ភ្នំពេញៈ រយៈពេល៤ខែ ឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ២លាននាក់ ថយចុះ ៤ភាគរយ បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិ ទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះ សីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២ម៉ឺនជើង (២៣ ២០៤ជើង) មានការកើន ឡើងប្រមាណ ២ភាគរយ។
សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២លាននាក់ (២ ៤២៨ ០០៩នាក់) មានការថយចុះប្រ មាណ ៤ភាគរយ។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣០ពាន់តោន (៣០ ៤៤៨តោន) មានការកើនឡើងប្រមាណ ៣៦ភាគរយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា បើគិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល មានចំនួន៣៣ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៧០៨ ជើង/សប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ជើង/សប្តាហ៍ អាកាសយានដ្ឋានអន្តរ ជាតិព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុក រវាងព្រលានយន្តហោះតេជោអន្តរជាតិ និងព្រលានយន្តហោះតារាសាគរ។
លោកកត់សម្គាល់ថា ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប របស់ក្រុមហ៊ុនអាកាស ចរណ៍ឡាវ (Lao Airlines–QV) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ចំណែកជើងហោះហើរចេញ-ចូល រវាងបាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយ មួយចំនួនផងដែរ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ន កម្ពុជា ប្រតិបត្តិការហោះហើរ មានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន៥២ជើង/សប្តាហ៍ ដែលតភ្ជាប់ដោយផ្ទាល់ មកកាន់កម្ពុជា តាមមជ្ឈមណ្ឌលអាកាសចរណ៍មជ្ឈិមបូព៌ា តំបន់ឈូងសមុទ្រ រួមមាន Qatar Airways – QR (មជ្ឈមណ្ឌលទីក្រុងដូហា) Emirates Airlines – EK (មជ្ឈមណ្ឌលទីក្រុងឌូបៃ) Etihad Airways – EY (មជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី) និង Turkish Airlines-TK (មជ្ឈមណ្ឌលទីក្រុងអ៊ីស្តង់ប៊ុល)។

ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីជាខ្សែភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់ ៖ អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក និងទេសចរណ៍ ចូលមកពីតំបន់មជ្ឈិមបូព៌ា។ មជ្ឈមណ្ឌលអាកាសចរណ៍ទាំងនេះ បម្រើជាច្រកផ្លាស់ ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា៕