ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់លោកបណ្ឌិតឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញចេញជនបរទេស សរុបចំនួន ១៥៥៦នាក់ (ស្រី២៧៨ នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។

ជនបរទេសទាំង ១៥៥៦នាក់ ដែលត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា មានចំនួន ២១សញ្ជាតិ រួម មាន ៖ កេនយ៉ា ប៉ូតង់ ប៉ាគីស្ថាន កូរ៉េ ឥណ្ឌា ចិន វៀតណាម បង់ក្លាដែស យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ជប៉ុន កាមេរូន ហ្វីលីពីន មីយ៉ាន់ម៉ា នីហ្សេរីយ៉ា តុងហ្គោ ចិនតៃវ៉ាន់ ទួកមេនីស្ថាន នេប៉ាល់ ស្រីលង្កា និងម៉ាឡេស៊ី។

ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់ (ស្រី១៨៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបណ្តេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។ ចំណែកជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្តេញចេញជនបរទេស ខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេ កវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕