Thursday, May 28, 2026
Homeនយោបាយកឹម សុខា ទៅទីពិឃាត ទីចាប់ចងឪ វាយនឹងត្បូងចប

កឹម សុខា ទៅទីពិឃាត ទីចាប់ចងឪ វាយនឹងត្បូងចប

ខេត្តតាកែវ ៖ បន្ទាប់ពីត្រូវបានសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញពីព្រះរាជក្រឹត្យលើកលែងទោស លោក កឹម សុខា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានធ្វើដំណើរទៅស្រុកកំណើត ឯស្រុកត្រាំកក់ ទីដែលឪពុករបស់លោក ត្រូវបានពួកអាវខ្មៅ ខ្មែរក្រហម ប៉ុល ពត ចាប់ចង ធ្វើទារុណកម្ម វាយនឹងត្បូងចបសម្លាប់ ។ ជាមួយនឹងការចងចាំនូវរឿងរ៉ាវឈឺចាប់ ព្រាត់ប្រាសឪពុក មិនអាចបំភ្លេចបាន នៅទីកន្លែងកំណើតនោះ លោក កឹម សុខា បានបួងសួងសុំសេចក្តីសុខ និងសូមឲ្យបារមីនៃបុព្វការីជន ជួយឲ្យអ្នកម្តាយរបស់លោក មានជន្មាយុយឺនយូរ សុខភាល្អ បានជាម្លប់ដល់កូនចៅ ចៅទួត ព្រមទាំងសូមឲ្យរូបលោក បានសេចក្តីសុខ និងមានសេរីភាពពេញលេញឡើងវិញ ក្នុងពេលឆាប់ៗនេះ ។

 តាមប្រភពសហមេធាវីការពារសិទ្ធិលោក កឹម សុខា បានឲ្យដឹងថា ក្នុងពេលចុះទៅដល់ស្រុកកំណើតនោះ លោក កឹម សុខា នៅតែបញ្ជាក់ជំហរដដែលថា មួយរយៈពេលខ្លីនេះ លោកសូមរក្សាភាពស្ងប់ស្ងាត់ មើលថែម្តាយ ដែលកំពុងមានជំងឺធ្ងន់ ហើយលោកគ្រោងទៅបួសសងគុណម្តាយ ។

លោក ផែង ហេង សហមេធាវីរបស់លោក កឹម សុខា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា “ព្រឹកនេះ (27/5/26) ជាថ្ងៃដំបូង ដែលឯកឧត្តម កឹម សុខា បានមកស្រុកកំណើតរបស់គាត់ នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសុរិយា ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធ ជីដូន ជីតា ទាំងខាងឪពុក និងខាងម្តាយ (ផ្នូរសពលោកយាយ ប្រាក់ ភិន និងលោកយាយ ឈុន សួន) បួងសួងសុំសេចក្តីសុខ និងសូមឲ្យបារមីនៃបុព្វការីជន ជួយឲ្យអ្នកម្តាយរបស់គាត់ មានព្រះជន្មយឺនយូរ សុខភាល្អ បានជាម្លប់ដល់កូនចៅ ចៅទួត ព្រមទាំងសូមឲ្យរូបគាត់បានសេចក្តីសុខ និងមានសេរីភាពពេញលេញទាំងស្រុងឡើងវិញ ក្នុងពេលឆាប់ៗនេះ។ ថ្ងៃនេះ ឯកឧត្តម ក៏បានបញ្ជាក់ឡើងវិញថា ៖

 -មួយរយៈពេលខ្លីនេះ ឯកឧត្តមនៅរក្សាភាពស្ងប់ស្ងាត់ មើលថែម្តាយដែលកំពុងមានជំងឺធ្ងន់ ហើយក៏គ្រោងសាងផ្នួស សងគុណម្តាយ មួយរយៈពេល (មិនមែនសាងផ្នួសរហូតទេ)។

  -ថ្ងៃនេះដែរ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបានត្រឡប់ទៅមើលថែម្តាយរបស់គាត់ នៅភ្នំពេញ វិញ។

 -សូមបញ្ជាក់ថា ថ្ងៃនេះ គឺជាការចេញដំណើរថ្ងៃដំបូង ហើយស្រុកកំណើតរបស់គាត់ គឺជាទីដែលគាត់និងគ្រួសារ បានមករស់នៅសម័យខ្មែរក្រហម និងជាកន្លែងដែលពួកខ្មែរក្រហមបានចាប់ចងឪពុកគាត់ យកទៅវាយនឹងត្បូងចប សម្លាប់យ៉ាងឃោរឃៅ ដែលគាត់បានមើលឃើញនឹងភ្នែក។ នេះជាការចងចាំដែលមិនអាចបំភ្លេចបាន“ ។

 ជាមួយគ្នានោះដែរ លោកស្រី ម៉េង សុភារី សហមេធាវីលោកកឹម សុខា មួយរូបទៀត បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃដដែលនោះថា “បន្ទាប់ពីមានសេរីភាព ធ្វើដំណើរក្នុងប្រទេស ឯកឧត្តម កឹម សុខា បានបញ្ជាក់ហើយថា ៖

 -ក្នុងរយៈពេលដំបូងនេះ គាត់សូមរក្សាភាពស្ងប់ស្ងាត់ ដោយសារគាត់ផ្តោតជាអាទិភាពទៅលើការមើលថែម្តាយគាត់ ដែលជរាណាស់ហើយ និងកំពុងមានជំងឺធ្ងន់ធ្ងរផង។

   -ម្យ៉ាងទៀត គាត់នឹងទៅបួសសងគុណម្តាយគាត់ រយៈពេលខ្លី (មិនមែនសាងផ្នួសរហូតទេ)។

 -ក្នុងថ្ងៃនេះដែរ គឺជាការចេញដំណើរថ្ងៃដំបូង ទៅកាន់ខេត្តក្រៅភ្នំពេញ ឯកឧត្តម បានធ្វើដំណើរទៅកាន់ទឹកដីភូមិកំណើតរបស់គាត់ នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ នៅទីនោះ គាត់បានទៅដល់ទីតាំងដែលគាត់និងគ្រួសារគាត់ បានមករស់នៅសម័យខ្មែរក្រហម ឆ្នាំ១៩៧៥ និងជាទីកន្លែងដែលពួកខ្មែរក្រហម ចាប់ចង យកឪពុកគាត់ ទៅវាយនឹងត្បូងចប សម្លាប់យ៉ាងឃោរឃៅ។

 -បន្ទាប់មក នៅថ្ងៃនេះ ក្នុងភូមិនេះដែរ គាត់ក៏បានទៅគោរពផ្នូរសពជីដូនខាងឪពុក (ម្តាយរបស់ឪពុកគាត់) គឺលោកយាយ ប្រាក់ ភិន និងគោរពផ្នូរសពជីដូនខាងម្តាយ (ម្តាយរបស់ម្តាយគាត់) គឺលោកយាយ ឈុន សួន។

  -ក្នុងថ្ងៃទី២៧/៥/២០២៦ នេះដែរ គាត់ក៏ត្រឡប់ទៅមើលថែម្តាយគាត់ នៅភ្នំពេញ វិញ“ ។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ឆ្នាំ ប៉ុន្តែការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។

ព្រះរាជក្រឹត្យ នស/រកត/០៥២៦/៥៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ត្រាស់បង្គាប់ លើកលែងទោសឱ្យទណ្ឌិត ឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូល ទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។

ជាការគួរឲ្យកត់សម្គាល់ នៅថ្ងៃដែលទទួលបានព្រះរាជក្រឹត្យលើកលែងទោស ពីប្រមុខរដ្ឋស្ដីទី នោះ ក៏លេចចេញនូវលិខិតបញ្ជាក់មិនប្តឹងសាទុក្ខ ទៅសាលាឧទ្ធរណ៍ភ្នំពេញ ។ នៅក្នុងលិខិតចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ នោះ លោកកឹម សុខា បញ្ជាក់ថា លោកបានសម្រេចចិត្តមិនប្ដឹងសាទុក្ខនឹងសាលដីកា លេខ ៧៩០ក្រXI“អ.ណ” ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ទរណ៍ភ្នំពេញ ទៅតុលាការកំពូល បើទោះបីលោកមិនសុខចិត្តនឹងការសម្រេចផ្ដន្ទាទោសនេះក៏ដោយ។ លោកយល់ថា ក្នុងកាលៈទេសៈនេះ ការដោះស្រាយបញ្ហា ដោយឈរលើស្មារតីផ្សះផ្សាជាតិ តាមរយៈការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ គឺជាជម្រើសដ៏ប្រសើរបំផុត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរយើង ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គឺនៅក្នុងថ្ងៃដដែលនោះ លោក កឹម សុខា បានប្រគល់សិទ្ធិជូនលោក ផែង ហេង អត្តលេខ ៦៥២ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យក្រុមហ៊ុនមេធាវី ប៊ីប៊ីស៊ី (BBC Law Firm) អាសយដ្ឋានផ្ទះលេខ ១៤CE0 ផ្លូវលេខ ៣៨៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីធ្វើជាតំណាងលោក បំពេញនីតិវិធីចុះបញ្ជីលិខិតបញ្ជាក់មិនប្ដឹងសាទុក្ខនឹងសាលដីកា លេខ ៧៩០ក្រX “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៥៦ ចុះថ្ងៃទី ៥ ខែ ៥ ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ និងបំពេញទម្រង់បែបបទនីតិវិធីផ្សេងទៀតតាមការចាំបាច់ ដើម្បីការ ពារផលប្រយោជន៍ស្របច្បាប់របស់លោក។ លោកមេធាវី មានសិទ្ធិអនុវត្តភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃលោកបានផ្តិតស្នាមមេដៃនេះតទៅ ។

  មកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានយកលិខិតទៅជូនលោក កឹម សុខា នៅផ្ទះរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា លោកមានសេរីភាពវិញហើយ ហើយលោក កឹម សុខា ក៏បានថ្លែងថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ។ លោកបានថ្លែងថា លោកមិនទាន់អាចនិយាយជាមួយអ្នកសារព័ត៌មានបានទេ ។ លោកកឹម សុខា បានមានប្រសាសន៍ថា «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ ខ្ញុំនឹងទៅបួសសងគុណម្តាយ» ។

 ជាការកត់សម្គាល់នឹងទិដ្ឋភាពច្បាប់បន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពន្យល់លោក កឹម សុខា ដោយផ្ទាល់ ដល់លំនៅឋាន អំពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោស ហើយក៏បានធ្វើកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោស ចំពោះលោកកឹម សុខា ។

 កំណត់ហេតុ ស្តីពីការអនុវត្តព្រះរាជក្រឹត្យ មានខ្លឹមសារថា “ឆ្នាំពីរពាន់ម្ភៃប្រាំមួយ ខែឧសភា ថ្ងៃទីម្ភៃប្រាំមួយ វេលាម៉ោងប្រាំបី និងសាមសិបនាទីព្រឹក នៅលំនៅឋានឈ្មោះ កឹម សុខា ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 យើង សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អមដោយសមាសភាព រួមមានដូចខាងក្រោម ៖

   -ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

  -ព្រះអង្គម្ចាស់ ឧត្តមសេនីយ៍ត្រី នរោត្តម ចារូចីក្រ អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន

    -លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ

     -លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក

      -លោកវរសេនីយ៍ទោ អ៊ូ ពៅ អធិការរងនគរបាលខណ្ឌទួលគោក។

     យោង ៖ -ព្រះរាជ្យក្រឹត្យ លេខ នស/រកត/០៥២៦/៥៨១ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦

     -សាលដីកាលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៏ភ្នំពេញ

      -សាលក្រមលេខ ១៨២ “ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

  យើងបានអាននិងពន្យល់អំពីព្រះរាជ្យក្រឹត្យខាងលើ ជូនដល់ឈ្មោះ កឹម សុខា បានស្ដាប់ពីខ្លឹមសារ ដូចតទៅ ៖

  មាត្រា១ ៖ លើកលែងទោសឱ្យទណ្ឌិត ឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ លេខ ៧៩០ ក្រXI “អ.ណ» ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

មាត្រា២ ៖ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។

ក្នុងន័យនេះ ឈ្មោះ កឹម សុខា ត្រូវបានទទួលការលើកលែងទោសដាក់ពន្ធនាគារ ចំនួន ២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែម ឈ្មោះ កឹម សុខា ត្រូវតែគោរពនិងអនុវត្ត ដូចខាងក្រោម ៖

– ដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

 – ហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ០៥ឆ្នាំ តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

កំណត់ហេតុ បានបញ្ចប់នៅវេលាម៉ោងប្រាំបួននិងសូន្យនាទី នាថ្ងៃខែឆ្នាំដដែល ដោយអានជូនសាមីខ្លួនស្ដាប់ និងផ្តិតមេដៃ ទុកជាភ័ស្តុតាង“ ។

 ជាទិដ្ឋភាពនយោបាយ បន្ទាប់ពីបានឃើញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា អតីតមេបក្សប្រឆាំង មានគណបក្សនយោបាយ ជាច្រើន ទាំងគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សសម្ព័ន្ធ ភាពជាមួយគណបក្សកាន់អំណាច បានចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកជាការវិវត្តមួយដែលប្រជាពលរដ្ឋខ្មែរ តែងតែប្រាថ្នាចង់ឃើញការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងការផ្សះផ្សាជាតិពិតប្រាកដ។

គណបក្សទាំងនោះ បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទី ក្នុងអំឡុងពេលដែលកម្ពុជា កំពុងប្រឈមនឹងការឈ្លានពាន ឡោមព័ទ្ធយកទឹកដីស្រែចម្ការ ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ នៅតាមព្រំដែនខ្មែរ-សៀម ពីសំណាក់ចោរសៀម ហើយក៏ជាពេលវេលាទន្ទឹងរង់ចាំដោយអន្ទះសា ប្រាថ្នាចង់ឃើញនូវយុត្តិធម៌ សាមគ្គីភាព និងការបង្រួបបង្រួមជាតិ ។ ស្មារតីនៃការទទួលបានសេរីភាពនេះ នឹងក្លាយជាកាតាលីករ និងជាជំហានវិជ្ជមានមួយដ៏សំខាន់ ក្នុងការជំរុញបរិយាកាសនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍប្រជាធិបតេយ្យ នៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនទៅមុខ ។ ករណីនេះ នឹងអាចនាំមកនូវការរួបរួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ រវាងខ្មែរនិងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិ ជាបន្ទាន់ ដែលក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាឈ្លានពានរបស់បរទេស បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ និងបញ្ហាជីវភាពប្រជាពលរដ្ឋ ជាដើម។

ទោះបីជាយ៉ាងណា បក្សនយោបាយ និងមជ្ឈដ្ឋានតាមដាន តែមានក្តីព្រួយបារម្ភ ដែលលោក កឹម សុខា នៅតែត្រូវបានដកហូតសិទ្ធិនយោបាយ និងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយបានដូចប្រជាពលរដ្ឋខ្មែរទូទៅ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះពួកគេសង្ឃឹមថា ការលើកលែងទោសនេះ នឹងក្លាយជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការបើកលំហប្រជាធិបតេយ្យ ការស្ដារឡើងវិញនូវសិទ្ធិសេរីភាពនយោបាយ ការគោរពពហុនិយម និងការផ្សះផ្សាជាតិ ដោយសន្តិវិធី។

បន្ថែមលើសនេះ មជ្ឈដ្ឋានទាំងនោះ អំពាវនាវដល់រាជរដ្ឋាភិបាល ពិចារណាបន្ថែមទៀត ក្នុងការស្នើឲ្យមានការលើកលែងទោស និងទម្លាក់ចោលនូវបទចោទប្រកាន់នានា ចំពោះមេដឹកនាំនិងសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដើម្បីធានាបាននូវភាពសុខដុមរមនា រវាងខ្មែរនិងខ្មែរ ព្រមទាំងធានាឱ្យមានការអនុវត្តច្បាប់ ដោយយុត្តិធម៌ តម្លាភាព ស្អាតស្អំ មិនលម្អៀង បើកលំហនយោបាយ សិទ្ធិសេរីភាព ឱ្យបានទូលំទូលាយ និងសូមឱ្យមានវប្បធម៌សន្ទនា រវាងខ្មែរនិងខ្មែរ ដោយមានការរួមចំណែកពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ ជាពិសេស ការពារទឹកដីជាតិមាតុភូមិ កេរ្តិ៍ឈ្មោះជាតិសាសន៍យើង ដើម្បីអនាគតរបស់កូនខ្មែរ និងជាតិមាតុភូមិ ៕ កុលបុត្រ

RELATED ARTICLES