Friday, May 22, 2026
Homeចរាចរណ៍កង់បីបត់ ឡានបុក ឡានទារ៥០០ កង់បីទារ១០០០

កង់បីបត់ ឡានបុក ឡានទារ៥០០ កង់បីទារ១០០០

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ដែលកំពុងបត់ត្រឡប់ក្រោយ ពេញទំហឹង បណ្តាលឱ្យខូចខាតទាំងកង់បី និងរថយន្ត យ៉ាងដំណំដូចគ្នា ភ្លាមនោះ ភាគីទាំងសងខាង បានចរចាគ្នា ដោយប្រកែកយកត្រូវរៀងខ្លួន ហើយខាងរថយន្ត ទាមទារសំណងពីខាងម៉ូតូកង់បី ចំនួន៥០០ដុល្លារ តែភាគីម៉ូតូកង់បី បានទារសំណងពីខាងរថយន្តវិញ ចំនួន១ពាន់ដុល្លារ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោ យផ្លូវបេតុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកម៉ូតូកង់បី ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HF-6350 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានវាយស៊ីញ៉ូបត់ឆ្វេង បម្រុងនឹងត្រឡប់ក្រោយ ភ្លាមនោះស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-7960 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយ ស្របទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បី ចំពាក់កណ្តាល ចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយភ្លាមនោះ ភាគីទាំងសងខាង បានចុះមកធ្វើការសម្រប សម្រួលគ្នា។

ប្រភពដដែល បន្តថា នៅក្នុងពេលនោះ ភាគីទាំងសងខាង សុទ្ធតែសំអាងថា ខ្លួនជាអ្នកត្រូវដូចគ្នា ដោយក្នុងនោះ ភាគីរថយន្ត បានទាមទារសំណងពីភាគីកង់បី ចំនួន៥០០ដុល្លារ ដោយអះអាងថា កង់បី បត់ភ្លាមៗដោយខ្វះការប្រុងប្រយ័ត្ន។ រីឯភាគីកង់បី បានទារសំណងពីភាគីរថយន្ត ចំនួន១ពាន់ដុល្លារ ដោយអះអាងថា រថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ ដោយភាគីសងខាង សម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅមន្ត្រីជំនាញ ចុះមកវាស់វែង យករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES