ភ្នំពេញ ៖ ក្រុមគ្រួសារមួយ រួមមានប្តីប្រពន្ធនិងកូនតូច ២នាក់ បានជួលផ្ទះគេស្នាក់នៅ និងរកស៊ី កំពុងកាក់កប ស្រាប់តែត្រូវអគ្គិភ័យ ឆេះផ្ទះទាំងយប់ ផ្អើលពលរដ្ឋនិងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ពន្លត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥៦នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១៧៩អា ផ្លូវបេតុង ក្រុម៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។តាមការបំភ្លឺពីប្តីប្រពន្ធជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់កំពុងដេកលក់ ហើយប្រ ពន្ធទើបកូនខ្ចី បាន១ខែ ស្រាប់តែឮសំឡេងបែកផ្កាភ្លើង ក្រឡេកឃើញខ្សែភ្លើងដែលនៅច្រកទ្វារ ហើយសង្ស័យឆ្លងចរន្ត មានអណ្តាតភ្លើងឆេះសម្ភារៈលក់ដូរ ជាបន្តបន្ទាប់ ទើបគាត់ខំយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ នៅតែទប់អណ្តាតភ្លើងមិនជាប់ ក៏សម្រេចចិត្តហៅបីកូន ម្នាក់១ រត់ចេញពីក្នុងផ្ទះ។
ក្នុងហេតុការណ៍នោះ ជនរងគ្រោះជាម្ចាស់ផ្ទះ ទាំង២នាក់ប្តីប្រពន្ធ បានបញ្ជាក់ថា សម្ភារៈដែលគាត់លក់ ច្រើន មុខណាស់ និងមានតម្លៃ រាប់ម៉ឺនដុល្លារ ដោយពួកគាត់ខិតខំតស៊ូលក់តាំងពីតិចតួច រហូតមកដល់បច្ចុប្បន្ន មុខ របរកំពុងតែរីកចម្រើន ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆេះផ្ទះអស់ និងត្រូវសងថ្លៃជួសជុលផ្ទះគេថែមទៀត គិតលែងចេញហើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៣រឿង ប្រើប្រាស់ទឹកអស់ ១៣ឡាន ស្មើនឹង ៧០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនអូស៊ីអាយស៊ី ជ្រោយចង្វា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
ចំពោះប្រភេទសំណង់ ផ្ទះល្វែង ថ្មបេតុង ទំហំ ៤,៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ឆេះខូចខាតកង់អាគុយ ចំនួន១ គ្រឿង សម្ភារៈសិក្សា សម្ភារៈសាឡន អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសម ត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ករណីខាង លើនេះ បានបណ្តាលឱ្យមន្ត្រីស្ម័គ្រចិត្តម្នាក់ បានរងរបួសផងដែរ៕