Thursday, May 21, 2026
Homeសង្គម និងជីវិតស្រីស្អាត ចោទមាស សុខសោភា និងប្តី ឈ្លើងបឺតឈាម លុយនិងពេជ្រ

ស្រីស្អាត ចោទមាស សុខសោភា និងប្តី ឈ្លើងបឺតឈាម លុយនិងពេជ្រ

ភ្នំពេញ ៖ ស្រីស្អាតម្នាក់ ដែលធ្លាប់ជឿលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង និងតារាចម្រៀង មាស សុខសោភា ចូលរួមធ្វើសមាធិធម៌ នាពេលកន្លងទៅនោះ ពេលនេះ នាងបានចេញមុខប្រតិកម្មនឹងតារាចម្រៀង មាស សុខសោភា និងប្តីថ្មី តាសក់សភ្នំត្បែង ដែលហៅនាងថា ជាមនុស្សបែកធម៌ ឬជាបិសាច ក្រោយពេលនាងអស់ជំនឿ និងបានចាកចេញពី លែងបដិបត្តិធម៌ជាមួយ។ ជាមួយគ្នានេះ ស្រីស្អាតរូបនេះ ក៏បានចោទប្រ កាន់មាស សុខសោភា និងប្តីថ្មី តាសក់សភ្នំត្បែងនោះ ថាជាឈ្លើងបឺតញើសឈាម លុយនិងពេជ្រ របស់នាង អស់រលីងពីខ្លួនទៀតផង ដោយនាងថា មកពីនាងខ្លួនឯងល្ងង់ លងជឿនិងធ្វើបុណ្យខុសមនុស្ស។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង និងតារាចម្រៀង មាស សុខសោភា ជាប្រពន្ធ បានលើកឡើងក្នុងការឡាយរបស់ខ្លួនថា មានមនុស្សខ្លះ កាលនៅប្រតិបត្តិធម៌ជាមួយគ្នា ឃើញថាជាមនុស្សផ្សេង លុះគ្រាន់តែចាកចេញទៅវិញ បែរជាប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត “មនុស្សមិនចំមនុស្ស បិសាចមិនចំបិសាច” ចេះតែតាមប្រមាថ ជាន់ពន្លិចគ្រប់ពេល រហូតដល់ពេលខ្លះ ទ្រាំលែងបាន ក៏ត្រូវចេញមុខតបតខ្លះ។

តាមរយៈការឡាយវីដេអូនោះ តារាចម្រៀង មាស សុខសោភា បាននិយាយថា “…ហៅខ្ញុំសុទ្ធតែជាបុគ្គល ច្រៀងរាំឱ្យគេសប្បាយ បំពុលសង្គមអីណា យី! ខ្ញុំទទួលយកអត់បានទេបងប្អូន ដល់ថ្នាក់ហ្នឹងពេក! ចង់ដឹងមើល តើអ្នកណាគេយល់ពីខ្ញុំខ្លះ? យូរៗៗ យើងអត់បកស្រាយ វិញ ទៅជាភ្នែកមហាជនមើលមកឃើញយើងអ៊ីចឹងបណ្តោយ ហើយអ៊ីចឹងបានខ្ញុំថា អត់បានទេបង យើងត្រូវតែចេញខ្លះហើយ។ សង្គមយើង ពេលខ្លះ តែយើងអត់បានចេញ បុគ្គលដែលពាល គឺចេញឃ្លីបជាន់យើងរហូត បើយើងមិនតខ្លះ គឺគេថាយើងអ៊ីចឹងមែនហ្នឹង ហេតុអីនៅពេលស្គាល់គ្នា រឿងផ្សេង គ្រាន់ឈប់ស្គាល់គ្នា ទៅជាមនុស្សផ្សេងទៀត?…”។

ចំណែកលោក ពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បាននិយាយបន្ថែមទៅលើពាក្យសម្តីប្រពន្ធ (មាស សុខសោភា) ថា “និយាយសុទ្ធតែជាស្រីផិតប្តី លែងប្តី ហើយចោទលោកឪ យកប្រពន្ធគេឯណាឯណីណោះ ល្មមនាំគ្នាធ្វើរឿងល្អទៅ លោកឪ តាំងពីដឹងក្តី លោកឪ មិនដែលបានសាងនូវអំពើខុសឆ្គងណាមួយ ក្នុងផ្លូវទុច្ចរិតទេ លោកឪ ប្រាប់តែមួយរយៈដែលគេផ្អើលមកលើកនេះណា លោកឪឃើញអស់ហើយ ចោទលោកឪ រកស៊ីគ្រឿង ញៀន ចោទលោកឪចេះស្នេហ៍ ដាក់នេះ ដាក់នោះ បោកគេ លួចគេ ឯណាឯណីអស់ហើយ ឃើញអស់ហើយ រហូតដល់ស្ត្រីខ្លះនោះ គាត់អត់ដែលស្គាល់យើងសោះ គេជួលឱ្យនិយាយៗតាមគេទៅ ខ្ញុំសូមខ្លាចហើយ ខ្ញុំសូម ខ្លាចហ្មង រហូតអ្នកខ្លះ ពេលដែលខ្ញុំនិយាយថា សុទ្ធតែមនុស្សមិនចំមនុស្ស បិសាចមិនចំបិសាច គាត់បែរជាយល់ច្រឡំថា យើងប្រមាថគាត់ សុទ្ធតែបិសាច…”។

ឆ្លើយតបទៅនឹងការលើកឡើងរបស់តារាចម្រៀង មាស សុខសោភា និងប្តីថ្មី លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ខាងលើនេះ ស្រីស្អាតម្នាក់ បានចេញវីដេអូ និយាយថា “ខ្ញុំទេ ជាអ្នកប្រើពាក្យមួយថា បើខ្ញុំអត់ចេញទៅតបត អ្នកឯងកាន់តែបានដៃ ខ្ញុំនេះ គឺជាម្ចាស់សំឡេង ហើយក៏អ្នកនិយាយពាក្យហ្នឹង ព្រោះអី ខ្ញុំស្ងាត់ទៅ ប្រហែលជា ១ឆ្នាំជាង ២ឆ្នាំ ខ្ញុំស្ងាត់ ខ្ញុំអត់និយាយ ប៉ុន្តែមាស សុខសោភា ជាមួយតាភ្នំត្បែង នៅតែនិយាយពាក្យដដែលៗថា សិស្ស ២នាក់ សមាធិ ម្នាក់បែកបិសាច ម្នាក់បែកជាព្រះ ខ្ញុំឮការឡាយហ្នឹង សឹងគ្រប់វីដេអូហើយ អ៊ីចឹងទៅ ខ្ញុំគិតថា បើសិនខ្ញុំនៅស្ងប់ ខ្ញុំមិនតបត បានន័យថា ធ្វើឱ្យ ២នាក់ហ្នឹង កាន់តែបានដៃ ហើយកាន់តែនិយាយពីខ្ញុំ ថាខ្ញុំបែកៗ យូរៗទៅ មនុស្សគ្រប់គ្នាមើលមកខ្ញុំ ថាកូនហ្នឹងចេញពីបក្ខហ្នឹង កូនហ្នឹងបែកតើ! មិនមែនកូនហ្នឹងត្រូវណា វាអ៊ីចឹងវិញ ដល់ពេលអ៊ីចឹងទៅ ខ្ញុំអត់បានទេ ខ្ញុំត្រូវតែនិយាយឱ្យដឹងសដឹងខ្មៅថា អ្នកឯងពិតជាបាននិយាយភាសាអ៊ីចឹងៗ ទៅកាន់ការឡាយរបស់អ្នកឯង សឹងគ្រប់វីដេអូមែន និយាយដដែលៗមែន ចុះគ្រាន់តែខ្ញុំដើរចេញពីបក្ខរបស់អ្នកឯង ពីបក្ខអ៊ូតាំង អ្នកឯងហើយ ឱ្យខ្ញុំបានសេចក្តីសុខទៅ កុំនិយាយរឿងខ្ញុំទៀត ព្រោះខ្ញុំអស់អ្វីៗគ្រប់យ៉ាងហើយ ខ្ញុំដើរចេញ យល់អត់? ខ្ញុំអស់គ្រប់យ៉ាងហើយ ខ្ញុំមែនថាខ្ញុំអត់អស់ទេ រហូតដល់ខ្ញុំដើរចេញ ហើយដើរចេញហើយ ឱ្យខ្ញុំមានឱកាស មានពេលវេលាជាខ្លួនឯងខ្លះ មិនមែនពេលខ្ញុំដើរចេញហើយ អ្នកឯងទៅអង្គុយឡាយកោកៗ ថាខ្ញុំ សិស្ស ២នាក់សមាធិ ម្នាក់បែក ម្នាក់អត់បែក សួរថា អ្នកឯងនេះ មានទុកផ្លូវឱ្យគេដើរទេ? មាស សុខសោភា មានទុកផ្លូវឱ្យខ្ញុំដើរទេ?»។

នារីដដែល បន្តថា «បើសិន មាស សុខសោភា មានបំណងទុកផ្លូវឱ្យខ្ញុំដើរមែន មិនមែននិយាយភាសាហ្នឹងទេ អ្នកមីងឯង អត់និយាយភាសាហ្នឹងទេ មនុស្សក៏ធ្លាប់ហៅគ្នាម៉ែកូនដែរ ចុះគ្រាន់តែខ្ញុំ ទុកថា អូន កូននេះបែកហើយ ឱ្យវាទៅតែវាទៅ យើងដែលយើងគេហៅថា ម៉ែពេញៗមាត់ ពីមុន យើងទុកផ្លូវឱ្យគ្នាទៅ យើងអត់ទុកផ្លូវឱ្យគេទេ អ្នកឯងមនុស្សចាស់ទុំប៉ុណ្ណឹងដែរ អត់ទុកផ្លូវឱ្យគេទេ គ្រាន់គេដើរចេញភ្លាម ចោទកូនហ្នឹងបែកៗៗ អត់មានប្រើភាសាណាដែលថា គ្នាទៅហើយ គ្នាចេញពីបក្ខយើងហើយ ឱ្យគ្នាទៅតាមសម្រួលទៅ គ្នាឈប់នៅហើយ គ្នាឈប់សិក្សាពីយើងហើយ ធម៌យើងវាប្រតិកម្មណាមួយ បានគេដើរចេញ អត់មានយល់ពីខ្លួនឯង យល់តែម៉្យាង ឱ្យតែគេដើរចេញ ថាគេបែក គេដើរចេញ ថាគេបិសាច ខ្ញុំអត់យល់ភាសា មាស សុខសោភា និយាយចេញមកដោយវិធីណា ប្រើខួរគិត ឬមួយក៏ប្រើក្តិតគិត? ខ្ញុំវាអត់យល់ណា ខ្ញុំអត់ដឹងថា មាស សុខសោ ភា រាល់ថ្ងៃ គាត់ប្រើខួរ ១គីឡូ ២ខាំ ៣ខាំ គិត ឬមួយក៏ម៉េចទេ? នៅតែនិយាយគ្រប់ការឡាយ ហើយខ្ញុំក៏ដឹងថា តាសក់ស ក៏ត្រូវយល់ពីចំណុចមួយ ដែលប្រពន្ធគាត់និយាយភាសាហ្នឹង តើអ្នកឯងនិយាយ ចង់ផ្តោតមកលើបុគ្គលមួយណា? ត្រូវរួមខួរគ្នា បានជិត ៣គីឡូដែរ ជួយគ្នាគិតទៅថា ពេលដែលប្រពន្ធអ្នកឯងនិយាយភាសាហ្នឹងមក វាសមអត់? ទាំងមនុស្សដែលគេធ្លាប់រាប់អាន ហៅអ្នកឯង ម៉ែឪដែរ ប៉ុន្តែនៅពេលដែលគេដើរចេញ អ្នកឯងចោទថា គេបែកៗៗៗ ប្រមាណចង់ ២ឆ្នាំហើយ អ្នកឯងនិយាយសឹងគ្រប់វីដេអូ តែខ្ញុំអត់ដែលចេញតបតទេ តែលើកនេះ ខ្ញុំគិតថា បើខ្ញុំមិនចេញតបត គឺមិនបានទេ…”។

ស្រីស្អាតខាងលើ បានបន្តថា “មិនមែនថាខ្ញុំចេះតែនិយាយរំលើក ធ្វើបុណ្យហើយ វាមិនមាន សទ្ធាជ្រះថ្លាទេ ប៉ុន្តែពេលខ្លះយើងត្រូវតែនិយាយ ឱ្យជាគំរូ ឬមួយវាជាភាពល្ងង់ខ្លៅ អាហ្នឹងមិនមែនបន្ទោសតែលើគេសុទ្ធទេ ខ្លួនឯងល្ងង់ខ្លៅដែរ សូម្បីតែខ្ញុំធ្វើបុណ្យជាមួយលោកឪ ហ្នឹងណា និយាយមែន គឺខ្ញុំដាក់ចិត្តដាក់កាយ ហើយយើងអត់ស្តាយនូវទ្រព្យសម្បត្តិ ទ្រព្យធនទាំងឡាយទេ សូម្បីតែចិញ្ចៀនពេជ្រ របស់ខ្ញុំ ខ្សែកពេជ្រ ក្រវិលពេជ្រ និយាយរួម គឺខ្ញុំភាគច្រើនពាក់ពេជ្រ អត់មានពាក់មាស ពាក់អីទេ គឺខ្ញុំស្រលាញ់ពេជ្រ។ បងប្អូន! ខ្ញុំមិនមែននិយាយអួត ឬក៏និយាយអីទេ នៅពេលដែលខ្ញុំយកទៅលក់ ដើម្បីយកជាបច្ច័យ ទៅឱ្យតាហ្នឹងណា ខ្ញុំអត់បានប្រាប់ម៉ែឪ គ្រួសារខ្ញុំទាំងអស់ ខ្ញុំអត់ប្រាប់ទេ ខ្ញុំលក់លួច គឺខ្ញុំចូលលក្ខណៈវាចូលស៊ប់ណា ស៊ប់ដល់ថ្នាក់ហ៊ានធ្វើទង្វើលួចពីម៉ែ អត់ឱ្យដឹងណា គាស់ទូ លួច គឺខ្ញុំយកគ្រឿងអលង្ការរបស់ខ្ញុំទាំងអស់ យកទៅលក់ ដើម្បីយកលុយប្រគេនលោកឪ ហ្នឹង ព្រោះលោកឪ ប្រាប់ខ្ញុំថា  គាត់ស្ទះលុយ អ៊ីចឹងគាត់សុំឱ្យខ្ញុំជួយគាត់ បានអត់? ហើយខ្ញុំ ដោយយើងចង់ធ្វើបុណ្យ ហើយយើងគិតថា យើងធ្វើចំមនុស្ស ខ្ញុំអត់ស្តាយទេ អាហ្នឹងនិយាយរឿងខ្ញុំវិញ ហើយគាត់ថា យកទៅធ្វើរូបសំណាក រូបអី ធ្វើអាស្រម ទិញរូបព្រះ រូបអីចឹងណា ហើយគាត់ថា បើកូនឯងចូលទៅ វាបានលុយ វាបានសីល វាបានបុណ្យយើងច្រើនណាស់ ហើយខ្ញុំក៏នឹកឃើញថា អញលក់ដើម្បីធ្វើបុណ្យសិន ខ្ទេច! ខ្ទេចខ្ទីគ្មានសល់ ដល់ពេលលក់ទៅ ស្រាប់តែថា មានអ្នកនេះ ក៏ចូលរូបហ្នឹងដាច់មុខ អ្នកនោះក៏ចូលដាច់មុខ ទៅជាឈ្លោះគ្នា អារឿងហ្នឹងដែរ មួយទៀតយើងអស់រលីង ហើយមិនដឹងថា គាត់យកលុយយើងទៅណា? មាសពេជ្រ យើងខំប្រមូលលួចលាក់ ខ្ចប់ ខ្ទេចខ្ទីគ្មានសល់ទេ»។

ស្រីស្អាត ដដែល បានបន្តទៀតថា «ខ្ញុំតាំងពីជឿតាហ្នឹង គឺខ្ញុំអស់ចិញ្ចៀន ក្រវិល ខ្សែក ស្អីៗ គឺប្រមូលលក់ គ្មានសល់ទេ ខ្ញុំអស់ច្រើនណាស់ ខ្ញុំនិយាយមែន ហើយខ្ញុំគ្រាន់ចេញនិយាយប៉ុណ្ណេះ វាមិនស្មើអ្វីដែលខ្ញុំអស់ទេ។ ប៉ុន្តែមិនមែនថា ខ្ញុំធ្វើបុណ្យហើយ ខ្ញុំរំលើក ធ្វើបុណ្យហើយ ក៏ធ្វើទៅ កុំនិយាយ ប៉ុន្តែគ្រាន់តែថា វាខុស ធ្វើបុណ្យខុសមនុស្ស បើសិនធ្វើត្រូវមនុស្ស មានអាណាទៅនិយាយ តែវាធ្វើខុសមនុស្ស វាស្តាយដែរ ស្អាយភាព ស្តាយលុយ និយាយចំទៅ ស្តាយលុយច្រើន យកមកទុកចាយ បានមួយគំនរ ហើយមួយទៀត យើងធ្វើទៅវាខុស បើយើងធ្វើត្រូវ យើងបានបុណ្យហើយ តែបើយើងធ្វើខុស មិនបានបុណ្យទេ បានតែអ៊ីចឹង បានតែយើងអស់ប្រយោជន៍ទៅ គាត់បឺតយើង ជញ្ជក់ឈាមយើងអស់ អស់ន័យហើយ កូនហ្នឹងវាមិនអាចផ្តល់ឱ្យគាត់បានទៀតទេ គាត់ចាប់ផ្តើមដើរថា កូននេះ អត់ល្អទេ កុំសូវស្តាប់កូនហ្នឹងយូរពេក ឱ្យបដិបត្តិធម៌ ទៅធ្វើរឿងអីណា ទៅនិយាយរឿងអីណាខុសពីរឿងធម៌អ៊ីចឹង កូនហ្នឹងបែកហើយ ហើយគាត់ប្រាប់កូនសិស្សគាត់ផ្សេងៗ ឱ្យមើលមកយើងថា យើងអត់ល្អអីចឹងទៅ នៅពេលដែលគេចង់ទាត់យើងចោល ចេញពីក្រុមគេ ទាត់ចេញពីបក្ខគេ គេចាប់ផ្តើមប្រើអាគមមកយើងវង្វេងវង្វាន់ៗតិចតួច រួចឱ្យយើងសតិអត់សូវចាំអីបានទេ រាងភ្លេចភ្លាំងៗ គឺវីវក់នឹងត្រចៀកយើង វីវក់ថា ពេលខ្លះយើងឮខ្លួនឯងដែរ យើងឮសំឡេងអីរញ៉េរញ៉ៃអី យើងសួរគេថា ខ្ញុំដូចឮសំឡេងអីរញ៉េរញ៉ៃអ៊ីចឹង? គេក៏ថា អូនឯងមានអាក្រក់ក្នុងខ្លួន មានបិសាចក្នុងខ្លួនហើយព្យាយាមថយ គឺក្រុមគេ គេដាក់ម៉ូគ្នា គេនិយាយគ្នាអស់ហើយ អ៊ីចឹងគេផ្តោតមកលើយើង បើសិនគេចង់ដេញយើង ព្រោះយើងអស់តម្លៃក្នុងបក្ខគេ មិនអាចយកលុយ ទៅឱ្យគេបានរហូតណា គឺគេមានគំនិត មានគម្រោងង រៀបចំដេញយើងចេញពីបក្ខហើយ គេរៀបចំឱ្យយើង ថាយើងអត់ល្អទេ មើលអត់ជាទេ អីចឹងទៅ ដើម្បីឱ្យយើងដើរចេញពីក្រុមគេ ទាំងឈ្មោះយើងអត់ល្អ ដើម្បីកុំឱ្យយើងថ្ងៃក្រោយ មានសិទ្ធិទៅរករឿងក្រុមគេទៀត ព្រោះគេ ប្រកាសថា យើងនៅអត់បានតែខ្លួនឯង យើងបែក យើងសមាធិខុសអីចឹងទៅ អ៊ីចឹងគឺអាក្រក់ខ្លាំងមែនទែន បក្ខអ៊ូតាំង បក្ខប្តីមាស សុខសោភា និងមាស សុខសោភា អីហ្នឹង គឺមានគម្រោងអាក្រក់ណាស់ បឺតយើងដូចឈ្លើងអ៊ីចឹង ឈ្លើងបឺតញើសឈាម បឺតលុយគេ…”។

ជុំវិញការលើកឡើង ចោទប្រកាន់របស់ស្រីស្អាតខាងលើនេះ នៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបពីភាគីតារាចម្រៀង មាស សុខសោភា និងប្តីថ្មី លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង នៅឡើយ គិតត្រឹមល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕ ដារិទ្ធ

RELATED ARTICLES