Wednesday, June 3, 2026
Homeសង្គម និងជីវិតថ្មីមាស សុខសោភា ថាកូនចៅខឹម វាសនា អ្នកចោទជំពាក់បំណុល 7500$ ៥ឆ្នាំ មិនសង

ថ្មីមាស សុខសោភា ថាកូនចៅខឹម វាសនា អ្នកចោទជំពាក់បំណុល 7500$ ៥ឆ្នាំ មិនសង

ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានបុរសម្នាក់ ទម្លាយតាមបណ្តាញសង្គម ថាបានខ្ចីលុយ ៧៥០០ដុល្លារ ៥ឆ្នាំ អត់សង រួចរត់គេចទៅភ្នំត្បែងបាត់ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានចេញមុខប្រតិកម្ម ដោយលើកឡើងថា អ្នកដែលចោទលោកជំពាក់បំណុល ៧៥០០ដុល្លារ ៥ឆ្នាំ អត់សងនោះ គឺជាកូនចៅលោកខឹម វាសនា  អតីតប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក គំពុងពន្យល់ធម៌ដល់សាវ័កនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Sereyvattanak Burey Meyseangheng បានផុសទម្លាយតាមបណ្តាញសង្គមថា ប្តីថ្មីរបស់មាស សុខសោភា គឺលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានខ្ចីលុយ ពីប្អូនរបស់គាត់ ជាអ្នកលក់ដូរនៅមុខអង្គរវត្ត ចំនួន៧៥០០ដុល្លារ ៥ឆ្នាំហើយ មិនសង ទូរស័ព្ទ ក៏មិនលើក ឆាត ក៏មិនតប ហើយពេលនេះ បោកតារាចម្រៀងមាស សុខសោភា បានទាំងអស់ហើយ ក៏នៅតែមិនព្រមសងទៀត។ ដែលការទម្លាយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ សង្គម ចែករំលែកតៗគ្នាព្រោងព្រាត ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយផ្ទុះរឿងរ៉ាវជំពាក់បំណុល ៧៥០០ដុល្លារ អត់សងនោះ នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយឆ្លើយតប ដោយអះអាងថា ក្នុង១ជីវិតលោក រាប់ចាប់តាំងពី កើតពោះម៉ែមក លោកមិនដែលបានខ្ចីលុយអ្នកណា ឱ្យលើសពី ១ពាន់ដុល្លារទេ ហើយលោកបានចោទសួរទៅវិញថា ចុះគេខ្ចីលុយ ៥ឆ្នាំហើយ អត់សង ម៉េចក៏មិនប្តឹងតាមច្បាប់ទៅ? ជាមួយនេះ លោកជឿជាក់ថា មនុស្សដែលចោទលោកជំពាក់បំណុលគេ មិនសងនោះ គឺជាកូនចៅលោកខឹម វាសនា តែម្តង។

លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បាននិយាយតាមវីដេអូ ផ្សាយផ្ទាល់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “លោកឪ ឆ្លៀតឡើងមកសំណេះសំណាលជាមួយកូនៗបន្តិច ហើយការឡើងមកនេះ មិនមែនឡើងមក ដើម្បីចែករំលែកព្រះធម៌អីទេ គ្រាន់តែថា ប៉ុន្មានថ្ងៃមកនេះ មានកូនៗជាច្រើន ដែលបានឆាតមកសួរលោកឪ ពាក់ព័ន្ធនឹងរឿងខ្លះ ដែលមនុស្សមួយចំនួន នៅតែតាមប្រមាញ់ តាមធ្វើបាបលោកឪ គ្រប់ ពេលវេលា អត់ចេះឈប់ លោកឪ អត់ដឹងថា ពួកគាត់ចង់បានអីពីលោកឪ ឱ្យបានច្បាស់លាស់ទេ លោកឪ ដូចឆ្ងល់មែនទែន អានេះគេហៅថា រន្ទះបាញ់ អត់ងាប់មែន រន្ទះបាញ់អត់ត្រូវមែន! ពិបាកមែនទែនហ្មង ដូចអត់ចេះចប់សោះ ឥឡូវល្បីអីណាថា លោកឪ ជំពាក់លុយគេ ៧៥០០ដុល្លារ ហើយ៤-៥ឆ្នាំស្អីណាណី លោកឪ កំពុងតែឱ្យកូនៗ តាមរកមុខអ្នកដែលថា លោកឪ ជំពាក់លុយគេនោះ ព្រោះវាដូចជាហួសហេតុពេក ពួកនេះ យូរទៅ អត់ការងារអីធើ គិតតែរកវិធីគ្រប់យ៉ាងហ្មង អត់ឱ្យបានសុខសោះ។ លោកឪ តាំងពីកើតពោះម៉ែលោកឪមក លោកឪ មិនដែលបានខ្ចីលុយពីណាសូម្បីតែឱ្យលើសពី ១ពាន់ទេ លោកឪ និយាយត្រង់ មានតែគេយកពីលោកឪវិញ ឥឡូវចេញមកអាខោនហ្វេសប៊ុក ណានោះ ថាលោកឪ ជំពាក់លុយគេ ៧៥០០ដុល្លារ នៅមុខអង្គរ អីណា ណី ឥឡូវលោកឪ ប្រាប់ អ្នកណាចេញមុខមក ពីណាថាលោកឪ ជំពាក់លុយ ៧៥០០ ចេញមក រួចម៉េចក៏មិនប្តឹង យូរណាស់ហើយ ៥ឆ្នាំហើយហ្នឹង? ចេញមក ហើយនាងណានោះ មកថាឯងហ្នឹង ខូចខ្លួនដោយសារឯងអីណា ណីទៀតហើយ ដឹងប្រវត្តិយើងច្បាស់ដែរពួកហ្នុង ស្រីៗហ្នឹង ឆ្ងល់មែនទែនណា អត់ការងារធ្វើទេអី បាននាំគ្នាធ្វើអ៊ីចឹង? វាធ្វើមើលតែឯងហ្នឹងឃើញស្រីហ្នឹង… លោកឪ មិនចង់និយាយទេ មែនតើ! ស្រីៗអស់នេះ មែនតើ វាដូចអត់មានទំនៀមទម្លាប់ ជាប្រពៃណីខ្លួនជាស្រីអី អត់សោះហ្មង ពិបាកមែនទែន អ្នកឯងមកចំទែង ស្អាតជាងឋានសួគ៌ក៏ដោយ កុំមកឡេឡឺអ៊ីចឹង…”។

លោកពេជ្រ សង្វារវង្ស បានបន្តថា “ចុម! ម៉េចអ៊ីចេះពួកនេះ ដូចហួសហេតុពេក អាឯងមកនៅឆ្ងាយហើយហ្នឹងណា នៅតាមប្រមាញ់ឯង អត់ចេះចប់ចេះអីសោះពួកនេះ អង្កាល់បានឈប់? ឥឡូវនេះ លោកឪ សួរពួកហ្នឹងមើល ហើយអ្នកដែលបង្ហោះហ្នឹង ប្រហែលកូនចៅខឹម វាសនា តាមលោកឪ ឆែកមើល ដែលប្រកូកប្រកាស ដៀលលោកឪ ជំពាក់លុយ ស្អីណា ៧៥០០ដុល្លារ អីណាណី ប្រហែលជាកូនចៅខឹម វាសនា ។ ហើយចង់សួរទៅកូនម្នាក់ហ្នុងវិញ លោកឪ មានទំនាស់អីជាមួយពួកកូនឯង បានជាកូនឯង រកវិធីដើម្បីបរិហារកេរ្តិ៍លោកឪ អ៊ីចឹង? ល្មមឈប់ទៅ យើងជាខ្មែរដូចគ្នា កុំនាំគ្នាធ្វើអ៊ីចឹង សង្គមយើង បាត់បង់អាទំនៀមទម្លាប់ហ្នឹងអស់ហើយនេះ អត់ដឹងខុសដឹងត្រូវ លោកឪ ឆ្ងល់ដល់ហើយ ឥឡូវចេញមុខមក អ្នកណាគេថាលោកឪ ជំពាក់លុយណា ចេញមក ចេញមុខមក វាហួសហេតុពេកហើយ…”។

តាសក់សភ្នំត្បែង បានបន្តថា “ហើយនាងម្នាក់ស្រីនោះ ក៏អ៊ីចឹងដែរ ថាបានខូចខ្លួនជាមួយលោកឪណា តាំងពីក្រមុំ តាំងពីអីណាណី យី! លោកឪ នៅកំលោះ តែមនុស្សស្រី លោកឪ មិនហ៊ាននិយាយជាមួយផង លោកឪ និយាយឱ្យអស់ រហូតដល់គេចាប់បង្ខំលោកឪទៀត លោកឪ មិនព្រមផង មិនចេះតែឃើញស្រីផ្តេសផ្តាសទេ លោកឪ ប្រាប់ឱ្យច្បាស់អ៊ីចេះ ហើយពួកនាងឯងនេះ អញមិនដែលស្គាល់សោះ មុខមួយៗដូចក្រពើ រួចថា មកខូចខ្លួននឹងឯង យី! អ្នកឯងហ្នឹងស្អី នាងអើយនាង! ខ្លួនជាស្រី ម៉េចក៏និយាយអ៊ីចឹង? លោកឪ នៅកំលោះ តែមនុស្សស្រី លោកឪ មិនហ៊ាននិយាយជាមួយផង រហូតដល់គេចាប់លោកឪទៀត គេចាប់បង្ខំលោកឪ មិនបាន គេទៅប្តឹងដល់មេទៀត មេទាហានទៀត រួចមុខលោកឪ ទៅចាប់គេកើត ដៃម្ខាងហ្នឹង? អាណាចាប់គេ អាណាអី? អ្នកចោទហ្នឹង ចោទអត់ដឹងអីសោះហ្មង ល្មមឈប់ទៅណា យើងទាំងអស់គ្នានេះ យើងជាខ្មែរ ដូចគ្នាទេ ល្មមយកពេលវេលានេះ ទៅគិតគូរជួយសង្គ្រោះ មើលប្រទេសជាតិយើងនោះ ជួយគាំទ្រដល់អស់លោក អ្នកមានបុណ្យ ដែលមានតួនាទីដឹកនាំផ្លូវលោករបស់យើង រាល់ថ្ងៃ ឱ្យគាត់មានកម្លាំងចិត្តក្នុងការជួយការពារយើងទាំង អស់គ្នា កុំលើកយករឿងឯកជនរបស់លោកឪ ដដែលៗៗ បរិហារកេរ្តិ៍ ទាំងគ្មានការពិតហ្នឹង ចង់បានអីពីលោកឪ ឥឡូវនេះ? លោកឪ អត់មានអីសោះហ្មងរាល់ថ្ងៃនេះ ដូចអត់ចេះខ្មាសគេទេអី? ដូចឆ្ងល់មែនទែន? ល្មមឈប់ទៅណា ពួកអស់លោកទាំងឡាយហ្នុង យករូបគេទៅកាត់ត តែពាស ធ្វើជារឿងសប្បាយរបស់ខ្លួនឯងអ៊ីចឹងទៅកើត គ្មានសណ្តាប់ធ្នាប់ គ្មានគុណធម៌ គ្មានសីលធម៌ក្នុងខ្លួនសោះ ខ្មែរឥឡូវ ពិបាកមែនទែន មិនដឹងអង្កាល់ភ្ញាក់ខ្លួនទេ មនុស្សលោក ឥឡូវនេះ ពិបាកនិយាយមែនទែនហើយ និយាយភាសាមនុស្ស ស្តាប់គ្នាលែងបានអស់ហើយឥឡូវ…”។

ប្តីថ្មីតារាចម្រៀង មាស សុខសោភា បានបន្តទៀតថា “អាណាគេដែលថា លោកឪ ជំពាក់លុយ ចេញមក ចេញមុខមក ច្បាប់មាន អ្ហែងក៏មិនប្តឹង? រយៈពេល ៥ឆ្នាំ ដែលអញនៅបួសនៅលើភ្នំត្បែង ហើយមីណាគេ ដែលថាអញខូចខ្លួនអីណា តាំងពីនៅក្រមុំ នៅអីហ្នឹង មើលនាងឯងមុខយ៉ាងម៉េច ចេញមកមើល! ងាប់ហើយ! អញមានតែស្រីបើកឱ្យ អញមិនទៅលេងផង អញប្រាប់ទៅ មុខពួកនាងឯងនេះ ដូចគ្មាន… អត់មានរឿងអីក្រៅពីរឿងអ៊ីចឹងៗសោះមួយៗ ផ្តេសផ្តាសមែន យូរទៅ! ប្រពន្ធរបស់យើង បើសិនជាយើងជ្រើសយកប្រ ពន្ធណា មិនមែនចរិតដូចស្រីអាវ៉ាសែ ចូលមកជេរប្រមាថ និយាយគ្មានដឹងខុសត្រូវអ៊ីចឹងទេ យល់ទេ? មនុស្សស្រីដែលយើងយកធ្វើប្រពន្ធ ធ្វើភរិយាហ្នឹងណា មិនមែនដូចពួកអស់នាងទេ ពួកនាង មិនមែនស្រីទេ សុទ្ធតែយក្ខិនី ទាំងអស់ ចេញមកហ្នឹង ល្មមកែខ្លួនហើយ ដូចហួសហេតុពេក យូរទៅដូចអត់មានបានទុកឱ្យសុខសោះ យកឈ្មោះឯង ទៅធ្វើរឿងនេះ ទៅធ្វើរឿងនោះ កាត់តតែពាស សុខៗថាឯងហ្នឹងខ្ទើយ មានប្តីនៅ អាមេរិក មីមួយណានោះ អស់ពីអញប្តីវា ទៅជាអញហ្នឹងខ្ទើយ ឈប់ទៅ! បានការអី បានប្រយោជន៍ស្អី? នាំគ្នាបំពុល វាហួសហេតុពេក អាឯងមកនៅឆ្ងាយ ក្រៅស្រុកហើយហ្នឹងណា តាមប្រមាញ់ លងឯងទាល់តែបានមែន អើយ! សុំខ្លាចហើយ សុំអង្វរមនុស្សអស់ហ្នឹងហើយមែនតើ អ្នកចង់បានអីពីយើង ឥឡូវនិយាយឱ្យច្បាស់មក? កុំយកកេរ្តិ៍ឈ្មោះយើង ទៅបំពុលឱ្យច្របូកច្របល់ពេញតែនេះអ៊ីចឹង…”។

លោកពេជ្រ សង្វារវង្ស ប្តីតារាចម្រៀង មាស សុខសោភា បានបន្ថែមថា “ឥឡូវមិនឱ្យយើងចេញទេសនាធម៌ ឥឡូវយើងអត់ចេញឯណា កន្លងមក យើងខំចែករំលែកអំពីចំណេះដឹង ដែលពាក់ព័ន្ធព្រះធម៌ក្នុងព្រហ្មញ្ញសាសនា យ៉ាងម៉េច សាសនាគ្រិស្ត ម៉េចអីម៉េច ឥឡូវភ័យខ្លាចគ្រប់គ្នាហើយបែប មិនឱ្យយើងចេញទេសនា យើងក៏អត់ចេញដែរ យើងក៏មិនខ្វល់អីតទៅទៀតទេ ប៉ុន្តែកុំយកឈ្មោះយើងទៅធ្វើរឿងអ៊ីចឹង វាដូចហួសហេតុពេក។ លោកឪ ប្រាប់កូនទាំងឡាយ ដែលជាញាតិព្រះធម៌ណា លោកឪ តាំងពីកើតពោះម៉ែ ដឹងក្តី លោកឪ អត់ដែលទៅខ្ចីលុយពីណាទេ ឥឡូវតាំងពីមានរឿងមក ចេញមកសព្វគ្រប់អស់ហើយ ឯងនេះ គ្រូបារមី អីណា ចេះអាគមស្នេហ៍ស្នូកអីណា អីក៏មានអស់ហើយ ចេញមកអស់ហើយ ឯងប្រាប់តាំងពីដើមថា លោកឪ មិនមែនជាគ្រូអា គម គ្រូបារមី ម្ចាស់អូន ម្ចាស់បង អន្ទងចូលរូប និយាយភាសាឋានអីផ្តេសផ្តាសអីដូចគេទេ លោកឪ គ្រាន់តែជាអ្នកបួស យកការសមាធិ ជាគោល តែប៉ុណ្ណឹង។ ប៉ុន្តែពេលរឿងផ្ទុះឡើង ចេញមកអស់ សុទ្ធតែលោកឪ គ្រូបារមី ចេះស្នេហ៍ ចេះអី ចេះចុះ ស្តាប់មើលទេវកថារបស់លោកឪ លោកឪ មានតែហាមឃាត់ថា កុំនាំគ្នារៀននូវវិជ្ជាអ៊ីចឹងៗ វាមិនល្អទេ នាំគ្នាប្រឹងប្រែងរៀនតាមដំណើរធម្មជាតិខ្លួនឯង យកការសមាធិ ជាគោលទៅ ដើម្បីឱ្យវាកើនបញ្ញា ទទួលបាននូវការត្រាស់ដឹង ស្គាល់ខ្លួនឯងច្បាស់ថា ខ្លួនឯងហ្នឹង វាមករស់ក្នុងជាតិហ្នឹង មកដើម្បីអី? ឱ្យដឹង និយាយប្រាប់គ្រប់ទេវកថាទាំងអស់ វាទៅជាមួយរឿងសិទ្ធិឯកជនរបស់គេ ទៅធ្វើជារឿងសប្បាយលេងសើចរបស់ពួកឯងទៅវិញ។ យើងមិនខឹងទេ តែឯងធ្វើនេះ វាជ្រុល វាបាត់បង់សីលធម៌សង្គម មនុស្សជុំវិញពិភ ពលោក បរទេសខ្លះ ក៏គេចេះខ្មែរ គេចូលមក ឃើញតែខ្មែរ ឈ្លោះគ្នា ជេរគ្នា បង្អាប់គ្នា ហែកគ្នា គ្មានទីបញ្ចប់ មិនដឹងថា ពេលណាទើបឈប់? បើទំនេរខ្លាំង នាំគ្នាយករឿងទៅជួយមើលប្រទេសជាតិ ជួយគាំទ្រដល់អ្នកមានបុណ្យរបស់យើង ដែលមានតួនាទីដឹកនាំផ្លូវលោក រាល់ថ្ងៃ ដែលគាត់កំពុងធ្វើនេះ ឱ្យគាត់មានកម្លាំងចិត្ត កុំនាំគ្នាបំពុល ពួកឯងអ្នកបំពុល មកថាយើងអ្នកបំពុល យើងបង្ហោះរូបតែខ្លួនយើង យើងធ្វើអីតែខ្លួនយើង តែឯងយកឈ្មោះយើង ទៅធ្វើរឿងអីដែលមិនគួរធ្វើ តើឯងជាមនុស្ស ឬក៏មិនមែនមនុស្ស? មើលឆ្ងល់ណាស់នេះ! ថាពីមុនទៅ លោកឪ នៅបួស លោកឪ នៅគ្រងចីវរ ឥឡូវលោកឪសឹក លាចាកសិក្ខាបទ ៣-៤ឆ្នាំទៅហើយ នៅតែថា ឯងឥសី ដឹងមើលម៉េចឃើញឥសី ឃើញតាបស? ដដែលៗៗៗ អត់ការងារធ្វើ យកអារឿងអត់ប្រយោជន៍មក ខ្ញុំសូមអង្វរលោកទាំងឡាយ ឈប់ទៅ ឈប់បានឈប់ទៅ កុំនាំគ្នាធ្វើអ៊ីចឹងទៀត…”។

បន្ទាប់មក នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាសក់សភ្នំត្បែង បានបង្ហោះសំណេរមួយថា “សួស្តីកូនៗ ដែលជាញាតិព្រះធម៌គ្រប់អង្គ ដែលតែងតែហៅលោកឪ ថាលោកឪៗ កន្លងមក មេត្តាជ្រា បថា ៖ ចាប់ពីពេលនេះតទៅ សូមកុំនាំគ្នាហៅលោកឪ តទៅទៀត ព្រោះរហស្សនាមនេះ មានគេច្រណែនច្រើន ណាស់។ ដូច្នេះទុករហស្សនាម លោកឪ ពីរម៉ាត់នេះ ទៅឱ្យអ្នកដែលចង់បាន យកទៅប្រើចុះ។ ចាំមើលមានពួកអាសត្វម្ករណាខ្លះចេញមកទើសយើងទៀត? កូនៗទាំងអស់គ្នា អាចប្តូរពាក្យលោកឪ មកហៅថា បង ឬប្អូន ឬពូ ឬក៏អ៊ំ ជំនួសក៏បាន…”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Sereyvattanak Burey Meyseangheng បានបង្ហោះរូបភាពតារាចម្រៀង មាស សុខសោភា និងលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ជាមួយសំណេរថា “អ្នកដែលមិនពាក់ព័ន្ធ សូមអែបខាង យើងលេងអាកំបុត ឱ្យវាក្រាបម្តង លែងឱ្យព្រហើនចេញមកទៀត! លុយមាន មិនសងទេ សួរពេលណា ថាអត់មានរហូត កាលឯងខ្ចី គឺឯងអង្វរ ដៃតែម្ខាង លើកសុំអង្វរ ដល់ពេលមានលុយ រត់គេចទៅភ្នំត្បែង។ វាមិនមែនជំពាក់លុយយើងផ្ទាល់ទេ តែវា ជំពាក់លុយប្អូនយើង ដែលលក់នៅមុខអង្គរវត្ត លុយចំនួន 7500$ វាខ្ចី ៥ឆ្នាំហើយ ខលទៅ ក៏លែងលើក ឆាតទៅ​ក៏មិនឆ្លើយតប តែអីឡូវបែរជាបោកកាភា បានទាំងអស់ហ្មង ក៏នៅតែមិនព្រមសងទៀត អាកំបុត ឥសីក្លែងភេទ អាចក្រាវុទ្ធ។ និយាយឱ្យហើយ អ្នកមិនពាក់ព័ន្ធ ហាមចូលខម្មិនលូកមាត់ ព្រោះយើងសំដៅលើតែអាកំបុត ប៉ុណ្ណោះ កាភា មិនមានបញ្ហាអីជាមួយយើងទេ តែរូបទាំងអស់នេះ វាពាក់ព័ន្ធនឹងអាកំបុត ទើបយើងផុសទៅ…”។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ ស្រីស្អាតម្នាក់ ដែលអះអាងថា ជាប្រពន្ធតាសក់សភ្នំត្បែង បានចេញមុខទួញយំទាមទារឱ្យមាស សុខសោភា សងប្តីមកវិញ បានអះអាងថា ខ្លួនធ្លាប់ធ្វើបុណ្យជាមួយលោកឪ (តាសក់សភ្នំត្បែង) ដោយគ្មានស្តាយស្រណោះនូវទ្រព្យសម្បត្តិ សូម្បីតែចិញ្ចៀនពេជ្រ ខ្សែកពេជ្រ ក្រវិលពេជ្រ ក៏យកទៅលក់ ដើម្បីយកជាបច្ច័យ ទៅឱ្យលោកឪដែរ តែពេលដែលខ្លួនអស់ប្រយោជន៍ គេបឺតជញ្ជក់ឈាម បឺតលុយអស់ ក៏ចាប់ផ្តើមរៀបគម្រោងទាត់ចេញពីក្រុម រហូតចោទថា ជាមនុស្សបែកធម៌ ឬមានបិសាចក្នុងខ្លួនទៅវិញ។ មិនតែប៉ុណ្ណោះ ស្រីស្អាតរូបនេះ ថែមទាំងអះអាងថា ប្តីមាស សុខសោភា (តាក់សក់សភ្នំត្បែង) គឺជាខ្ទើយ និងជាប្រពន្អគេដែរ ទៀតផង៕ ដារិទ្ធ

RELATED ARTICLES