ខេត្តកណ្តាលៈ ស្ត្រីម្នាក់ កំពុងអង្គុយក្នុងអង្រឹងក្រោមផ្ទះសុខៗ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿង ញៀន ចុះឃាត់ខ្លួន និង ឆែកឃើញថ្នាំញៀនចំនួន៧កញ្ចប់ ដែលស្ត្រីរូបនោះលាក់ក្នុងខោ លុះសមត្ថកិច្ចសួរនាំ ស្ត្រីសង្ស័យក៏ឆ្លើយថា ជារបស់ប្អូនថ្ងៃផ្ញើឱ្យជួយលក់។

ការឃាត់ខ្លួនស្ត្រីខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ត្រីជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុល សេងហៃ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យក រួមមាន ថ្នាំញៀនប្រភេទ ម៉ាទឹកកក៧ កញ្ចប់ធំ ទម្ងន់សរុប ១,៤៧ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
លោកវរសេនីយ៍ឯក យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តី រាយការណ៍ពីប្រជាពលរដ្ធភ្លាម លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរ បានចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញស្ត្រីជាជនសង្ស័យកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់សួរនាំត្រួតពិនិត្យ និងបានរកឃើញថ្នាំ ញៀនចំនួន៧កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងខោ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំង៧កញ្ចប់នេះ ជារបស់ប្អូនថ្លៃឈ្មោះអ៊ុន សារ័ត្នុ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានឱ្យស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល៤៦ឆ្នាំ មាឌធំ សម្បុរសណ្តែកបាយ មិនស្គាល់ទីលំនៅ យកមកផ្ញើឱ្យខ្លួន ដើម្បីលក់បន្ត ក្នុងតម្លៃ១ កញ្ចប់ ១ម៉ឺនរៀល។
ស្ត្រីសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕