Thursday, May 14, 2026
Homeតារាខ្មែរល្អហួស ត្រូវប៉ាន់ត្រង់ណា ?

ល្អហួស ត្រូវប៉ាន់ត្រង់ណា ?

ភ្នំពេញ ៖ ស្រីស្អាត ល្អហួស បានអះអាងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ថា នៅឆ្នាំ២០២៦ នេះ នាងទទួលបាន ការងារជាទូតពាណិជ្ជសញ្ញា (BA) កាន់ផលិតផលធំៗ ដល់ទៅ២១ក្រុមហ៊ុន ហើយត្រៀមចុះកុងត្រា ៣ក្រុម ហ៊ុន បន្ថែមទៀត ពោលគឺនឹងកើនឡើងដល់២៤ ក្រុមហ៊ុន ។ ប៉ុន្ដែល្អហួស មិនប្រាប់ថា ក្នុងក្រុមហ៊ុន១ នាងស៊ីថ្លៃ ចាប់ពីចន្លោះតម្លៃណា ហើយទាំងជាង ២០ក្រុមហ៊ុន ដែលនាងធ្វើ BA នោះ នាងទទួលបានលុយសរុប ចំនួនទាំងអស់ប៉ុន្មានឡើយ។ ចំណែកលោក គឹម សាន្ដ  ជាពូរបស់គីមហ័ង និងអ្នកនាំពាក្យរបស់ល្អហួស កន្លង មកនាងមិននិយាយអ្វីទាំងអស់ ទាក់ទងតម្លៃខ្លួនរបស់ក្មួយស្រីលោក ពេលអ្នកយកព័ត៌មាន «នគរធំ» សួរលោកតាមបណ្ដាញសង្គម ។

 ប៉ុន្ដែតាមរយៈការអះអាងរបស់ល្អហួស នេះ បញ្ជាក់ថា នាងជាតារាលំដាប់ជូរមុខគេដែលក្ដោបក្ដាប់ទីផ្សារ BA ព្រោះជាទូទៅ តារាល្បីៗ ខ្លះធ្វើជា BA  តែ១ទៅ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុង ១ឆ្នាំៗ ។ ប៉ុន្ដែគេអាចយល់បានថា ភាពខុសគ្នារវាងតារាល្បីៗរៀមច្បង និងល្អហួស ក្នុងការងារជា BA នេះ គឺតារាលំដាប់ជូរមុខ ភាគច្រើនធ្វើ BA តែផលិតផល ឬក្រុមហ៊ុនធំៗ ស្ដង់ដារ ហើយបើមិនត្រូវតម្លៃតាមការកំណត់ទេ ពួកគេមិនចុះកុងត្រាទេ ។​ ចំណែកល្អហួស នាងក្រសោបយកទីផ្សារ BA គ្រប់ផ្នែកទាំងអស់​ក្នុងនោះមានទាំងឡេ ក្រុមហ៊ុនដឹកជញ្ជូន និងភេសជ្ជៈ ជាដើម​ ទើបបានជាត្រូវប៉ាន់ដល់ម្ល៉ឹង ។ ប្រភពថា ការដែលក្រុមហ៊ុនទាំងឡាយ ដាក់គោលដៅលើល្អហួស ជាងតារាផ្សេងៗទៀត ដែលមានសម្រស់និងភាពលេចធ្លោ មិនចាញ់នាងនោះព្រោះពួកគេសង្កេតទៅលើទីផ្សារសិ ល្បៈ វ័យ រូបសម្រស់ និងប្រជាប្រិយភាពរបស់នាង នាពេលបច្ចុប្បន្ន ។ រឿងដែលពួកគេមិនអាចមើលរំលងស្រីស្រស់រូបនេះ គឺនាងមានទេពកោសល្យសិល្បៈ បានសឹងតែគ្រប់ទម្រង់ ពោលគឺ ទាំងច្រៀង សម្ដែង រាំ និងជានាដការីម្នាក់ផងដែរ ។ ល្អហួស ក៏ជាបវរកញ្ញាម្នាក់ ដែលគ្រប់គ្រងមកុដ ដល់ទៅ៣ គឺ Miss Teen Cambodia 2025,  Miss Preteen International Cambodia 2023 និង Miss Preteen Junior Idol World 2024  ។​ប៉ុន្ដែគ្រងមកុដ៣ នេះ មិនទាន់គ្រប់គ្រាន់សម្រាប់មហិច្ឆតារបស់ល្អហួសឡើយ ព្រោះនៅឆ្នាំ២០២៦ នាងចង់ប្រកួតបវរកញ្ញា លើឆាកអន្ដរជាតិម្ដងទៀត ដោយចង់ក្លាយជាបវរកញ្ញាវ័យក្មេង ដែលមានថាមពលខ្លាំង។

 ល្អហួស វាចាថា «យល់យ៉ាងណាដែរ បើល្អហួស ក្លាយទៅជាបវរកញ្ញាដែលមានអាយុតិចជាងគេ ពោរពេញទៅដោយថាមពល?»។

 Fan បានជំរុញនិងលើកទឹកចិត្តល្អហួស ឲ្យប្រកួតបវរកញ្ញាលក្ខណៈអន្ដរជាតិ ដើម្បីប្រជែងយកមកុដថ្មី លើឆាកអន្ដរជាតិ ហើយពួកគេជឿថា នាងអាចធ្វើបាន ។ ប៉ុន្ដែកម្មវិធីបវរកញ្ញាថ្មី ដែលល្អហួស ត្រៀមប្រកួតនោះ ឈ្មោះអ្វី? រៀបចំនៅប្រទេសណា? ល្អហួស មិនទាន់បញ្ជាក់ទេ ខណៈដែលអ្នកយកព័ត៌មាន «នគរធំ» ក៏ធ្លាប់ទាក់ទងទៅអ្នកកាន់កម្មវិធី Miss Teen Cambodia 2025  តែពួកគេថា មិនទាន់អាចនិយាយបានទេ ហើយក្រុមហ៊ុន នឹងជូនដំណឹងជាផ្លូវការឆាប់ៗ។          

ជូរី ល្អហួស ដែលមានឈ្មោះដើម សុខ គីមហ័ង  មិនដែលបង្ហាញបុរសរូបណាស្និទ្ធស្នាលនាងដូចគូសង្សារទេ ខណៈកន្លងមក ម្ដាយនាង លោកស្រី ដេននី ក្វាន់ ធ្លាបបង្ហើបថា មានគេចង់ចូលចែចូវ តែលោកស្រីប្រាប់ថា កូនស្រី ល្អហួស នៅក្មេងពេក មិនទាន់គិតគូររឿងគូស្រករនៅពេលនេះទេ៕

លោកគីម​ សាន្ដ និងជូរី​ ល្អហួស​

RELATED ARTICLES