Wednesday, June 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ នៅវីឡាឧត្តមសេនីយ៍ វ៉ៃខ្នោះ២៧នាក់

បង្ក្រាបឆបោកអនឡាញ នៅវីឡាឧត្តមសេនីយ៍ វ៉ៃខ្នោះ២៧នាក់

ខេត្តបាត់ដំបងៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះវីឡា ១កន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់ឧត្តម mសេនីយ៍ម្នាក់ ដោយក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជិត ៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online Scams។

ប្រតិបត្តិការបង្ក្រាបករណី Online Scams ខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទីតាំងផ្ទះវីឡា លេខ៣៣៦ ក្រុមទី៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលផ្ទះវីឡានេះ ជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។

ប្រតិបត្តិការខាងលើ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីលោកសុខ លូ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បាត់ដំបង។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនបរទេស ចំនួន ២៧នាក់ (ស្រី៩នាក់) រួមមាន ហ្វីលីពីន ២៣នាក់ (ស្រី៨នាក់) មីយ៉ាន់ម៉ា ២នាក់ (ស្រី១នាក់) នីហ្សេរីយ៉ា ១នាក់ និងសេរ៉ាឡេអូន ១នាក់ ព្រមទាំងជនជាតិខ្មែរ ចំនួន៧នាក់ ពាក់ព័ន្ធប្រព្រឹត្ត Online Scams ដោយពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរត់ចេញពីគោលដៅផ្សេង ក្រោយការបង្ក្រាប។

តាមការត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិ ឃើញថា ពិតជាករណី Online Scams ហើយវត្ថុតាង ទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ ចំពោះផ្ទះវីឡាខាងលើ ត្រូវបានបិទសៀល និងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ទទួលខុសត្រូវ។

ឆ្លងតាមការបង្ក្រាប ២ករណី ក្នុងក្រុងបាត់ដំបង ដែលទើបតែចាប់ផ្តើមសកម្មភាពកម្លាំងសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ បង្ហាញថា អាចមានទីតាំងផ្សេងទៀត ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជា ទ្រង់ទ្រាយតូចៗនេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕

RELATED ARTICLES