ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ប្រមុខការទូតកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលថៃ បានសម្រេចលុបចោលជាឯកតោភាគី អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នា រវាងកម្ពុជា និងថៃ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជា សម្តែងការសោកស្តាយជាថ្មីម្តងទៀត ចំពោះការសម្រេចចិត្តរបស់ភាគីថៃ នេះ ប៉ុន្តែទោះបីថៃ ដកខ្លួនជាឯកតោភាគី ពីអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ (MoU 2001) នេះ ក៏មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជា នោះទេ ហើយជាការឆ្លើយតបទៅនឹងការបញ្ចប់នូវអនុស្សរណៈឆ្នាំ២០០១ នេះ កម្ពុជា មិនមានជម្រើសអ្វីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ដែលបានសម្រេចនៅឆ្នាំ១៩៨២ នោះឡើយ។
សេចក្តីថ្លែងការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានខ្លឹមសារទាំងស្រុងថា «ថ្ងៃនេះ គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្តីសម្រេចស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ។ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសយើងទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្រនៃប្រទេសយើងទាំងពីរក៏ដូចជាការដោះស្រាយព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។
កម្ពុជា ចាត់ទុកថា ការបញ្ចប់ ឬការដកខ្លួនចេញពីអនុស្សរណៈ ឆ្នាំ២០០១ នេះ គឺជាការដើរចេញពីឆន្ទៈនយោ បាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរ កំណត់នូវក្របខ័ណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយព្រំដែនសមុទ្រ ជាមួយគ្នាផង។
កម្ពុជា សម្តែងការសោកស្តាយជាថ្មីម្តងទៀត ចំពោះការសម្រេចចិត្តនេះ។ ជាការឆ្លើយតបទៅនឹងការបញ្ចប់នូវអនុស្សរណៈឆ្នាំ២០០១ នេះ កម្ពុជា មិនមែនជម្រើសអ្វីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឬជាភាសាអង់គ្លេស ហៅថា Compulsory Conciliation under the United Nations Convention on the Law of the Sea ដែលបានសម្រេច នៅឆ្នាំ១៩៨២។

ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចចិត្តជ្រើសរើសយកយន្តការការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះ ស្រាយគ្រប់វិវាទទាំងអស់ ជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ»។
ចំណែកសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ឬដែលភាគីថៃ ហៅថា MOU44 ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា «បងប្អូនជនរួមជាតិ ជាទីស្រលាញ់!
ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ឬមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាម ទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯក តោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU 2001 (ឬដែលភាគីថៃ ហៅថា MOU44) ។
ជាង 25ឆ្នាំ កន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU2001) បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពី រក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឲ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
ជាការសោកស្តាយ ដែលភាគីថៃ បានសម្រេចដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុ ស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់ គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគី តែមួយគត់ ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ ជាង ២ទសវត្សកន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជា ពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេស យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឲ្យប្រជាជនយើង រស់នៅជាមួយគ្នា ដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ប្រមុខការទូត និងនាយករដ្ឋមន្ត្រីកម្ពុជា ដូចខាងលើនេះ បានធ្វើឡើងភ្លាមៗ នារសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសថៃ បានសម្រេចលុបចោលជាឯកតោភាគី អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នា រវាងកម្ពុជា និងថៃ ដោយនាយករដ្ឋមន្ត្រីថៃ លោកអនុធិន បាននិយាយថា ប្រទេសទាំងពីរ អាចនឹងប្រើប្រាស់ក្របខ័ណ្ឌអន្តរជាតិដែលមានស្រាប់ សម្រាប់កិច្ចពិភាក្សានៅពេលអនាគត។
លោកអនុធិន បានប្រាប់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត ក្រោយពេលបញ្ចប់កិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្រេចលុបចោលជាឯកតោភាគី អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) នោះថា «ការលុបចោលកិច្ចព្រមព្រៀងនេះ គឺមិនមានពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនជាមួយកម្ពុជា ទេ ប៉ុន្តែជាផ្នែកមួយនៃគោលនយោបាយរបស់ខ្ញុំ។ រយៈពេល ២៥ឆ្នាំ បានកន្លងផុតទៅ ប៉ុន្តែពុំមានវឌ្ឍនភាពអ្វីសោះ»។

លោកអនុធិន បានបន្ថែមថា រដ្ឋាភិបាលលោក នឹងជូនដំណឹងជាផ្លូវការ ដល់ភាគីកម្ពុជា អំពីការសម្រេចចិត្តនេះ។ លោកបន្ថែមថា ប្រទេសទាំងពីរ អាចនឹងប្រើប្រាស់ក្របខ័ណ្ឌអន្តរជាតិដែលមានស្រាប់ ក្នុងនោះរួមមាន អនុ សញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សានៅពេលអនាគត ដែលថៃ និងកម្ពុជា គឺសុទ្ធតែជាភាគីនៃអនុសញ្ញា UNCLOS ៕ ខៀវទុំ