ភ្នំពេញ ៖ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីលោកបានបញ្ចេញនូវស្នាដៃនិពន្ធចម្រៀងថ្មី ១បទ ដែលមានចំណងជើងថា “កាដូអន្ទាក់ស្នេហ៍” ដែលអត្ថន័យបង្ហាញពីទឹកចិត្តស្ត្រីម្នាក់ ដែលលួចស្រ លាញ់ប្រុសផ្សេង ទាំងដែលខ្លួនកំពុងមានចំណងស្នេហ៍ (មានប្តី) រួចទៅហើយ រហូតដល់មានមតិខ្លះលើកឡើងថា ចម្រៀង ១បទនេះ ហាក់ស្រដៀងនឹងរឿងពិត របស់តារាចម្រៀង មាស សុខសោភា និងតាសក់សភ្នំត្បែង ។ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាពខ្លួន ១សន្លឹក អង្គុយគងអន្ទាក់ខ្លា ពាក់វែនតារ៉ៃបាន់ ថតសែលហ្វីយ៉ាងឡូយ ភ្ជាប់ជាមួយសំណេរបារ៉ូលបទចម្រៀងថ្មី ១បទ ដែលតែងនិពន្ធ ឡើងដោយខ្លួនឯង មានចំណងជើងថា “កាដូអន្ទាក់ស្នេហ៍”។

តាមរយៈអត្ថន័យចម្រៀង “កាដូអន្ទាក់ស្នេហ៍” ដែលលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បង្ហោះក្នុងបណ្តាញសង្គមនេះ ត្រូវបានអ្នកបានឃើញ យល់ថា តាសក់សភ្នំត្បែង ហាក់ចង់ទម្លាយពីរឿងពិតរបស់ខ្លួនឯង ជាមួយមាស សុខ សោភា ។
បទម្រៀង “កាដូអន្ទាក់ស្នេហ៍” របស់តាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខ សោភា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
បទ កាដូអន្ទាក់ស្នេហ៍ ៖
១- ឆ្ងល់ចិត្តខ្លួនឯង ពួនលាក់ចំបែង ទុកក្នុងឱរ៉ា បានជួបប្រុសបង លើឆ្នេរជលសា ចិត្តកួចប្រាថ្នា លួចស្នេហ៍លើថ្លៃ។
២- នឹកឃើញកាដូ ជាអនុស្សា ដែលប្រុសរៀមរ៉ា បងផ្ញើជូនស្រី ត្រឹមជាកាដូ បងភ្ជាប់និស្ស័យ មិត្តភាពនឹងស្រី ឬក្តីស្នេហា។
R-ឆ្លើយប្រាប់អូនផង ពេលនេះបេះដូង អូនអន្ទះសា ឃើញតែភក្ត្របង ជាប់នឹងនេត្រា ចិត្តមួយប្រាប់ថា ខ្លាចបងមិនស្នេហ៍ ម៉្យាងអូនមានម្ចាស់ ដួងចិត្តថ្នមថែ ហេតុអ្វីចិត្តប្រែ ជាប់ស្នេហ៍លើបង។
៣- អូនពិបាកទ្រាំ ចិត្តក៏រកាំ ហើយសែនអៀនខ្មាស ព្រោះលួចស្នេហ៍បង ភ្លេចខ្លួនមានម្ចាស់ គិតរឿងផ្តេសផ្តាស ចង់ជួបប្រុសថ្លៃ ចង់ឱ្យរូបបង ស្រាយចម្ងល់ស្រី ថាមាននិស្ស័យ ឬត្រឹមសោកា?
និពន្ធទំនុកច្រៀងដោយ ៖ កវីខ្នងភ្នំ ច្រៀងដោយ ៖ Ai និពន្ធបទភ្លេង ៖ Ai …”។
យ៉ាងណា លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានបញ្ជាក់ថា ខ្លឹមសារនៃចម្រៀងដែលលោកបាននិពន្ធឡើងមកនេះ គឺមិនមែនសំដៅទៅលើខ្លួនឯង និងមាស សុខសោភា ឬបុគ្គលម្នាក់ណានោះទេ តែវាគឺជាបរិបទឆ្លុះបង្ហាញអំពីទង្វើរបស់មនុស្សក្នុងសង្គមនីមួយៗ គ្រប់ជាតិសាសន៌ ហើយវាក៏ជាទម្លាប់របស់មនុស្សជំនាន់ថ្មី ដែលត្រូវលេចចេញនូវទង្វើបែបនេះ ស្ទើរតែគ្រប់ជាតិសាសន៍ផងដែរ។

តាសក់សភ្នំត្បែង បានសរសេរថា “សូមជម្រាបជូនទៅដល់មហាជនជ្រាបថា ចំពោះអត្ថបទ និងខ្លឹមសារនៃចម្រៀងដែលបាននិពន្ធឡើងមកនេះ គឺមិនមែនសំដៅទៅលើបុគ្គលម្នាក់ណានោះទេ តែវាគឺជាបរិបទឆ្លុះបង្ហាញអំពីទង្វើរបស់មនុស្សក្នុងសង្គមនីមួយៗ គ្រប់ជាតិសាសន៍ ហើយវាក៏ជាទម្លាប់របស់មនុស្សជំនាន់ថ្មី ដែលត្រូវលេចចេញនូវទង្វើបែបនេះ ស្ទើរតែគ្រប់ជាតិ សាសន៍ផងដែរ ដើម្បីដាស់អារម្មណ៍ ឬឱ្យមនុស្សគ្រប់ជាតិសាសន៍បច្ចុប្បន្ន បានដឹងថា ៖ គ្រប់គ្នា គឺកំពុងដើរដល់ចំណុចនេះ យ៉ាងពិតប្រាកដ…”។

ក្រោយពីបានឃើញការបង្ហោះរបស់លោកពេជ្រ សង្វារវង្ស ហោតាសក់សភ្នំត្បែង ខាងលើនេះ មានម្ចាស់គណ នីបណ្តាញសង្គមម្នាក់ បានចូលទៅបញ្ចេញមតិ (ខម្មិន) ថា “មានអត្ថន័យជ្រាលជ្រៅណាស់លោកឪ បង្កប់អាថ៌កំបាំងទៀត”។

ចំណែកលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា “វាជាទម្លាប់របស់មនុស្សជំនាន់ថ្មី ដែលត្រូវលេចចេញនូវទង្វើបែបនេះ ស្ទើរតែគ្រប់ជាតិសាសន៍ទៅហើយណាកូន។ ហើយអត្ថបទចម្រៀងនេះ ក៏ចង់ឆ្លុះបង្ហាញអំពីបរិបទសង្គមនៃមនុស្សគ្រប់ជាតិសាសន៍ផងដែរថា បច្ចុ ប្បន្ន គ្រប់គ្នាកំពុងដើរដល់ចំណុចនេះ…”៕ ដារិទ្ធ