Tuesday, May 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់កាប់ច្រឡំ ប្លន់ស្លាកលេខម៉ូតូ ជាប់ខ្នោះ១០

ស្ទាក់កាប់ច្រឡំ ប្លន់ស្លាកលេខម៉ូតូ ជាប់ខ្នោះ១០

ខេត្តបាត់ដំបង ៖ ក្មេងទំនើង ១ក្រុម មានគ្នាចំនួន ១១នាក់ ប្រដាប់ដោយដាវ កាំបិត បានធ្វើសកម្មភាពស្ទាក់ចាប់កាប់គូទំនាស់ ដែលជិះម៉ូតូពណ៌ក្រហម លុះគាប់ជួនមានយុវជន ៣នាក់ ជិះម៉ូតូពណ៌ក្រហម ឆ្លងកាត់ ស្មានថាគូទំនាស់ ក៏ដេញកាប់ ធ្វើឱ្យជនរងគ្រោះភ័យ ផ្តួលម៉ូតូ រត់គេចខ្លួន ទើបក្រុមជនសង្ស័យដឹងថា កាប់ច្រឡំមនុ ស្ស តែជ្រុលទៅហើយ ក៏កាប់ផ្តាច់យកស្លាកលេខម៉ូតូជនរងគ្រោះ រួចនាំគ្នាជិះរត់គេចខ្លួនអស់។ លុះក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន១០នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីអំពើហិង្សាបង្កដោយក្រុមក្មេងទំនើងនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លុះមកដល់ថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តបន្ទាប់ សរុបចំនួន១០នាក់។

ក្រុមជនសង្ស័យទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះឈឹង វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី២-ឈ្មោះឡុញ ហុងសូវ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៣-ឈ្មោះមី មិនា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៤-ឈ្មោះឡុញ សុខា ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៥-ឈ្មោះអ៊ុល ម៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៦-ឈ្មោះចោម វណ្ណាចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៧-ឈ្មោះសុវត្ថិ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៨-ឈ្មោះចោម ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់។ ទី៩-ឈ្មោះលុយ ឆេងឡាយ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងទី១០-ឈ្មោះសួន រតនា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់។

លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានឱ្យដឹងថា សកម្មភាពប្រព្រឹត្តអំពើកាប់ប្លន់ស្លាកលេខម៉ូតូ របស់ពួកជនអន្ធពាលខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយក្រុមចោរហាររយ ជាក្រុមក្មេងទំនើងនេះ បាននាំគ្នាស្ទាក់ចាំកាប់ក្រុមជនរងគ្រោះ ចំនួន៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈដែលក្រុមជនរងគ្រោះ មិនបានដឹងរឿងអ្វីសោះ និងកំពុងជិះម៉ូតូចេញពីក្រុងបាត់ដំបង ឆ្ពោះទៅផ្ទះ នៅឯឃុំត្រែង ស្រុករតនមណ្ឌល។

លោកអធិការ បន្តថា ក្រុមជនដៃដល់ មានបក្ខពួកសរុប ចំនួន១១នាក់ បាននាំគ្នាស្ទាក់កាប់ទៅលើជនរងគ្រោះ ចំនួន៣នាក់ ដែលពុំធ្លាប់ស្កាល់គ្នាសោះ កំពុងជិះម៉ូតូនៅតាមផ្លូវ។ លោកថា ក្រុមជនដៃដល់ បានស្ទាក់កាប់ទៅលើជនគ្រោះ បណ្តាលឱ្យរងរបួស ហើយបាននាំគ្នារត់គេចទាំងត្រដាបត្រដួស ចោលម៉ូតូ ប៉ុន្តែត្រូវក្រុមជនអន្ធ ពាលព្រូតគ្នាកាប់ម៉ូតូ និងកាប់ផ្តាច់កន្ទុយម៉ូតូ យកស្លាកលេខទៅបាត់។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទូលបណ្តឹងជនរងគ្រោះ កម្លាំងជំនាញរបស់លោក បានធ្វើការស្រាវ ជ្រាវ រហូតឃាត់ខ្លួនក្រុមជនដៃដល់បាន ជាបន្តបន្ទាប់ ចំនួន១០នាក់ (១-ឈ្មោះឈឹង វិចិត្រ ២-ឈ្មោះឡុញ ហុងសូវ ៣-ឈ្មោះមី មិនា ៤-ឈ្មោះឡុញ សុខា ៥-ឈ្មោះ អ៊ុល ម៉ាន់ ៦-ឈ្មោះចោម វណ្ណាចាន់ ៧-ឈ្មោះសុវត្ថិ វណ្ណា ៨-ឈ្មោះចោម ចិត្រ ៩-ឈ្មោះលុយ ឆេងឡាយ ១០-ឈ្មោះសួន រតនា) តែនៅសល់ម្នាក់ បានយកស្លាកលេខម៉ូតូ រត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមជនអន្ធពាល ទាំង១០នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញអធិការស្រុកបាណន់ តាមចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីទទូលបណ្តឹងជនរងគ្រោះ (ម្ចាស់ម៉ូតូ) ឈ្មោះហេង ហួយ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។

ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន១០នាក់ សមត្ថកិច្ចដកហូតម៉ូតូ ចំនួន២គ្រឿង ដែលជាមធ្យោបាយសម្រាប់ក្រុមជនពាល ជិះប្រព្រិត្តបទល្មើស។ ប៉ុន្តែនៅសល់ម្នាក់ទៀតដែលកំពុងគេចខ្លួន ជាមួយនឹងស្លាកលេខម៉ូតូ ដែលប្លន់យកទៅ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាស្ទាក់វាយនិងកាប់ទៅលើជនរងគ្រោះ ប្រាកដមែន តែជាការកាប់ច្រឡំមនុស្ស។

ក្រុមជនសង្ស័យ បានសារភាពបន្តថា នៅយប់កើតហេតុ ពួកគេបានលើកគ្នាចាំស្ទាក់វាយនិងកាប់ទៅលើសត្រូវរបស់ពួកគេ ១ក្រុម ដែលជិះម៉ូតូពណ៌ក្រហម ធ្លាប់ប៉ះទង្គិចជាមួយក្រុមខ្លួន ប៉ុន្តែនៅពេលឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូពណ៌ក្រហមដូចគ្នា មកដល់ ស្មានតែជាគូសត្រូវ ក៏ព្រូតគ្នាស្ទាក់វាយ និងកាប់ម៉ូតូ ចុងក្រោយទើបដឹងថា កាប់ច្រឡំសត្រូវ តែជ្រុលកាប់ខុសមនុស្សទៅហើយ ក៏កាប់យកស្លាកលេខម៉ូតូជនរងគ្រោះតែម្តង។ក្រុមជនដៃដល់ទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សា លាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES