ខេត្តស្វាយរៀង ៖ បុរស២នាក់ នាំគ្នាទៅបង់សំណាញ់ យកត្រី រួចអាំងក្លែមស្រា រហូតដល់ស្រវឹង លោតទឹក លេង ស្រាប់តែបុរសម្នាក់ បានលង់ទឹក បាត់ខ្លួន និងត្រូវបានសាច់ញាតិ ព្រមទាំងអ្នកភូមិ ជួយរាវរកអស់ រយៈពេលប្រមាណជិត ៦ម៉ោង ទើបប្រទះឃើញសព។

ករណីលង់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចទឹកព្រែកស្ពានបាក្រុង ស្ថិតក្នុងភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ងួន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអញ្ចញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពបុរសម្នាក់ ដែលបានទៅបង់សំណាញ់ យកត្រី អាំងក្លែមស្រាជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកខ្លួនមានគ្នា ២នាក់ បាននាំគ្នាមកបង់សំណាញ់ រកត្រី នៅចំណុចកើតហេតុខាងលើ លុះពេលបង់បានត្រី ក៏យកមកអាំង រួចអង្គុយផឹកស្រា រហូតដល់ម៉ោងប្រមាណ ៣និង១៥នាទីរសៀល ថ្ងៃដដែល ក៏នាំគ្នាលោតទឹក ហែលលេង ។ ពេលដែលគាត់ឡើងលើគោកវិញ បាត់ជនរងគ្រោះ មិនឃើញក្រោកចេញពីទឹកសោះ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រត់ទៅហៅសាច់ញាតិនិងអ្នកភូមិ នាំគ្នាចុះជួយរាវរក និងថែមទាំងបានយកមង មកអូសរកទៀតផង តែមិនឃើញ។ រហូតដល់វេលាម៉ោង ៩និង០២នាទីយប់ ថ្ងៃដដែល ទើបរកឃើញសពជនរងគ្រោះ។
សមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្លក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចទឹក ព្រែក ស្ពានបាក្រុង ស្ថិតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយពីបានទទួលព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេក ស្រុករំដួល ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍ និងជួយរាវរក ដោយប្រើពេល ប្រមាណជិត ៦ម៉ោង ពោលគឺមកដល់វេលាម៉ោង ៩យប់ ថ្ងៃដដែល ទើបប្រទះឃើញសព រួចក៏ស្រង់ឡើងគោ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជន រងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕