ភ្នំពេញៈ ក្រសួងធម្មការ និងសាសនា បានណែនាំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានលើកឡើងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើង ទាំងក្នុងនិងក្រៅ ប្រទេស តែងតែប្រារឰពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចោតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ ដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ និងសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះពរនិងប្រគេនពរ សម្តេច ព្រះមហាសង្ឃ រាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រាបបង្គំទូលថ្វាយ ព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយ ព្រះរាជកុសលដល់ព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងគោរពជូនពរសម្តេច ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងមាតា បិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យ បង្កើតបាននូវ មនោ សញ្ចោតនាគោរពស្រឡាញ់សាមគ្គីភាពស្និទ្ធស្នាល និងទទួល បានសព្ទសាធុការពរជ័យពីបុព្វការីជន និងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត ដូចតទៅ ៈ
– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង១០និង៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក។
– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត។
– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក។
ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាពសប្បាយរីករាយ និង រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្តត្រូវសហការ ជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុក ដាក់សម្អាត និងតុបតែងលម្អវត្ត អារាម ឱ្យស្រមតាម អភិក្រម ស៣ (វត្តស្អាត វត្តស្វាង វត្តស្ងប់) របស់ក្រសួងធម្មការនិង សាសនា សម្រាប់ វត្តអារាម ដោយរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហា ក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ ព្រមទាំងសហការជាមួយអា ជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
ណែនាំឱ្យគ្រប់វត្តអារាមរៀបចំឱ្យមានពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតដើម្បី បុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទី កន្លែង ដែលបានតម្កល់អដ្ឋិធាតុតាមបូជនីយដ្ឋាន និងតាមវត្តអារាមនានា។
ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបរិស័ទទូទៅបានធ្វើ បុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គ ឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាននូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោង ទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងប្រទីបផ្សេងៗ ដែលអាចបង្កឱ្យ មានគ្រោះអគ្គិភ័យ…៕