ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (Ministry of Foreign Affairs and International Cooperation) បានចេញសេចក្ដីប្រកាសព័ត៌មាន បន្តតវ៉ាជំទាស់ជាផ្លូវការ ប្រឆាំងនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ជាបន្តបន្ទាប់ ដែលជាការ រំ លោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ការចេញមកតវ៉ាជំទាស់ជាផ្លូវការ សាជាថ្មីនេះ កម្ពុជា បានធ្វើឡើងក្រោយទទួលបានព័ត៌មានច្បាស់ការថា មានទីតាំង ចំនួន៧ ដែលថៃ បន្តសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ជាច្រើនកន្លែង ។ ទីតាំងទាំងនោះ រួមមាន តំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ តំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ នៅភូមិថ្មដូន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ តំបន់អានសេះ តាសឹម ចាក់ច្រែង ភ្នំទ្រព្យ និងតំបន់តាថាវ ខេត្តព្រះ វិហារ ព្រមទាំងតំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។
រាជរដ្ឋាភិបាលកម្ពុជា អះអាងថា តំបន់ទាំង ៧ទីតាំងនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១/២០០ ០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្រប តាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ ដូច្នេះជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវគ្រប់សកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយកម្ពុជា ចង់ឃើញភាគីថៃ ងាកទៅគោរពឲ្យពេញលេញនូវសេចក្តីប្រកាសរួមដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រម ព្រៀងទ្វេភាគីផ្សេងៗទៀត ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ៤១/២០២៦ កបទ/សអ ចុះថ្ងៃអង្គារ ទី១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “កម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាននិងការកាន់កាប់ទឹកដីដោយខុសច្បាប់ ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម ៖
-នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានបើប្រាស់គ្រឿងចក្រធុនធ្ងន់ ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។
-នៅតំបន់មុំបី ខេត្តព្រះវិហារ ម្ដុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធផងដែរ។
-នៅភូមិថ្មដូន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិច នៃតំបន់ដំណាក់ស្ដេច។
-នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្ដុំច្រកទ្វារព្រំដែនអន្តរជាតិ អានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធ មួយអង្គ។
-នៅតំបន់តាថាវ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួន នៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា រួមទាំងម្ដុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។
-នៅតំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឆាយដី និងសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។
-កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធ មួយចំនួន នៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។

តំបន់ទាំងនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១/២០០ ០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សកម្មភាពខាងលើ គឺជាការរំលោភបន្ថែមទៀត លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែងនិងបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានកាត់បន្ថយភាពតានតឹង) នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបានរៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ចៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀត នៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាងប្រទេសទាំងពីរ ឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាកររបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្តេជ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ព្រំដែន មិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ“ ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ កម្ពុជា ក៏បានតវ៉ាជាផ្លូវការនិងជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្ម ភាពខុសច្បាប់ ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួន តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែង ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានសាងសង់និងជីកកកាយខុសច្បាប់ នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះ បានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារ ទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូប ធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជា ឱ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធប្បដិមា ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់ និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលនៅទីនោះ កងកម្លាំងថៃ បានដំឡើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពភាគីថៃ ដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ទាំងនេះ គឺផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌ សីមាព្រំដែនគោក ដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានការប្រែប្រួលរូបរាងឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ សកម្មភាពទាំងនេះ ក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនជនរួមជាតិ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការ នូវរាល់សកម្មភាពទាំងឡាយ ដែលកងកម្លាំងថៃ បំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយមិនរំលងសូម្បីតែមួយករណីណាឡើយ។ ការតវ៉ានេះ គឺជាភ័ស្តុតាងដែលមានតម្លៃគតិយុត្ត ដើម្បីបញ្ជាក់ប្រាប់ភាគីថៃ ថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិ មកលើបូរណភាពទឹកដីកម្ពុជា។ ការតវ៉ានេះ ក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិ ដើម្បីដឹងឮពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ របស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើយ៉ាងសកម្ម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនជាថ្មីថា កម្ពុជា ប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាត ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុ សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ កម្ពុជា មិនទទួលស្គាល់ដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕