ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុករថយន្តព្រុស ១គ្រឿង ពេញទំហឹង បណ្តាលឱ្យខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ធ្វើការតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់ តែមានម៉ូតូកង់បី ១គ្រឿង បើកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ជ្រុលមកបុករថយន្ត ពេញទំហឹង បណ្តាលឱ្យខូចខាតយ៉ាងដំណំ សំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងយកម៉ូតូកង់បី និងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
