ភ្នំពេញៈ ម៉ូតូសណ្តោងរទេះលក់ប្រហិត១គ្រឿង បានត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុង ខណៈពេល ដែលម្ចាស់កំពុងតែចៀនប្រហិតលក់ នៅតាមដងផ្លូវ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៥ ក្បែរផ្សារព្រែកព្នៅ ក្នងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្តោងរទេះលក់ប្រហិតចៀនខាងលើ បានបើកមក ឈប់នៅត្រង់ចំណុចកើតហេតុ រួចហើយក៏ឃើញអ្នកលក់ បានចៀនប្រហិតលក់តាមធម្មតា ស្រាប់តែខណៈនោះ ក៏មានភ្លើងបានឆាបឆេះរទេះ ប្រហិតចៀនខាងលើ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ដល់អ្នកក្បែរខាងនាំគ្នាជួយពន្លត់ ភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បណ្តាលមកពីធ្លាយទុយោហ្គាស ធ្វើឱ្យឆាបឆេះឡើងតែម្តង។ យ៉ាងណាក្តី ករណីនេះ មិនបណ្តាលឱ្យឆេះរាលដាលនោះឡើយ ពោលគឺគ្រាន់តែឆេះខូចខាតម៉ូតូសណ្តោងរទេះ១គ្រឿងខាងលើអស់ទាំងស្រុងប៉ុណ្ណោះ៕
