិបក្ខម្ខាងទៀត (ក្រុមទី២) ដែលកំពុងរត់គេចខ្លួន ក៏មានបក្ខពួកមិនតិចដែរ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ទាំង៤នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន បានប្រាប់ថា ជម្លោះរបស់ពួកគេ បានផ្តើមចេញពីរឿង “ដណ្តើមស្រី” ដែលបានកើកឡើងយូរដែរហើយ។ ពួកគេនិយាយថា រឿងដណ្តើមស្រីនេះ មិនដាច់ស្រេច រហូតក្លាយជាគំនុំ តាមសងសឹក មិនចេះចប់ វាងពួកគេ (ក្រុមទី១) ជាមួយនឹងភាគីម្ខាង ទៀត (ក្រុមទី២)។ ប៉ុន្តែនៅយប់កើតហេតុនេះ បើតាមក្រុមទី១ នេះ បានទទួលស្គាល់ថា ពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូទៅគប់ក្រុមទី២ មុន ពេលនឹកឃើញគំនុំចាស់។ លុះពួកខ្លួនជិះដកថយត្រឡប់មកអង្គុយជុំគ្នា នៅម្តុំលក់មីឆា ខាងលើ ស្រាប់តែបន្តិចក្រោយមក ក្រុមទី២ បាននាំគ្នាជិះម៉ូតូមក ទាំងហ្វូង ប្រដាប់ដោយដំបង កាំ បិត និងដាវ បានចុះមកដេញកាប់ក្រុមខ្លួនវិញ ផ្អើលរត់ចែកជើងគ្នាទាំងកណ្តាលយប់ ហើយក្រុមនោះបានជិះរត់បាត់អស់ទៅ។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ក្រោយកើតហេតុ លោកស្នងការបានចេញបញ្ជាភ្លាមៗ ឱ្យកម្លាំងជំនាញរបស់លោក សហការជាមួយការិយាល័យជំនាញ និងកម្លាំងតាមបណ្តាស្រុកពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនភាគីម្ខាងបានចំនួន ៤នាក់ តែមានម្នាក់ស្ថិតក្នុងវ័យអនីតិជន ត្រូវបានដោះលែងវិញ ជាបណ្តោះអាសន្នក្រោយសាកសួរ ហើយនៅសល់ ៣នាក់ ត្រូវលោកស្នងការខេត្ត បញ្ជាឱ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ចំពោះក្រុមក្មេងអន្ធពាលនៅសល់ជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES