Saturday, April 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្នងការរង បុកស្លាប់៦ ចូលគុក

កូនស្នងការរង បុកស្លាប់៦ ចូលគុក

ខេត្តបាត់ដំបង ៖ កូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបើករថយន្តទំនើប បុករះម៉ូតូ ២គ្រឿង បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់ (រួមទាំងកូនក្នុងពោះម្នាក់) នោះ ត្រូវបានត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៥០៧ ត.ព្រ ចុះថ្ងៃទី ២ខែមេសា ឆ្នាំ ២០២៦ និងដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៥០៨ ត.ព្រ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់ ចំនួន២បទល្មើស  គឺ ១-បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់ និង ២-បើកបរដោយធ្វេសប្រ ហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌ មានអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្តីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ របួសអ្នកដទៃ និងត់គេចខ្លួន ប្រព្រឹត្តដោយឈ្មោះស៊ីវ ជ័យសិដ្ឋ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូម ជម្រាបជូនសាធារណជនមេត្តាជ្រាបថា : ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី ស្ថិតនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ ដោយបានបុកពីក្រោយម៉ូតូ ចំនួនពីរគ្រឿង ដោយម៉ូតូមួយគ្រឿង មានម៉ាកហុងដា ឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១៤-២១០៥ បើកបរដោយឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី មានអ្នករួមដំណើរចំនួន ២ (ពីរ) នាក់ រួមមាន ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី និងឈ្មោះ ម៉េន សុខមាន ភេទប្រុស និងម៉ូតូ មួយគ្រឿងទៀត មានម៉ាកហុងដា ឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១០-១៩៦៥ បើកបរដោយឈ្មោះ សួន ធានី ភេទប្រុស មានអ្នករួមដំណើរ ចំនួន២ (ពីរ) នាក់ ឈ្មោះ វុន ស្រីជា ភេទស្រី និងឈ្មោះ ចាន់ ចាវ ភេទប្រុស ដែលម៉ូតូ ទាំងពីរគ្រឿង បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង ដែលបណ្តាលឱ្យ ១. ឈ្មោះ ប៉ុក ស៊ីណាប់ ២. ឈ្មោះ ម៉េន ម៉ីនាង ៣. ឈ្មោះ សួន ធានី ៤. ឈ្មោះ វុន ស្រីជា និង ៥. ឈ្មោះ ចាន់ ចាវ ស្លាប់នៅកន្លែងកើតហេតុ និង ៦. ឈ្មោះ ម៉េន សុខមាន បានរងរបួសធ្ងន់។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានរត់គេចខ្លួនពីកន្លែងកើត ហេតុដោយបន្សល់ទុករថយន្តបង្កហេតុ នៅទីនោះ។ ដោយឡែក ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះដែលបានរងរបួសធ្ងន់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។

ដោយផ្អែកលើទំហំនៃព្យសនកម្មទៅលើជនរងគ្រោះដែលបានបាត់បង់ជីវិត រហូតដល់ចំនួន ៥ (ប្រាំ) នាក់ និងរបួសធ្ងន់១ (មួយ) នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង បានសម្រេចធ្វើការចោទប្រកាន់លើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជា២ (ពីរ) សំណុំរឿង ដោយ ៖

-សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ ចំនួន ៥នាក់) តំណាងអយ្យការ បានធ្វើការចោទប្រកាន់ លើជនត្រូវចោទ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ បទល្មើសមានបញ្ញត្តិនិងឱ្យផ្តន្ទាទោស តាមមាត្រា៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ២៥៦ អយ.(ង) ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌលេខ ៤៤៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

-សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទ ប្រកាន់លើជនត្រូវចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងបទល្មើសមានបញ្ញត្តិនិងឱ្យផ្តន្ទាទោសតាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ២៥៨ អយ.(ង) ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌលេខ ៤៥៣ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យលើអង្គហេតុ អង្គច្បាប់ ភ័ស្តុតាង និងការធ្វើមូលវិចារលើមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) តាមមាត្រា៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងបទរត់គេចខ្លួន តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ ដើម្បីបន្តចំណាត់ការស៊ើបសួរតាមនីតិវិធី និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត នៅក្នុងសំណុំរឿងព្រហ្មទណ្ឌទាំងពីរនេះ ដើម្បីផ្តល់យុត្តិធម៌និងការសងសំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះ ពីជនត្រូវចោទ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមបញ្ជាក់បន្ថែមជូនថា បច្ចុប្បន្ននេះ ជនត្រូវចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៥០៧ តស្សា ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ និងដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៥០៨ ត.ព្រះ ចុះថ្ងៃទី២ ខែ មេសា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបាត់ដំបង។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន»៕ ខៀវទុំ

RELATED ARTICLES