ខេត្តកំពង់ឆ្លាំង ៖ ជនក្លែងខ្លួនជាសង្ឃ ចំនួន៦នាក់ និងអ្នកបើកបរម៉ូតូកង់បី ម្នាក់ ត្រូវបានមន្ត្រីសាលាស្រុក មន្ត្រីសង្ឃខេត្ត និងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស គ្រាដែលក្នុងវត្តមានកម្មវិធីធ្វើបុណ្យរាប់បាត្រព្រះសង្ឃ ខួបគម្រប់៦ឆ្នាំ ឧទ្ទិសកុសលប្រគេនព្រះសពលោកឪ សំ ប៊ុនសាន។

សង្ឃក្លែងក្លាយ ទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនាក់ យ៉ុង អាយុ៥៣ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី២-ឈ្មោះប្រាក់ សម្ផស្ស អាយុ១៦ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៣-ឈ្មោះហ៊ាន ឆានន់ អាយុ១៧ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៤-ឈ្មោះឈឹក មិនា អាយុ១៩ ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត។ ទី៥-ឈ្មោះហេង សុផាត់ អាយុ១៩ឆ្នាំ រស់នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ និងទី៦-ឈ្មោះអ៊ូច រដ្ឋាដា អាយុ៣២ឆ្នាំ រស់នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ ដោយឡែក អ្នកបើកម៉ូតូកង់បីម្នាក់ ដែលដឹកសង្ឃក្លែងក្លាយ និងត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរនោះ មានឈ្មោះមូល វ៉ាងស៊ីអ៊ីត អាយុ១៨ឆ្នាំ មុខរបរអ្នកបើកកង់បី រស់នៅភូមិរកាកោង២ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំពោះសម្ភារៈដកហូតបាន រួមមាន បាត្រ ចំនួន៤ កាបូបដាក់ខោអាវ ចំនួន៧ ម៉ូតូកង់បី ចំនួន១គ្រឿង និងទូរស័ព្ទដៃចំ នួន៥គ្រឿង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុស បានឱ្យដឹងថា ដោយមានការសង្ស័យឃើញព្រះសង្ឃ ចំនួន៦អង្គ ទៅដល់ទីតាំងវត្ត បានចូលរួមរាប់បាត្រ ពេលនោះមន្ត្រីសង្ឃ និងលោកឡុច វ៉ាន់នីន ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ស្រុកទឹកផុស បានចូលរួមសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត និងព្រះមន្ត្រីសង្ឃ នៃសាលាអនុគណស្រុកទឹកផុស បានឃាត់សាកសួរ ហើយក៏បានដឹងថា គឺជាសង្ឃក្លែងក្លាយ ចំនួន៦នាក់។

ក្រោយការចាប់បកស្បង់ចីវរ ជនឆបោក ក្លែងជាសង្ឃ ទាំង៦នាក់ រួមទាំងអ្នកបើកបរម៉ូតូកង់បី ១នាក់ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការបន្តតាមនីតិវិធី៕




