Thursday, May 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះផ្ទះប៉ូលិស ឆេះលុយ៥០លាន ប្លង់ដី៧

 ភ្លើងឆេះផ្ទះប៉ូលិស ឆេះលុយ៥០លាន ប្លង់ដី៧

ខេត្តកំពង់ស្ពឺ ៖ លំនៅឋានរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាធំ ១រូប ត្រូវបានអគ្គិភ័យឆាបឆេះហ្មត់ រួមទាំងលុយ ៥០លានរៀល និងឯកសារប្លង់ដី ៧ប្លង់ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៨ម៉ែត្រ គុណនឹង ១១ម៉ែត្រ ធ្វើពីឥដ្ឋ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់លោក កែវ ផល្លា អាយុ៥៤ឆ្នាំ  មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍រកាធំ និងប្រពន្ធ ឈ្មោះកែវ សុខលីន អាយុ៥៥ឆ្នាំ  រស់នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ អគ្គិភ័យខាងលើ មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះទេ តែបង្កការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង លុយ ៥០លានរៀល ប្លង់ដី ចំនួន៧ប្លង់ និងឯកសារមួយចំនួន សំបុត្រកំណើត ចំនួន៤ អត្តសញ្ញាណប័ណ្ណ ចំនួន២សន្លឹក។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១ គ្រឿង របស់អធិការដ្ឋានគរបាលក្រុងច្បារមន និងកម្លាំងសរុប ចំនួន៣៥នាក់ រួមមាន កម្លាំងនគរបាលក្រងច្បារមន ចំនួន៣០នាក់ កងរាជអាវុធហត្ថក្រុងច្បារមន ចំនួន៣នាក់ និងកម្លាំងផ្នែកសឹករងច្បារមន ចំនួន២នាក់ និងប្រើប្រាស់ទឹក អស់ចំនួន២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បា៍ន ដោយមិនឆេះរាលដាលដល់ផ្ទះអ្នក ជិតខាងឡើយ៕

RELATED ARTICLES