Friday, May 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនបុរសថៃ ចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់

ឃាត់ខ្លួនបុរសថៃ ចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់

ខេត្តឧត្តរមានជ័យ ៖ កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បាននិងកំពុងបន្តសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែន ឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃ ម្នាក់ អាយុ៥៨ឆ្នាំ ត្រឡប់ទៅប្រទេសថៃ វិញ បន្ទាប់ពីបុរសរូបនេះ បានចូលមកជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ការឃាត់ខ្លួននេះ ធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

អាជ្ញាធរកម្ពុជា បានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុ វត្តវិធានការតាមច្បាប់ យ៉ាងម៉ឺងម៉ាត់។

ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការ ពាក់ព័ន្ធនឹងបុរសនេះ។ ភាគីកម្ពុជា បានទទួលយកសំណើសុំការសម្របសម្រួលនេះ ដោយសុច្ឆ ន្ទៈ និងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមាន រវាងប្រទេសទាំងពីរ។

ប្រភពអាជ្ញាធរកម្ពុជា បានឱ្យដឹងថា បុរសជនជាតិថៃ ខាងលើនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។

កម្ពុជា បញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យ និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុច្ឆន្ទៈ និងគោរពគោល ការណ៍មនុស្សធម៌ ក្នុងការដោះស្រាយបញ្ហាជាមួយ ប្រទេសជិត ខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។

ប្រសិនបើការពិនិត្យតាមនីតិវិធី ត្រូវបានបញ្ចប់ និងមិនមានបញ្ហាផ្សេងទៀត ភាគីកម្ពុជា នឹងសម្របសម្រួលបញ្ជូនបុរសជនជាតិថៃ ម្នាក់នេះទៅឱ្យភាគីថៃ វិញ នៅពេលវេលាសមស្រប៕

RELATED ARTICLES