ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានធ្វើសកម្មភាពវះកាបូបលួចលុយរបស់បុរសម្នាក់ ដែលចូលរួមមើលកម្មវិធីការប្រគំតន្ត្រី នៅកោះពេជ្រ ត្រូវជនរងគ្រោះ សហការជាមួយសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ បានភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីវះកាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចការប្រគំតន្ត្រី កោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ រហូតមកដល់វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃដដែល ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ នៅចំណុចគល់ស្ពានភ្លោះកោះពេជ្រ។
ជនរងគ្រោះ ឈ្មោះឡុង សត្យា ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកលុយដែលបាត់ ចំនួន ៨០០ដុល្លារ និងជាង ៦០ម៉ឺនរៀល (ដាក់ក្នុងកាបូបលុយ)។
ជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្ត្រីជាប្រពន្ធ មានឈ្មោះ ជា ស្រីម៉ី អាយុ ៣២ឆ្នាំ និងបុរសជាប្តី មានឈ្មោះ វីត អាយុ៣៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ជនរងគ្រោះបានចូលទៅកន្លែងប្រគំតន្ត្រី នៅកោះពេជ្រ ហើយមានជនសង្ស័យ ២នាក់ប្តីប្រពន្ធ បន្លំមកវះកាបូបស្ពាយចំហៀង ពណ៌ខ្មៅ លួចយក លុយក្នុងកាបូប អស់ចំនួន៨០០ដុល្លារ និង ៦៥ម៉ឺនរៀល រួចគេច ខ្លួនបាត់ ។ ក្រោយពេលដឹងថាត្រូវចោរលួចលុយអស់ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យខាងលើ។
លុះដល់វេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃដដែល សមត្ថកិច្ចសហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យបាន នៅបរិវេណកោះពេជ្រ ដែលកំពុងដើរលួចសម្ភារៈប្រជាពលរដ្ឋដែលចូលមើលការប្រគំតន្ត្រី ក្នុងបរិវេណកោះពេជ្រ យកមកសាកសួរ។
ក្នុងនោះសមត្ថកិច្ចបានដកហូតលុយរបស់ជនរងគ្រោះដែលជនសង្ស័យលួចបាន ប្រគល់ឱ្យជនរងគ្រោះវិញ។ រីឯជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សាកសួរ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕