Wednesday, May 27, 2026
Homeសង្គម និងជីវិតមាស សុខសោភា ផ្តាំអតីតប្តី ឈប់ជួលស្រី តាមខាំ

មាស សុខសោភា ផ្តាំអតីតប្តី ឈប់ជួលស្រី តាមខាំ

ភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា បានចេញមុខផ្ញើសារផ្តាំទៅអតីតប្តី លោកអ៊ិត រ៉ាដា ឱ្យឈប់ចង កម្មពៀរជាមួយនាងតទៅទៀត ព្រោះបានលែងលះគ្នា ចែកទាំងទ្រព្យ មានទាំងកិច្ចសន្យា តែអតីតប្តី តាមបំផ្លាញកេរ្តិ៍ឈ្មោះ កិត្តិយសនាងខ្ទេចខ្ទី រលាយរលត់ មិនអស់ចិត្ត រហូតដល់ជួលមនុស្សស្រី ឱ្យមកនិយាយដើម បង្កាច់បង្ខូចប្តីថ្មីរបស់នាង (តាសក់សភ្នំត្បែង) ទៀតផង ដូច្នេះ នាងផ្ទាំទៅអតីតប្តី ឈប់តាមខាំនាង និងប្តីថ្មីទៀត។

កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង មាស សុខសោភាបានចេញវីដេអូ បកស្រាយពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទៅនឹងអតីតប្តី គឺលោកអ៊ិត រ៉ាដា ដោយអះអាងថា លោកអ៊ិត រ៉ាដា ដែលបានលែងលះគ្នាដាច់ស្រេច អស់រយៈពេល ១ឆ្នាំទៅហើយ នៅតែតាមយាយីជីវិតរបស់នាង និងប្តីថ្មី តាសក់សភ្នំត្បែង តាមគ្រប់រូបភាព ពោលគឺអតីតប្តីនេះ តាមខាំនាងមិនលែង  រហូតធ្វើឱ្យនាងទ្រាំលែងបាន សម្រេចចិត្តចេញមកបកស្បែកមុខអតីតប្តីនេះ។

ជាមួយវីដេអូ តារាចម្រៀង មាស សុខសោភា បានផ្ញើសារទៅអតីតប្តីថា “នេះជាសារចុងក្រោយ ផ្ញើជូនទៅដល់បុគ្គលដែលតែងតែតាមខាំខ្ញុំ មិនលែង សូមបញ្ឈប់ជាបន្ទាន់…”។

នៅក្នុងវីដេអូនោះ តារាចម្រៀង មាស សុខសោភា បានរៀបរាប់ថា “ហេតុអីបុគ្គលម្នាក់ ដែលជាអតីតប្តីរបស់ខ្ញុំចាស់ហ្នឹង គាត់នៅមិនដាច់មិនស្រេច មិនហើយដល់ណាទៀតជាមួយខ្ញុំ? ខ្ញុំសួរចេះវិញ នេះណា ខ្ញុំចាប់បាន ហើយមានអ្វីដែលលាក់បាំងនៅពីក្រោយហ្នឹង ដែលខ្ញុំដឹងទៀត ដាច់ស្រេចជាមួយខ្ញុំអស់ហើយ ឥឡូវហ្នឹង នៅតាមចងកម្មចងពៀរដល់ណាទៀត បុគ្គលម្នាក់ហ្នឹង? ខ្ញុំអត់យល់ទេនេះ បង្កាច់បង្ខូចឈ្មោះខ្ញុំ រហូតមកដល់ឥឡូវហ្នឹង វាខ្ទេចខ្ទី រលាយរលត់អស់ហើយ ដោយសារវាហ្នឹងឯង ហើយមិនអស់មិនហើយអីទៀត ខ្ញុំនៅប្រពន្ធវាដល់ណាទៀត? ខ្ញុំលែងលះវាដាច់ស្រេច រហូតដល់ឱ្យចែកទ្រព្យសម្បត្តិឱ្យគេទៀត ទាំងគេចូលមកក្នុងជីវិតខ្ញុំ អត់មានអីឱ្យខ្ញុំទេ មានកិច្ចសន្យាមិនហែកហួរទេ បែកគ្នាដោយសន្តិវិធី បែបនេះ បែបនោះអ៊ីចឹងទៅ និយាយអស់ហើយនៅក្នុងហ្នឹង ឥឡូវចេញមកទៀតរហូត មិនអស់មិនហើយ ជួលឱ្យមីក្មេងពាលនោះ និយាយដើមលោកឪ បង្កាច់បង្ខូចលោកឪហ្នឹង សុទ្ធតែលោកឪ ជាមនុស្សមួយដែលយកប្រពន្ធគេ លោកឪហ្នឹង ជាខ្ទើយ លោកឪហ្នឹង ជាប្តីរបស់មីក្មេងពាលហ្នឹងអ៊ីចឹងទៅ ហើយឥឡូវហ្នឹង វាថាអត់ទេ លោកឪហ្នឹង អត់បានអីវាទេ ស្មានថាធ្វើអី ខ្ញុំអត់ដឹងមែន? អ្នកឯងជួលស្រីខារ៉ាអូខេ មកបង្កាច់បង្ខូចឈ្មោះលោកឪ ទៅស៊ើបរឿងលោកឪ គ្រប់បែបយ៉ាង សាងកម្មពៀរជាមួយខ្ញុំ មិនអស់ចិត្ត ១៦ឆ្នាំហើយ មកសាងកម្មពៀរជាមួយលោកឪទៀត អ្នកឯងឡើងទៅលើភ្នំ ប្រមាថលោកឪ រកសម្លាប់លោកឪ គំរាមសម្លាប់លោកឪ នៅអាស្រមអីនោះ គេក៏ដឹងឮគ្រប់គ្នាដែរ ឱ្យវាល្មមៗបានទៅ…”។

តារាចម្រៀង មាស សុខសោភា បានបន្តថា “កេរ្តិ៍ឈ្មោះខ្ញុំ វារលាយរលត់ ដោយសារបុគ្គលម្នាក់ហ្នឹងឯង ដែលបង្កើតធីម បង្កើតបក្ខ ពួកហ្នឹង មកប៊ូលី (bully) យើងសព្វគ្រប់ប្រការអស់ហើយ អាអត់ចេះសរសេរខ្មែរទេ សុខចិត្តបកប្រែភាសាខ្មែរ មកខម្មិនជេរយើង ខម្មិនសើចយំរឿងជីវិតរបស់យើងអីចឹងទៅ បន្ទាប់បែកពីវាហ្នុង ឱ្យមហាជនមើលមកយើង ជាមនុស្សល្ងង់ ឡប់សតិ អាក្រក់ ជាបុគ្គលដែលក្បត់ប្តី ទាំងខ្ញុំ អ្នកឯងនិយាយជា មួយខ្ញុំ វាច្រើនពេកហើយ កាលខ្ញុំរស់នៅជាមួយអ្នក ១៦ឆ្នាំនោះ ដូចនរកបែបអ៊ីចឹង ចុះនរកទាំងរស់ អ្នកមានដែលដឹងទេ ពីអារម្មណ៍នៅខាងក្នុងរបស់ខ្ញុំ? បើសិនជាអ្នកវ៉ៃខ្ញុំឱ្យខ្ទេចមុខណា វាខ្ទេចវ៉ល់អស់ហើយ តែអ្នកឯងចូលចិត្តវ៉ៃពីខាងក្នុងរបស់ខ្ញុំ វ៉ៃផ្លូវចិត្តខាងក្នុងរបស់ខ្ញុំ គ្រាំគ្រាដូចធ្លាក់នរកអ៊ីចឹង នៅ១៦ឆ្នាំហ្នឹង ឥឡូវខ្ញុំចេញពីនរកវិញហើយ ចង់ប្រាប់អ្នកតែប៉ុណ្ណឹង ហើយឈប់ចងកម្មចងពៀរ ជាមួយខ្ញុំទៅ…”។

តារាចម្រៀង មាស សុខសោភា បានបន្តទៀតថា “នេះជាវីដេអូចុងក្រោយ ដែលខ្ញុំចង់ផ្តាំទៅបុគ្គលដែលជាអតីតប្តីខ្ញុំហ្នឹង ឈប់សាងកម្មពៀរជាមួយខ្ញុំទៀតទៅ អ្នកធ្វើអី ក៏ខ្ញុំដឹងដែរ ហើយខ្ញុំលែងខ្មាសហើយ ពីពេលនេះតទៅ បងប្អូនមហាជន ចង់ជឿមិនជឿ ជេរខ្ញុំក៏ជេរទៀតទៅ ខ្ញុំអត់ខឹងទេ ព្រោះខ្ញុំដឹងថា ដើមហេតុទាំងអស់ គឺដោយសារម្នាក់ហ្នឹង ព្រោះខ្ញុំស្គាល់សន្តានច្បាស់ ១៦ឆ្នាំ គឺសេចក្តីសុខរបស់គេ គឺចូលចិត្តនិយាយប៊ូលីពីគេ ជាពិសេស តែមិនត្រូវអារម្មណ៍របស់ខ្លួនវា គឺវាថាយើងឡប់ឆ្កួត យើងនឹងចចេសរឹងរូស មិនគួរឱ្យស្រលាញ់ទេ យកយើងទៅឱ្យម៉ែយើងវិញ ពេលយើងអត់ស្តាប់សម្តីគេ យកយើងទៅជូនម៉ែយើងវិញទៅ ភា ពិបាកនិយាយគ្នា ភា យ៉ាប់ណាស់ យកភា ទៅជូនបងណាក់ វិញទៅ ទៅប្រាប់ប្អូនប្រុសខ្ញុំសុទ្ធតែចេះចុះ ទៅប្រាប់អ្នក make up អ្នកស្អីៗ អ្នកជុំវិញខ្លួនខ្ញុំ អ្នករាំ អ្នកអី ខ្ញុំវាអាក្រក់ណាស់ អ្នកឯងណា នៅជាមួយខ្ញុំ វាធ្វើឱ្យខ្ញុំសប្បាយចិត្ត ឬក៏មិនសប្បាយចិត្ត បើខ្ញុំសប្បាយចិត្ត ខ្ញុំនៅជាមួយអ្នកហើយ ខ្ញុំទ្រាំអស់ហើយ ការទ្រាំរបស់ខ្ញុំ វាទឹកភ្នែក វាលែងចេញ វាលែងហូរអស់ហើយ វាគាំង…”។

 មាស សុខ សោភា បន្ថែមថា “ហើយផ្លូវដែលខ្ញុំដើរមកដល់នេះ ជាមួយលោកឪ ក៏ខ្ញុំគ្មានជម្រើសដែរ ហើយអ្វីដែលផ្តើម គឺមកពីអ្នក ដែលធ្វើឱ្យខ្ញុំជ្រើសរើសយកផ្លូវហ្នឹង ខ្ញុំចង់ប្រាប់មហាជនប៉ុណ្ណឹង ហើយខ្ញុំក៏ចង់ផ្តាំវីដេអូចុងក្រោយរបស់ខ្ញុំ ទៅបុគ្គលពាលហ្នឹងដែរ ឈប់សាងកម្មពៀរជាមួយខ្ញុំទៀតទៅ ជាមួយលោកឪ ទៀតទៅ លោកអើយលោក! គេវង្វេងវង្វាន់ដោយសារអ្នកខ្លាំងណាស់ ខ្ញុំនេះវាអស់កេរ្តិ៍ឈ្មោះហើយ វាលែងស្តាយអីកេរ្តិ៍ឈ្មោះ វាទ្រាំអស់ហើយ សុខចិត្តឱ្យលុយឱ្យអី កុំឱ្យគេនិយាយហែកកេរ្តិ៍យើង យើងខ្មាសគេ ឥឡូវហ្នឹង វារលាយរលត់ ដោយសារវាហ្នឹងឯង កេរ្តិ៍ឈ្មោះក្នុងសង្គម វាស្អុយ ដោយសារបុគ្គលហ្នឹង អ៊ីចឹងក៏ខ្ញុំអត់ខ្លាចដែរ ដែលខ្ញុំត្រូវតែនិយាយវិញ សាងកម្មពៀរមិនឆ្អែត មិនហើយទេ មិនដឹងពេលណា ត្រូវចប់ ហ៊ឺយ! អត់យល់…”។

មាស សុខសោភា បានបន្ថែមទៀតថា “ហើយយើងស្អីតិចក៏ត្រូវមន្តអាគមដែរ សុទ្ធតែយើងត្រូវមនោគមន៍វិជ្ជា មនោគមន៍វិជ្ជា វាខុសពីសច្ចធម៌ សច្ចធម៌ ជាពាក្យពិត ស្នេហ៍ ជាស្នេហ៍ពិត អ្វីដែលល្អ ទង្វើល្អ គឺគេស្រលាញ់ហើយ ខ្ញុំអាយុ៥០ហើយ ខ្ញុំដឹងសដឹងខ្មៅ ដឹងច្បាស់ គ្មានអ្នកណាមករស់នៅក្នុងជីវិតប្តីប្រពន្ធខ្ញុំទេ ១៦ឆ្នាំ ខ្ញុំទ្រាំរស់នៅបែបណា? ខ្ញុំទ្រាំណាស់ ព្រោះខ្ញុំខ្មាសគេ ខ្ញុំជាមនុស្សមហាជន ខ្ញុំមានកិត្តិយស តែកិត្តិយសខ្ញុំ ឥឡូវវាខ្ទេចដោយសារម្នាក់ហ្នឹង អ៊ីចឹងខ្ញុំក៏ត្រូវតែចេញមកដែរ មកបកស្បែកមុខវាដែរ ព្រោះប្រទេសមានច្បាប់ អ្វីៗក៏ខ្ញុំឱ្យទាំងអស់ ព្យាយាមហើយ នេះឬដែលអ្នកថា ស្រលាញ់ខ្ញុំ?…”។

ជុំវិញការបញ្ចេញប្រតិកម្មរបស់តារាចម្រៀង មាស សុខសោភា ខាងលើនេះ នៅមិនទាន់មានប្រតិកម្មឆ្លើយតបពីលោក អ៊ិត រ៉ាដា ជាអតីតស្វាមី នៅឡើយ កាលពីម្សិលមិញ។

គួររំលឹកថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យនោះមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខទេ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ។ នាងថា ជីវិតប្តីប្រពន្ធ ១៦ឆ្នាំរបស់នាង គឺប្រៀបបាននឹងរស់នៅក្នុងឋាននរក ហើយតាំងពីចូលក្នុងជីវិតនាង ប្តីមិនដែលផ្តល់អ្វីឱ្យនាងឡើយ តែពេល លែងលះវិញ នាងចែកទាំងទ្រព្យយ៉ាងសន្ធឹកសន្ធាប់ឱ្យថែមទៀតផង៕ ដារិទ្ធ

RELATED ARTICLES