ភ្នំពេញ ៖ រថយន្ត ១គ្រឿង ត្រូវបានម្ចាស់បើកមកឈប់ចតចោលនៅក្បែរសួនច្បារក្នុងបុរី រួចចូលផ្ទះ ដេកលក់ទៅ ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ សង្ស័យឆ្លងចរន្តភ្លើង ធ្វើឱ្យកើតមានអគ្គិភ័យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតទាំងស្រុង។

ករណីភ្លើងឆេះរថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីភ្នំពេញថ្មី ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវភ្លើងឆេះ ម៉ាកតូយ៉ូតា ធុនដ្រា (Tundra) ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5188 មានម្ចាស់ឈ្មោះម៉ី ចាន់ធារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងបុរីភ្នំពេញថ្មី។

តាមព័ត៌មាន បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ម្ចាស់រថយន្តខាងលើ បានបើករថយន្ត មកឈប់ចតនៅក្នុងបុរី ក្បែរសួនច្បារ ហើយបានចូលសម្រាក។ ខណៈពេលដែលកំពុងតែដេកលក់ ស្រាប់តែរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋ រស់នៅក្នុងបុរីភ្នំពេញថ្មី ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ទៅអន្តរាគមន៍ ហើយភ្លើងបានរលត់ តែរថយន្តខាងលើ ត្រូវភ្លើងឆេះខូចខាតទាំងស្រុង។

តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីនេះ បណ្តាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត បង្កជាអគ្គិភ័យ៕
