ខេត្តកំពង់ចាម ៖ កំណាត់ផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ត្រូវបានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ។

លោក ផន រឹម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិត កែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ កំណត់យកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ (៧/៧/២០២៦) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)។
គួរបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង ៤៥,៥០៤គីឡូម៉ែត្រ (PK000+000 -PK45+502.84) សម្រេចលទ្ធផលជារួម ៩៩% ហើយ គិតត្រឹងចុងខែឧសភា ឆ្នាំ២០២៦ នេះ។

ចំពោះការងារសេសសល់បន្ទាប់បន្សំ គឺការពិនិត្យឡើងវិញនូវលទ្ធផលការងារ ដូចជា ៖ កៅស៊ូAC, គំនូសសញ្ញា ចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, បរិក្ខារសុវត្ថិភាព, សួនច្បារពុះចែកទ្រូងផ្លូវ, រុក្ខជាតិលម្អតូច-ធំ ជាដើម។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវ យ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ, ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

គួរបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹម រវាងប្រជាពលរដ្ឋ «មានផ្លូវ មានក្តីសង្ឃឹម»៕
