ភ្នំពេញ ៖ ខណៈដែលលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) កំពុងជាប់ឃុំក្នុងផ្ទះ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” លោក ស៊ិន បូរ៉ាន់ មេអង្គរក្សលោក កឹម សុខា បានធ្លាក់ខ្លួនឈឺ ដាច់សរសៃឈាមខួរក្បាល កំពុងខ្វះថវិកាក្នុងការព្យាបាល ត្រូវបានអតីតសហការីលោក កឹម សុខា អំ ពាវនាវរកជំនួយ។

លោក សួន សួរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានក្រុមការងាររាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន បានអំពាវនាវតាមបណ្ដាញសង្គមថា លោកស៊ិន បូរ៉ាន់ (ហៅផល្លា) ជាមេអង្គរក្សលោក កឹម សុខា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ សព្វថ្ងៃកំពុងព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល់ (Stroke) អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្លាប់ស្គាល់គាត់ មេត្តាជួយគាត់តាមសទ្ធាក្នុងការព្យាបាលជំងឺគាត់ផង ។ ចំពោះលោក បានចូលរួមជួយគាត់ ១០០ដុល្លារ រួច ហើយ។
លោកសួន សូរីដា បានឲ្យដឹងថា មកដល់ពេលនេះ ជំងឺលោក ផល្លា បានធូរខ្លះហើយ ដោយលោកកំពុងស្នាក់នៅចម្ការរបស់លោក កឹម សុខា ប៉ុន្តែនៅតែត្រូវការថ្នាំសម្រាប់ព្យាបាលបន្ត ។

បន្ថែមលើការអំពាវនាវតាមបណ្ដាញសង្គម លោក សួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា “លោកផល្លា ជាមេអង្គរក្សលោក កឹម សុខា បានដាច់សរសៃឈាមខួរក្បាល ធ្វើឱ្យប៉ះពាល់ដល់ដៃជើង។ គាត់បានឈឺជំងឺនេះ ជិត២ឆ្នាំហើយ សព្វថ្ងៃនេះ គាត់ចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលនៅផ្ទះ គាត់ត្រូវការលេបថ្នាំ ជាប្រចាំ និងធ្វើការព្យាបាលដោយចលនា ពាក្យបច្ចេកទេសពេទ្យហៅថា Kinesitherapy និង physiotherapy ដែលត្រូវការថវិកា សម្រាប់ព្យាបាល។ ជាធម្មតាទេ ការងារជាមួយគណ បក្សប្រឆាំង គ្មានទេចំណូលថវិកា សមឥឡូវលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ឃុំទៀត ទើបធ្វើឱ្យគាត់កាន់តែលំបាក នៅពេលឈឺនេះ។ អាស្រ័យហេតុនេះ មានតែការអំពាវនាវដល់សប្បុរសជន ឬមិត្តភក្តិដែលធ្លាប់ស្គាល់គ្នា មេត្តាបរិច្ចាគជួយគាត់តែប៉ុណ្ណោះ“ ។
ជុំវិញការប្រកាសអំពាវនាវរបស់លោក សួន សូរីដា ដូចខាងលើនេះ លោក បោយ រើយ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោក កឹម សុខា បានចាត់ទុកការជួយនេះ ជាទឹកចិត្តដ៏ល្អថ្លៃថ្លា ហើយលោកអរគុណទឹកចិត្តនេះ ។
លោក បោយ រើយ បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លោក ផល្លា ប្រធានអង្គរក្សឯកឧត្តម កឹម សុខា មានជំងឺលើសឈាម ជាងមួយឆ្នាំហើយ ហើយខ្ញុំក៏បានអំពាវនាវរកជំនួយជូនគាត់ កាលពីកំពុងលំបាកខ្លះដែរ ។ ឥឡូវមានអ្នកនយោបាយទើបបានសញ្ជាតិអូស្រ្តាលី ម្នាក់ ដែលទើបធ្វើសកម្មភាពនយោបាយ បានជួយលោក ផល្លា 100$ និងអំពាវនាវឲ្យជួយបន្ថែមទៀត ។ សូមអរគុណទឹកចិត្តដែលជួយប្រធានអង្គរក្សឯកឧត្តម កឹម សុខា 100$ “ ។

គួររំលឹកថា លោក ស៊ិន បូរ៉ាន់ ហៅផល្លា គឺជាប្រធានអង្គរក្សផ្ទាល់របស់លោក កឹម សុខា ដែលបានដើរតាមលោកកឹម សុខា អស់រយៈពេល ៣០ឆ្នាំមកហើយ គឺតាំងពីលោក កឹម សុខា ចាប់ផ្ដើមប្រឡូកនយោបាយ ក្នុងនាមជាមេដឹកនាំបក្សប្រឆាំង ។ លោកគឺជាប្រធានក្រុមសន្តិសុខការពារសុវត្ថិភាពជូនលោកកឹម សុខា ក្នុងអំឡុងពេលជួបវិបត្តិនយោបាយ និងការឃុំខ្លួន។ ក្រុមអង្គរក្សរបស់លោក ធ្លាប់ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងសួរចម្លើយ នាពេលកន្លងមក ជាពិសេសជុំវិញករណីទាក់ទងនឹងលោក កឹម សុខា កាលពីឆ្នាំ២០១៣ និង ២០១៧។
ក្នុងនោះ កាលពីឆ្នាំ២០១៣ លោកនិងសហការីរបស់លោកម្នាក់ទៀត ត្រូវបានស្រ្តីម្នាក់ឈ្មោះ កែវ សុផាន់ណារី ដែលអះអាងថាជាប្រពន្ធចុងលោក កឹម សុខា បានចោទប្រកាន់ថា នាំគ្នាចោមរោមវាយនិងរុញច្រាន ប្រើហិង្សាលើអ្នកស្រីនិងម្ដាយ បណ្តាលឱ្យម្ដាយ រងរបួស ដួលសន្លប់ ដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត និងបន្តបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្នុងខណៈពេលដែលពួកគាត់ទាំង២នាក់ម្តាយនិងកូនព្យាយាមស្វែងរកជួបលោក កឹម សុខា ដែលកំពុងសំណេះសំណាលជាមួយអ្នកគាំទ្របក្ស កាលពីព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១២ នៅក្នុងភូមិទី៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីឱ្យលោកកឹម សុខា ទទួលខុសត្រូវលើប្រពន្ធនិងកូនទាំងពីរ ។
ជាមួយនឹងការចោទប្រកាន់ អ្នកស្រី កែវ សុផាន់ណារី ក៏បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុរលួយ ផងដែរ ហើយថែមបានប្រាប់ប្រធាន ACU ចំៗថា អង្គរក្សលោក កឹម សុខា ទាំងពីរនាក់ ទី១ ឈ្មោះ ថាល់ និងទី២ ឈ្មោះ ផល្លា ។
ទាក់ទងនឹងករណីអ្នកស្រី កែវ សុផាន់ណារី អះអាងថា លោកផល្លា និងអង្គរក្សលោកកឹម សុខា ម្នាក់ទៀត បានវាយអ្នកស្រី និងម្តាយរបស់អ្នកស្រី កាលពីខែមិថុនា ឆ្នាំ ២០១៣ នោះ ត្រូវបានលោកឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អាជ្ញាយុកាលនៃបទល្មើសនេះ នៅមិនទាន់អស់ សុពលភាពនៅឡើយទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ នឹងសរសេរជារបាយការណ៍ ស្នើទៅតុលាការ ឲ្យបើកការស៊ើបអង្កេតម្តងទៀត បន្ទាប់ពីករណីនេះ តុលាការធ្លាប់ទម្លាក់ការចោទប្រកាន់ម្តងហើយ។

ដោយឡែក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលមានការចាប់ខ្លួនលោកកឹម សុខា ពាក់ព័ន្ធនឹងបទ «ក្បត់ជាតិ» លោកផល្លា និងអង្គរក្ស ជាច្រើននាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរ ប៉ុន្តែត្រូវបានដោះលែងវិញ នៅថ្ងៃដដែលនោះ ខណៈដែលលោក កឹម សុខា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស» ៕