ភ្នំពេញ ៖ ក្រោយអ្នកគ្រូក្រមុំ វ័យក្មេងម្នាក់ សំពះសុំជំនួយព្យាបាលជំងឺខូចក្រលៀន របស់ខ្លួន ដែលគ្មានលទ្ធ ភាពរកប្រាក់ព្យាបាលដោយខ្លួនឯង សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសជាផ្លូវការ ទទួលរ៉ាប់រងលើរាល់ការចំណាយព្យាបាលជំងឺខូចតម្រងនោម (ក្រលៀន) របស់អ្នកគ្រូក្រមុំរូបនេះ ទាំងស្រុង។


គួរបញ្ជាក់ថា ថ្មីៗនេះ យុវតី ម៉ូវ សុផាន់ ហៅសិរីម៉ា អាយុ២៦ឆ្នាំ ជាកូនកំព្រាម្ដាយ ដែលទើបប្រឡងជាប់គ្រូកិច្ចសន្យា បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូច តាមលើបណ្តាញសង្គម ទៅកាន់លោកឧបនាយករដ្ឋ មន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចក្រលៀន (តម្រងនោម) ដំណាក់កាលចុងក្រោយ របស់នាងផង ដោយនាងបានរៀបរាប់ថា ក្រោយចេញបង្រៀន នៅខេត្តព្រៃវែង បានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ ហើយបានដាក់ច្បាប់ ចំនួន ៣ខែ ដោយសារជំងឺធ្វើទុក្ខរហូត និងកំពុងព្យាបាលជំងឺ ដោយលាងឈាម ចំនួន២ខែ មកហើយ ។

យុវតី ម៉ូវ សុផាន់ បានបញ្ជាក់តាមសំណេរនិងវីដេអូ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ថា “សូមគោរពដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងាសាធារ ណៈ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមផ្ដល់ក្ដីមេត្តាជួយសង្រ្គោះជីវិតក្មេងស្រីម្នាក់នេះផង ខ្ញុំទើបតែអាយុ២៦ឆ្នាំ មិនចង់លាងឈាមមួយជីវិតទេ។ ខ្ញុំទើបតែប្រឡងជាប់គ្រូកិច្ចព្រមព្រៀងថ្មីៗ ទើបតែបង្រៀនបាន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ ពេទ្យថា ខូចតម្រងនោម ដំណាក់កាលចុងក្រោយ។ ខ្ញុំ គ្រឿងកំប៉ុងក៏មិនសូវញុំា ស្រាក៏មិនដែលផឹកដែរ ដោយសារខ្ញុំរវល់តែរៀននិងធ្វើការ មិនបានតាមដានសុខភាពខ្លួនឯង ហើយពេលខ្ញុំកើតមក ម្ដាយបង្កើត ស្លាប់ចោល ទើបសុខភាពមិនសូវល្អ តាំងពីក្មេង។ ខ្ញុំចង់ទៅព្យាបាល វះកាត់ប្ដូរតម្រង នោម នៅឥណ្ឌា ប៉ុន្តែខ្ញុំនិងគ្រួសារ គ្មានលទ្ធភាពទៅបានទេ ព្រោះត្រូវចំណាយថវិកាច្រើនលើសលប់ពេក ។ សូមលើកម្រាមដៃដប់ សូមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងសប្បុរសជនទាំងអស់ ជួយដល់ខ្ញុំផង ដើម្បីខ្ញុំបានទៅជួបមុខកូនសិស្សម្ដងទៀត កូនសិស្សទាំង៣៧នាក់ កំពុងរង់ចាំខ្ញុំ បើខ្ញុំបន្តលាងឈាមរហូត មិនអាចទៅជួបពួកគាត់បានទេ ប្រសិនបើសប្បុរសជន ផ្ដល់ក្ដីមេត្តាជួយដល់ខ្ញុំ ខ្ញុំដូចកើតម្ដងទៀត“ ។

បន្ថែមលើសំណេរ និងវីដេអូ តាមបណ្ដាញសង្គម ខាងលើនេះ អ្នកគ្រូ ម៉ូវ សុផាន់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា កាលនៅរៀនសាកលវិទ្យាល័យ នាងប្រឹងតស៊ូរៀនផង ធ្វើការផង លំបាកណាស់ ត្រូវផ្គត់ផ្គង់ខ្លួនឯង ថែមទាំងជួយគ្រួសារតិចតួច។ ម្ដាយនាងជាអ្នកធ្វើស្រែ ឪពុកកម្មករគេ មួយថ្ងៃ រកកម្រៃបានត្រឹម ២០០០០រៀល ទៅ៣០ ០០០រៀលប៉ុណ្ណោះ នាងទើបចូលបង្រៀនបាន ៤ខែ ក៏ក្លាយជាបន្ទុកដល់ឪពុកថែមទៀត ព្រោះគាត់ខានធ្វើការ ១ខែជាងហើយ ព្រោះយកនាង ដើរព្យាបាលជំងឺ ។ កាលនៅរៀន នាងខំសន្សំសំចៃ ហូបចុកក្បិតក្បៀត បូករួមកើតមក ម្ដាយបង្កើតស្លាប់ចោល សុខភាពនាងមិនល្អ តាំងពីក្មេង ។ លុះឈានចូល ដល់វ័យ២៦ឆ្នាំនេះ ស្រាប់តែមានជំងឺខូចតម្រងនោម (ខូចក្រលៀន) ដែលជាជំងឺកាចសាហាវ និងការប្រាក់ច្រើននៅក្នុងការព្យាបាល ។ តាមពិត ជំងឺនេះ កើតយូរហើយ គ្រាន់តែនាងមិនបានចាប់អារម្មណ៍ ដោយដំបូងឡើយ នាងឈឺតិចតួច តែព្យាបាលមិនជា។ លុះពេលឈឺខ្លាំង ទៅពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យប្រាប់ថា ជំងឺខូចតម្រងនោមនេះ ចូលដល់ដំណាក់កាលចុងក្រោយ លាងឈាម ដែលធ្វើឲ្យនាងធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមខ្លាំងណាស់។ ប៉ុន្តែដោយសារតែធ្លាក់ខ្លួនឈឺ ទាំងវ័យក្មេងបែបនេះ នាងចង់រស់នៅបន្តទៀត ។ ខណៈដែលបច្ចុប្បន្ន បាននិងកំពុងលាងឈាម នៅមន្ទីរពេទ្យរុស្ស៊ី នាងក៏សម្រេចចិត្តបង្ហោះសារលើគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ឈ្មោះ “សិរី ម៉ា” ដោយអំពាវនាវយ៉ាងទទូចដល់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួយសង្គ្រោះជីវិតនាងផង ។

បន្ទាប់ពីការបង្ហោះសារអំពាវនាវដូចខាងលើនេះ អ្នកគ្រូ ម៉ូវ សុផាន់ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ អាណិតអាសូរពីមហាជនទេ តែនាងក៏ត្រូវបានសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចាត់លោក សេង ទៀង នាយករងខុទ្ទកាល័យ តាមរយៈស្វែងព័ត៌មានលម្អិតពីអ្នកគ្រូអភ័ព្វ ទាំងយប់ ហើយសម្ដេច បានប្រកាសតាមបណ្ដាញសង្គមថា សម្ដេច ទទួលរ៉ាប់រងក្នុងការព្យាបាលជំងឺអ្នកគ្រូក្រមុំអភ័ព្វនេះ ទាំងស្រុង ហើយថា ពេលនេះ មានពន្លឺហើយ បន្ទាប់ពីបានពិភាក្សាជាមួយប្រធានមន្ទីរពេទ្យកាល់ម៉ែត ។

សម្ដេច ហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុកផ្លូវការ របស់សម្ដេច នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ថា “មានបងប្អូនអ្នកចិត្តបុណ្យជាច្រើន បានអំពាវនាវជួយដល់អ្នកគ្រូ ដែលកំពុងមានជំងឺ ដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិច ខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅ ខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង។ ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូ ដើម្បីពិភាក្សា រកដំណោះស្រាយ ដែលពេលនេះ មានពន្លឺខ្លះហើយ បន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជ បណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត“ ។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាបុត្រារបស់សម្ដេច ហ៊ុន សែន ដែលទទួលបានការអំពាវនាវសុំជំនួយពីអ្នកគ្រូ ម៉ូវ សុផាន់ នោះ បានបញ្ជាក់ថា លោកនិងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួលនិងពិ គ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលជំងឺរបស់អ្នកគ្រូ រូបនេះ ។
លោក ហ៊ុន ម៉ានី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថា “បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍ កន្លងទៅ ថ្ងៃនេះ ខ្ញុំបានខលដើម្បីសួរសុខទុក្ខ អំពីអាការ និងស្ថានភាពសុខភាពបច្ចុប្បន្ន របស់ប្អូនស្រីផ្ទាល់។ ក្នុងនោះ ប្អូនបានឆ្លើយតបដោយរៀបរាប់ថា ពីដើមទីមក មានអាការខ្លះដែរ តែពុំសូវជាបានចាប់អារម្មណ៍និងតាមដានឱ្យបានដិតដល់ ប៉ុន្តែលុះដល់ប្រហែលរយៈពេល ២ខែចុងក្រោយនេះ អាការមានការវិវត្ត ហើយបន្ទាប់ពីបានជួប ពិនិត្យជាមួយគ្រូពេទ្យ ទើបបានដឹងច្បាស់ពីស្ថានភាពជំងឺជាក់ស្តែង ស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន។ ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច នឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុង ដល់ប្អូនស្រី រូបខ្ញុំផ្ទាល់ រួមនិងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្រប សម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី“ ។
ក្រោយទទួលបានការធានាជួយពីសម្ដេច ហ៊ុន សែន សង្រ្គោះជីវិតនាង ឲ្យរួចផុតពីជំងឺខូចក្រលៀន ដូចខាងលើនេះ យុវតី ម៉ូវ សុផាន់ បានបន្តចេញសារតាមបណ្ដាញសង្គម ថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំ ដោយនាងបានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថា “នាងខ្ញុំ ម៉ូវ សុផាន់ ជាគ្រូបង្រៀន ពិតជាមានក្ដីរំភើប ក្ដុកក្ដួលជាខ្លាំង ជារឿងដែលនាងខ្ញុំមិនអាចនឹកស្មានដល់ឡើយ ប្រៀបបានដូចជាអភិនីហារសម្រាប់រូបនាងខ្ញុំ គ្មានអ្វីអាចកាត់ថ្លៃបានទេ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសង្រ្គោះជីវិតក្មេងស្រីម្នាក់នេះ ឱ្យរស់ឡើងវិញម្ដងទៀត មានពន្លឺជាថ្មី។ ពេលដែលឃើញសារសម្ដេចពុក មានប្រសាសន៍ធានារ៉ាប់រងការព្យាបាលទាំងស្រុង នាងខ្ញុំពិតជាត្រេកអរ ឥតឧបមា ។ នាងខ្ញុំសូមគោរពអរគុណសម្តេចពុក ដែលផ្ដល់ក្ដីមេត្តា ជួយប្រោសជីវិតនាងខ្ញុំ។ ក្ដីមេត្តាសម្ដេចពុក នាងខ្ញុំដូចបានកើតម្ដងទៀតអ៊ីចឹង ។ នាងខ្ញុំសូមគោរពជូនពរសម្តេចពុក ជួបប្រទះនឹងពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ“ ។
អ្នកគ្រូក្រមុំ ម៉ូវ សុផាន់ ក៏បានសរសេរសារអរគុណលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្ទាប់ពីទទទួលបានការឆ្លើយតបយ៉ាងកក់ក្តៅ ពីលោក នៅថ្ងៃដដែលនោះថា «នាងខ្ញុំ ម៉ូវសុផាន់ សូមគោរពអរគុណទៅដល់ឯកឧត្ដម និងក្រុមការងារ ដែលលោកបានយកចិត្តទុកដាក់និងជួយទំនុកបម្រុង ជួយព្យាបាលជំងឺនាងខ្ញុំ នាងខ្ញុំពិតជាមានសេចក្ដីរំភើបចិត្ត និងពុំមានអ្វីតបស្នងគុណមួយនេះឡើយ មានតែលើកម្រាមដៃដប់ អរគុណនិងជូនពរឯកឧត្ដម និងក្រុមការងារ ចួបប្រទះនូវពុទ្ធពរបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ»។
ជាមួយគ្នានេះ អ្នកគ្រូ ម៉ូវ សុផាន់ ក៏មិនភ្លេចអរគុណដល់បងប្អូន មិត្តភក្ដិ ពូមីង រួមទាំងអ្នកសារព័ត៌មានទាំង អស់ ដែលបានជួយកៀរគរ និងផ្ដល់ជំនួយថវិកាផ្ទាល់ខ្លួន ជួយនាង ទោះតិចក្ដី ច្រើនក្ដី ជាបន្តបន្ទាប់ ដើម្បីនាងព្យាបាលជំងឺបន្តទៀត។

យុវតី ម៉ូវ សុផាន់ បានសរសេរបន្ថែមថា «នាងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូន មិត្តភក្ដិ ពូមីងទាំង អស់ ដែលបានផ្ដល់ជំនួយថវិកាផ្ទាល់ខ្លួន ជួយនាងខ្ញុំ តិចក្ដី ច្រើនក្ដី ជាបន្តបន្ទាប់ នាងខ្ញុំពិតជាអរគុណទឹកចិត្តដ៏ធំធេងរបស់បងប្អូន នាងខ្ញុំ នឹងតស៊ូព្យាបាលបន្តទៀត»៕