ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូល បានប្រកាសសាលដីកា សម្រេចដកសិទ្ធិពលរដ្ឋ រួមមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណ បក្សកម្លាំងជាតិ រយៈពេល ៥ឆ្នាំ និងតម្កល់សាលក្រមតុលាការឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ពីបទញុះញង់ តែបន្ថយមកត្រឹមដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ តែទោសនោះ ត្រូវព្យួរ និងត្រូវបានហាមប្តូរលំ នៅដ្ឋាន ឬចាកចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួមជួបជុំជាសាធារណៈផងដែរ ។

សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទចោទញុះញង់ និងបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ រយៈ ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ រីឯសាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូង ទុកជាបានការ ហើយបានបន្ថែមទោសមិនឱ្យលោ កធ្វើនយោបាយ ជាអចិន្រ្តៃយ៍ ។ ប៉ុន្តែដោយមិនសុខចិត្តនឹងកាសម្រេចរបស់សាលាឧទ្ធរណ៍ លោក រ៉ុង ឈុន តាមរយៈមេធាវី បានប្ដឹងសាទុក្ខ ទៅតុលាការកំពូល ហើយតុលាការកំពូល កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបើកសវនាការករណីលោក រ៉ុង ឈុន តាមការគ្រោងទុក និងបានកំណត់យកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃប្រកាសសាលដីកា សម្រាប់ករណីនេះ ។

នៅថ្ងៃបើកសវនាការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំនៅខាងក្រៅតុលាការកំពូល ទាមទារឱ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន ទាំងអស់។ ដោយឡែក នៅថ្ងៃប្រកាសសាលដីកា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក រ៉ុង ឈុន មិនបានចូលស្ដាប់ការប្រកាសសាលដីកា របស់តុលាការកំពូល នោះទេ គឺលោកបានរៀបចំឱ្យអ្នកតំណាង ចំនួន៥នាក់ ទៅស្ដាប់ជំនួស រួមនិងមេធាវី។ រីឯរូបលោក និងអ្នកគាំទ្រ ជាង៦០០នាក់ នៅរង់ចាំស្ដាប់លទ្ធផល នៅខាងក្រៅតុលាការ នៅមុខសួនវត្តបទុមវតី រាជធានីភ្នំពេញ ដោយលោកបានអង្គុយសមាធិ ស្មឹងស្មាធ ចំណែកអ្នកគាំទ្រ បានលើកបដា សរសេរពាក្យខ្លីៗថា «តុលាការកំពូល ត្រូវទម្លាក់បទចោទមកលើលោក រ៉ុង ឈុន», «តុលាការកំពូល ត្រូវផ្តល់យុត្តិធម៌ដល់លោក រ៉ុង ឈុន, «ផ្ដល់សេរីភាពដល់លោក រ៉ុង ឈុន គឺជាការបង្ហាញអំពីសាមគ្គីភាពនិងឯកភាពជាតិ»។

ទោះបីយ៉ាងណា តុលាការកំពូល បានប្រកាសសាលដីកា សម្រេចផ្ដន្ទាទោសលោករ៉ុង ឈុន ដាក់ពន្ធនាគារ ៤ឆ្នាំ ព្យួរទោសសាកល្បង ៣ឆ្នាំ ហាមផ្លាស់ប្តូរលំនៅក្រៅពីរាជធានីភ្នំពេញ ដកសិទ្ធិពលរដ្ឋ សិទ្ធិឈរឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោត ព្រមទាំងសិទ្ធិធ្វើនយោបាយ រយៈពេល ៥ឆ្នាំ រួមទាំងហាមជួបជុំ ថ្លែងសារនយោ បាយនានា ។

ជុំវិញការសម្រេចរបស់តុលាការកំពូល ខាងលើនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលមុននេះ សង្ឃឹមថា លោក រ៉ុង ឈុន អាចនឹងមានសេរីភាពឡើងវិញនោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ថា ការដែលតុលាការកំពូល សម្រេចដកសិទ្ធិធ្វើនយោបាយ ពីលោក រ៉ុង ឈុន ៥ឆ្នាំ ហើយបន្ថយទោសព្យួរ មកនៅបីឆ្នាំ យើងមិនមានយោបល់អីទេ ព្រោះវាជានីតិវិធីរបស់ចៅក្រម ប៉ុន្តែសម្រាប់លោកជាអ្នកនយោបាយ មើលឃើញថា រដ្ឋាភិបាល នៃបក្សកាន់អំណាច ក៏ដូចជាតុលាការ គួរតែបង្កើតនូវយន្តការអង្គហេតុ អង្គច្បាប់ណាមួយ ឲ្យមានយុត្តិធម៌ត្រឹមត្រូវ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិ អាចទទួលយកបាន ក្នុងន័យថា បើយើងចង់ផ្សះផ្សា បង្រួបបង្រួម ឯកភាពជាតិ អ្នកនយោបាយគ្រប់និន្នាការ ត្រូវតែមានសេរីភាពពេញលេញក្នុងការធ្វើនយោបាយ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “យើងដឹងហើយថា នេះវាជាហេតុផលនយោបាយ ។ អ៊ីចឹងករណីលោក រ៉ុង ឈុន ដែលត្រូវព្យួរសិទ្ធិនយោបាយ ប្រាំឆ្នាំ គឺថាជាហេតុផលមួយដែលយើងមើលឃើញអំពីការដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិ គេមើលទៅនឹងទំនាក់ទំនងថា តើបក្សកម្លាំងជាតិ ហ្នឹង វាចេញពីណាមក? ហើយឃើញការបែកបាក់កម្លាំងនៃអតីតគណបក្សលោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩៥ ពីគណបក្សជាតិខ្មែរ មកគណបក្សសម រង្ស៊ី មកគណបក្សភ្លើងទៀន ហើយបូកជាមួយគណបក្សសិទ្ធិមនុស្ស ចេញជាសង្គ្រោះជាតិ ពេលរំលាយសង្គ្រោះជាតិ ក៏ទៅជាភ្លើងទៀនវិញ ហើយលោក រ៉ុង ឈុន ក៏មានបញ្ហាការចោទប្រកាន់ពីតុលា ការ រឿងព្រំដែន រឿងអ្វីដែលជាហេតុផលនយោបាយ ក៏មានការបែកបាក់គ្នាពីទៀន ហែកមកកងកម្លាំងជាតិ ។ អ៊ីចឹងហើយយើងមិនមានការស៊ីជម្រៅណាថា តើរ៉ុង ឈុន ពាក់ព័ន្ធទៅនឹងបញ្ហាទោសព្រហ្មទណ្ឌ ឬក៏ជាហេតុ ផលនយោបាយ? អាហ្នឹងសុទ្ធតែជាការតាមដានរបស់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ តែរឿងព្យួរ រឿងសិទ្ធិធ្វើនយោ បាយ វាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញហើយ ពិសេស មាត្រា៣៥ នៅក្នុងជំពូកទីបី សិទ្ធិធ្វើនយោបាយ ដោយពេញលេញ គ្មានការគំរាមកំហែង បំភិតបំភ័យ បិទសិទ្ធិណា គឺថាក្នុងនាមជាប្រជាពលរដ្ឋ ទាំងពីរភេទ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែសម្រាប់ហេតុផលនយោបាយ យើងឃើញទាំងអស់គ្នា ហើយទោះបីថា តុលាការ ចេញមកបិទសិទ្ធិបិទអី អាហ្នឹងវាមិនដឹងថា យើងគិតមើល តើវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ឬក៏ជាហេតុផលនយោ បាយ នៃសម្ពាធឥទ្ធិពលបក្សកាន់អំណាច? អាហ្នឹងក៏យើងមិនអាចទៅធ្វើការចោទប្រកាន់ទេ ព្រោះវាជាអំណាច ឆន្ទានុសិទ្ធិនៃអង្គចៅក្រម នៃការសម្រេចរបស់យុត្តាធិការនៃនីតិតុលាការ» ។

លោក មាជ សុវណ្ណារ៉ា បន្តថា «អ៊ីចឹងខ្ញុំក្នុងនាមជាអ្នកបាយ ជាប្រធានគណបក្សជំនាន់ថ្មី យើងមានការសោក ស្ដាយនូវការបិទសេរីភាពធ្វើនយោបាយ ដោយភាពអយុត្តិធម៌ ។ អ៊ីចឹងយើងចង់ឃើញលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសគណបក្សនយោបាយ ហើយក្លាយជាអ្នកនយោបាយ ឬក៏បង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នា ក្នុងទីលានប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ។ អានេះជាការមើលឃើញរបស់ខ្ញុំ ហើយការដាក់ក្ដីសង្ឃឹម យើងយើងសង្ឃឹមចង់ឃើញអ្នកនយោបាយ កុំឲ្យមាននិន្នាការវាយប្រហារគ្នា បិទសិទ្ធសេរីភាព មិនឲ្យមានការប្រកួតប្រជែង ស្មើមុខស្មើមាត់ សេរីភាពក្នុងការចូលរួមប្រកួតប្រជែងដោយសេរីយុត្តិធម៌ ត្រឹមត្រូវ អាចទទួល យកបាន ហើយមានតម្លាភាព គណនេយ្យភាព សុចរិតភាពនយោបាយ ដើម្បីប្រកួតប្រជែងគ្នានៅក្នុងរបបសេរីពហុបក្ស ។ អ៊ីចឹងការដែលតុលាការកំពូល សម្រេចដកសិទ្ធិធ្វើនយោបាយ ពីលោក រ៉ុង ឈុន ប្រាំឆ្នាំ ហើយបន្ថយទោសព្យួរ មកនៅបីឆ្នាំ អាហ្នឹងយើងមិនមានយោបល់អីទេ ព្រោះអាហ្នឹងវាជានីតិវិធីរបស់ចៅក្រម ទៅតាមការសម្រេចដោយឆន្ទានុសិទ្ធិនៃអង្គចៅក្រម ក្រុមប្រឹក្សាជំនុំជម្រះ ។ សម្រាប់ខ្ញុំជាអ្នកនយោបាយ ហើយខ្ញុំមើលឃើញថា រដ្ឋាភិបាលនៃបក្សកាន់អំណាច ក៏ដូចជាតុលាការ គួរតែបង្កើតនូវយន្តការអង្គហេតុ អង្គច្បាប់ណាមួយ ឲ្យមានយុត្តិធម៌ត្រឹមត្រូវ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបាន ក្នុងន័យថា បើយើងចង់ផ្សះផ្សា បង្រួបបង្រួម ឯកភាពជាតិ គឺថា អ្នកនយោបាយគ្រប់និន្នាការ គឺថា មានសេរីភាពពេញលេញក្នុងការធ្វើនយោបាយ ហើយក្នុងការចូលរួមប្រកួតប្រជែងគ្នា ក្នុងទីលានប្រជាធិបតេយ្យ ប្រាំឆ្នាំម្តង ក្នុងការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិ អីជាដើមហ្នឹង“ ៕ កុលបុត្រ


