ភ្នំពេញ ៖ ប្រមុខការទូតការកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តលើករឿងថៃឈ្លានពានកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដោយបញ្ជាក់សង្កត់ធ្ងន់ថា ព្រំ ដែននៃប្រទេសមួយ មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជា មិនទទួលស្គាល់ជាដាច់ខាត ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង ដែលថៃបានឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ សម្រាប់ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេ រិក ក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដោយមានរដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន លោក វ៉ាង យី ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា ។
ការចូលរួមកិច្ចប្រជុំរបស់ប្រមុខការទូតកម្ពុជា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺស្របពេលដែលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅបន្តកើតមាន ពុំទាន់មានដំណោះស្រាយជាក់លាក់ និងក្នុងខណៈដែលយោធាថៃ បន្តធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃ រំលោភចូលបូរណភាពទឹកដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន បើទោះជាប្រទេសទាំងពីរ មានកិច្ចព្រមព្រៀង បទឈប់បាញ់ ជាផ្លូវការ តាំងពីចុងឆ្នាំ២០២៥ ក្តី ។ ដូច្នេះជាការកត់សម្គាល់ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំនោះ ក្រៅពីបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក អង់តូនីញ៉ូ ហ្គូទែររេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន រួមមានការសង្កត់ធ្ងន់លើការគោរពធម្មនុញ្ញ អ.ស.ប. និងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរនោះ នៅក្នុងសុន្ទរកថា ៨ចំណុច ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានផ្ដោតសំខាន់លើសមភាព អធិបតេយ្យនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅតែជាកត្តាចាំបាច់ មិនអាចខ្វះបាន សម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ។

ក្នុងន័យនេះ ប្រមុខការទូតកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍នៅលើដីក្នុងតំបន់មួយចំនួន ដែលថៃ បានកាន់កាប់ក្នុងដែនអធិបតេយ្យកម្ពុជា ហើយកម្ពុជា ស្នើឱ្យភាគីថៃ ត្រូវអនុវត្តឱ្យបានពេញលេញ ប្រកប ដោយប្រសិទ្ធភាពនិងជាបន្ទាន់ នូវកិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងកា រណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ។ លោកឧបនាយករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍របស់កិច្ច ប្រជុំថា ថៃ បានរំលោភដែនអធិបតេយ្យកម្ពុជា រួមទាំងការកាន់កាប់ដោយខុសច្បាប់ និងការប៉ុនប៉ងបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (fait accompli)។ លោកបានលើកឡើងថា ការប្រកាន់យកច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាចាំបាច់ សម្រាប់ការស្តារទំនុកចិត្ត ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងផ្តល់លទ្ធភាពឱ្យជនភៀសខ្លួន ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រកិច្ចប្រឹងប្រែងរកដំណោះស្រាយសន្តិវិធីទាំងនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងដើម្បីបន្តសន្តិភាព ស្ថិរភាព និងវិបុលភាព។
ជារួម សុន្ទរកថារបស់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងក្នុងឱកាសកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម ៖
ឯកឧត្តម វ៉ាង យី (Wang Yi) ប្រធានក្រុមប្រឹក្សាសន្តិសុខ, ឯកឧត្តម លោកជំទាវ និងប្រតិភូទាំងអស់ ជាទីគោរព!

1. ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលតួនាទីជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី វ៉ាង យី ដែលបានរៀបចំកិច្ចពិភាក្សាដេញដោលកម្រិតខ្ពស់ នៅចំពេលវេលាដ៏ល្អនេះ លើបញ្ហាដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ ចំពោះសន្តិភាពអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខរួម នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ការប្រែប្រួល និងភាពចលាចលកាន់តែខ្លាំងឡើង ។
2. រយៈពេល ៨០ឆ្នាំមកនេះ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានដើរតួជាគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខ័ណ្ឌតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងឡាយ។ គោលការណ៍គ្រឹះនៃធម្មនុញ្ញនេះ រួម មាន សមភាពអធិបតេយ្យនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ដែលនៅតែជាកត្តាមិនអាចខ្វះបាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌អន្តរជាតិ។

3. ទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន គោលការណ៍ទាំងនេះ កំពុងរងសម្ពាធកាន់តែខ្លាំងឡើង។ ពិភពលោក បន្តប្រឈមមុខនឹងជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែកខ្ញែកនៃសេដ្ឋកិច្ច និងការធ្លាក់ចុះនៃទំនុកចិត្តរវាងប្រជាជាតិ និងប្រជាជាតិ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុ វិបត្តិសន្តិសុខស្បៀង និងថាមពល ជំងឺរាតត្បាត ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណិត និងបទល្មើសឆ្លងដែន នៅតែបន្តបង្កជាប្រឈមដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
4. តថភាពទាំងនេះ បានរំឭកយើងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អាចសម្រេចទៅបាន លុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួម។ ហេតុនេះហើយ ទើបកម្ពុជា ជឿជាក់ថា ការធ្វើឱ្យរស់រវើក និងការពង្រឹងឡើងវិញនៃប្រព័ន្ធពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិ ជាស្នូល គឺជារឿងចាំបាច់បំផុត ដើម្បីការពារសន្តិសុខ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់ របស់គ្រប់ប្រជាជាតិទាំងអស់ ជាពិសេសបណ្តាប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍។ ធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតែបន្តដើរតួជាបាតគ្រឹះនៃទំនាក់ទំនងអន្តរជាតិ និងជាក្របខ័ណ្ឌមិនអាចខ្វះបាន សម្រាប់ការរស់នៅជាមួយគ្នាដោយសន្តិវិធី កិច្ចសហប្រតិបត្តិការ និងការបង្ការជម្លោះ។

5. បទពិសោធន៍ផ្ទាល់របស់កម្ពុជា បានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់និងការថែរក្សាសន្តិភាព។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អ៊ុនតាក់ (UNTAC) ឬអាជ្ញាធរបណ្តោះ អាសន្នអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជា ឡើងវិញ។
6. ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះ អស់ជាច្រើនទសវត្សរ៍ កម្ពុជា ផ្ដល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយ ត្រូវតែដោះស្រាយជាដាច់ខាត តាមរយៈការសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។
7. ក្នុងស្មារតីនេះ កម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការគាំទ្ររបស់សហគមន៍អន្ដរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធី រវាងកម្ពុជា និងថៃ អនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ព្រំដែននិងអធិបតេយ្យ មិនត្រូវផ្លាស់ ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ (fait accompli)។ ទោះបីជាបទឈប់បាញ់ ត្រូវបានបន្តរក្សាក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែ លកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់ និងកិច្ចព្រម ព្រៀងសន្តិភាព រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង។ ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុត ក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានាសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹក អាចវិលត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិ ភាព និងសេចក្តីថ្លៃថ្នូរ។
8. កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់ នៅក្នុងតំបន់ទាំងមូល…។
ជុំវិញការថ្លែងសុន្ទរកថា របស់ប្រមុខការទូតកម្ពុជា នៅក្នុងកិច្ចប្រជុំរបស់អង្គការសហការប្រជាជាតិ ខាងលើនេះ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសម្ដែងការចាប់អារម្មណ៍ ចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់ និងបានលើកឡើងថា កម្ពុជា ថ្កោលទោសថៃ ចំពោះការឈ្លាន ពានអធិបតេយ្យកម្ពុជា នៅចំពោះមុខកិច្ចប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជារឿងត្រឹមត្រូវ និងត្រូវតែធ្វើ ហើយអ្វីដែលចាំបាច់លើសពីនេះទៅទៀតនោះ កម្ពុជា ត្រូវបន្តការពារអធិបតេយ្យជាតិ ដោយច្បាប់ ភ័ស្តុតាង និងសន្តិភាព ។
លោក សេក សុជាតិ បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជា ថ្កោលទោសថៃ ចំពោះការឈ្លានពានអធិបតេយ្យកម្ពុជា នៅចំពោះមុខកិច្ចប្រជុំ នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជារឿងត្រឹមត្រូវ និងត្រូវតែធ្វើ ។ ក្នុងគ្រប់ការសន្ទនាជាមួយមិត្តបរ ទេសទាំងអស់ មិនថានៅក្នុងស្រុក ឬនៅក្រៅស្រុកក្តី កម្ពុជា ត្រូវតែលើកឡើងពីបញ្ហាការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដូចភ្លៀងរលឹម និងមិនឱ្យដាច់ រហូតដល់ថៃ ប្រគល់ទឹកដីដែលខ្លួនបានឈ្លានពាន និងសងការខូចខាតមកកម្ពុជា វិញ ទើបកម្ពុជា គួរពិចារណាបញ្ឈប់តាមសំណើរបស់ថៃ។ កម្ពុជា ត្រូវប្រមូលភ័ស្តុតាង និងចែកចាយទៅកាន់ពិភពលោក តាមរយៈវេទិកាតូចធំទាំងអស់ដែលកម្ពុជាមានវត្តមាន។ កម្ពុជា ត្រូវបន្តបង្ហាញជំហរច្បាស់លាស់ និងមិនរាថយថា ការការពារអធិបតេយ្យ បូរណភាពទឹកដី និងកិត្តិយសជាតិ គឺជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់រដ្ឋ និងប្រជាជនកម្ពុជា។ បញ្ហានេះ មិនមែនជាបញ្ហាតូចតាច ឬបញ្ហាដែលអាចបំភ្លេចបានតាមពេលវេលានោះទេ ប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធដោយផ្ទាល់នឹងអត្តសញ្ញាណជាតិ សិទ្ធិស្របច្បាប់របស់ប្រទេសមួយ និងសន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។
លោក សេក សុជាតិ បន្តថា ក្នុងគ្រប់វេទិកាទាំងអស់ មិនថាជាវេទិកាទ្វេភាគី ពហុភាគី តំបន់ ឬអន្តរជាតិក្តី កម្ពុជា ត្រូវបន្តលើកឡើងដោយមានភ័ស្តុតាង ច្បាប់និងប្រវត្តិសាស្ត្រ ជាមូលដ្ឋាន។ ការលើកឡើងនេះ មិនគួរធ្វើដោយអារម្មណ៍តែប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើដោយយុទ្ធសាស្ត្រ មានឯកសារត្រឹមត្រូវ មានភ័ស្តុតាងច្បាស់លាស់ មានផែនទី កំណត់ហេតុរដ្ឋបាល សក្ខីកម្មរបស់ប្រជាពលរដ្ឋ និងឯកសារអន្តរជាតិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់របស់កម្ពុជា។ កម្ពុជា ត្រូវរៀបចំក្រុមការងារជំនាញមួយ ដែលមានអ្នកច្បាប់អន្តរជាតិ អ្នកប្រវត្តិ សាស្ត្រ អ្នកភូមិសាស្ត្រ អ្នកការទូត អ្នកបកប្រែ និងអ្នកទំនាក់ទំនងសាធារណៈ ដើម្បីប្រមូល វិភាគ និងរៀបចំភ័ស្តុតាង ឱ្យបានជាប្រព័ន្ធ។ ភ័ស្តុតាងទាំងនេះ ត្រូវតែត្រៀមជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាអន្តរជាតិផ្សេងៗ ដើម្បីឱ្យសាធារណជនអន្តរជាតិ អង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ សារព័ត៌មាន និងមិត្តបរទេស អាចយល់បានយ៉ាងច្បាស់។ កម្ពុជា ពមិនគួរទុកឱ្យការពន្យល់អំពីបញ្ហាទឹកដី ក្លាយជាការប្រកួតប្រជែងតាមអារ ម្មណ៍ ឬការផ្សាយព័ត៌មានមិនមានមូលដ្ឋាននោះទេ។ ផ្ទុយទៅវិញ កម្ពុជា ត្រូវបង្ហាញភាពចាស់ទុំខាងការទូត ដោយប្រើភាសាសន្តិភាព ភាសាច្បាប់ និងភាសាពិត។ ពិភពលោក ត្រូវបានអំពាវនាវឱ្យមើលបញ្ហានេះតាមគោលការណ៍ច្បាប់អន្តរជាតិ មិនមែនតាមកម្លាំង ឬការបកស្រាយឯកតោភាគី របស់ភាគីណាមួយឡើយ។ ជាពិសេស កម្ពុជា ត្រូវធ្វើឱ្យសហគមន៍អន្តរជាតិ យល់ថា ការឈ្លានពានលើដែនដីរបស់ប្រទេសមួយ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសនោះប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់គោលការណ៍សំខាន់ៗនៃសណ្តាប់ធ្នាប់អន្តរជាតិទាំងមូល។ ប្រសិនបើអធិបតេយ្យរបស់ប្រទេសតូច អាចត្រូវបានរំលោភ ដោយគ្មានការទទួលខុសត្រូវ នោះសន្តិភាព និងស្ថិរភាពតំបន់ ក៏អាចរងគ្រោះដូចគ្នា។ ដូច្នេះកម្ពុជា ត្រូវបន្តទាមទារដោយសន្តិវិធី ប៉ុន្តែដោយភាពម៉ឺងម៉ាត់ ឱ្យភាគីថៃ គោរពច្បាប់អន្តរជាតិ គោរពព្រំដែនដែលមានមូលដ្ឋានលើឯកសារស្របច្បាប់ និងបញ្ឈប់រាល់សកម្មភាពដែលបង្កការប៉ះពាល់ដល់អធិបតេយ្យកម្ពុជា។ ការសន្ទនា និងកិច្ចចរចា គួរតែបន្ត ប៉ុន្តែការសន្ទនា មិនអាចក្លាយជាមធ្យោបាយសម្រាប់ពន្យារពេល ឬបិទបាំងការទទួលខុសត្រូវបានឡើយ ។
យ៉ាងណាក៏ដោយ ជាសារអំពាវនាវ លោក សេក សុជាតិ បញ្ជាក់ថា ក្នុងពេលជាមួយគ្នា ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ត្រូវមានសាមគ្គីភាព ក្នុងការពារកិត្តិយសជាតិ ដោយប្រើវិធីសន្តិភាព មានវិន័យ និងមានព័ត៌មានត្រឹមត្រូវ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវគោរពការពិត ចៀសវាងការបំភ្លៃ ឬការប្រើពាក្យសម្តីដែលអាចបង្កការស្អប់ខ្ពើមរវាងប្រជាជននិងប្រជាជន។ កម្ពុជា ត្រូវបំបែកឱ្យច្បាស់ រវាងការតវ៉ាចំពោះអំពើ ឈ្លានពាន និងការគោរពចំពោះប្រជាជនសាមញ្ញ ដែលមិនមែនជាអ្នកសម្រេចនយោបាយ។ ជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា គួរត្រូវបានដាក់លើមូលដ្ឋាន ៣យ៉ាង គឺច្បាប់ ភ័ស្តុតាង និងសន្តិភាព។ ក្នុងនោះ ច្បាប់ ធ្វើឱ្យការទាមទាររបស់កម្ពុជា មានសុពលភាព។ រីឯភ័ស្តុតាង ធ្វើឱ្យពិភពលោកមិនអាចមើលរំលងបាន។ ចំណែកសន្តិ ភាព ធ្វើឱ្យកម្ពុជា ឈរលើទីតាំងខ្ពស់ ក្នុងឆាកអន្តរជាតិ ។

លោក សេក សុជាតិ បានបញ្ជាក់លម្អិតបន្ថែមលើចំណុចទាំង៣ នេះថា កម្ពុជា ត្រូវបន្តនិយាយ បន្តបង្ហាញ បន្តប្រមូលភ័ស្តុតាង និងបន្តអំពាវនាវទៅសហគមន៍អន្តរជាតិ ដោយមិនបោះបង់ ព្រោះអធិបតេយ្យជាតិ មិនមែនជារឿងអាចចរចាបោះបង់បានឡើយ។ ទឹកដីជាតិ គឺជាមរតករបស់បុព្វបុរស និងជាកាតព្វកិច្ចរបស់ជំនាន់បច្ចុប្បន្ន ក្នុងការរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ដោយសារតែហេតុនេះ កម្ពុជា ត្រូវបន្តឈរយ៉ាងរឹងមាំ លើគោលការណ៍សន្តិភាព ច្បាប់អន្តរជាតិ និងយុត្តិធម៌។ កម្ពុជា មិនស្វែងរកជម្លោះទេ ប៉ុន្តែកម្ពុជា ក៏មិនអាចស្ងៀមស្ងាត់ចំពោះការរំលោភលើអធិបតេយ្យរបស់ខ្លួនបានដែរ។ សន្តិភាពពិតប្រាកដ មិនអាចកើតចេញពីការមើល រំលងអំពើអយុត្តិធម៌បានឡើយ។ សន្តិភាព ពិតប្រាកដ ត្រូវផ្អែកលើការគោរពគ្នា ការទទួលខុសត្រូវ និងការ អនុវត្តច្បាប់ ដោយស្មើភាព ៕ កុលបុត្រ