ខេត្តកែប ៖ ក្រុមគ្រួសារមួយ មានសមាជិក ៤នាក់ (ប្តីប្រពន្ធ និងកូនតូច ២នាក់) បានជិះទូកចេញទៅរកងាវសមុទ្រ ស្រាប់តែជួបគ្រោះខ្យល់សមុទ្របោកបក់ខ្លាំង បណ្តាលឱ្យលិចទូក ធ្វើឱ្យស្ត្រីជាប្រពន្ធ និងកូនតូច២នាក់ បានលិចចូលទឹកសមុទ្រ បាត់ខ្លួន ខណៈបុរសជាប្តី បានហែលឡើងគោក រួចរស់ជីវិតតែម្នាក់ឯង។ លុះព្រឹកស្អែកឡើង ទើបប្រទះឃើញសពប្រពន្ធនិងកូនតូច ២នាក់ អណ្តែតទឹក។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុច មុខឃ្លងព្រែកសសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ជនរងគ្រោះ ទាំង៣នាក់ ម្តាយកូនដែលបាត់បង់ជីវិត រួមមាន ទី១-ស្ត្រីជាម្តាយ មានឈ្មោះណាំ ធារី អាយុ៣០ឆ្នាំ មុខរបរនេសាទ។ ទី២-កូនប្រុស អាយុ១០ឆ្នាំ និងទី៣-កូនប្រុស អាយុ៨ឆ្នាំ។ ដោយឡែក បុរសជាប្តី និងជាឪពុក មានឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ មុខរបរនេសាទ (រួចរស់ជីវិត)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៥០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មានទូកយ៉ របស់ពលរដ្ឋ ១គ្រួសារដែលជិះទៅរាវងាវសមុទ្រនៅសមុទ្រកែបបានលិច ដោយសារមានឧបទ្ទវហេតុ គ្រោះធម្មជាតិ ខ្យល់សមុទ្របោកបក់ខ្លាំង ធ្វើឱ្យទូក នោះលិច នៅចំណុចមុខឃ្លងព្រែកសសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនប្រុសតូច នាក់ បានលិចបាត់ខ្លួនក្នុងទឹកសមុទ្រ ចំណែកបុរសជាប្តី និងជាឪពុក បានហែលឡើងគោក រួចជីវិត។តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ទូកកើតហេតុខាងលើមាន មនុស្សជិះ ចំនួន៤នាក់ ក្នុងនោះ ឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ (រួចជីវិត) ម្តាយឈ្មោះណាំ ធារី អាយុ៣៨ឆ្នាំ (បាត់ខ្លួន) និងកូនប្រុស២នាក់ ក្នុងនោះអាយុ១០ឆ្នាំម្នាក់ និងអាយុ៨ឆ្នាំម្នាក់ (បាត់ខ្លួន)។

ជុំវិញហេតុការណ៍ខាងលើ លោកហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ទាំង៣នាក់ ដែលបាត់ខ្លួន តាំងពី១រសៀល រហូតដល់ម៉ោង១១យប់ ថ្ងៃដដែល នៅមិនទាន់រកឃើញអ្នកបាត់ខ្លួន ។


រហូតមកដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៦ ទើបក្រុមការងារបានរកឃើញសាកសពដែលបាត់ ខ្លួន (ម្តាយនិងកូនតូច ២នាក់) ដោយសពជនរងគ្រោះទាំង៣នាក់ បានអណ្តែតមកក្បែរឆ្នេរ ជិតកន្លែងដែលទូកលិចនោះ ហើយសមត្ថកិច្ចបានស្រង់សព ឡើងមកលើគោក ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



