Wednesday, June 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញប្លន់ចំប៉ូលិស ជាប់ខ្នោះ២នាក់

ចេញប្លន់ចំប៉ូលិស ជាប់ខ្នោះ២នាក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ជាចោរប្លន់ ចំនួន២នាក់ បានធ្វើសកម្មភាពយកដុំថ្ម និងបិទបាំងស្លាកលេខម៉ូតូ ហើយរៀបចំធ្វើសកម្មភាពចេញប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវ លុះឃើញមានម៉ូតូ ១គ្រឿង ជិះកាត់ ក៏ដេញតាមបម្រុងគប់ដុំថ្មប្លន់ តែប្រទះឃើញម្ចាស់ម៉ូតូពាក់អាវយឺតប៉ូលិស (មន្ត្រីនគរបាលកំពុងល្បាត) ទើបភ័យខ្លួន បកត្រឡប់ក្រោយ តែត្រូវសមត្ថកិច្ចប្រដេញតាមចាប់ក្របួចជាប់ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវក្រាលកៅស៊ូ លេខ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះសន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រា កដ រស់នៅក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះនាង សំអាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ចស្រុកបសេដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ តាកែវ 1AE-1885 ជិះចេញខារ៉ាអូខេ KTV «បុប្ផាលាក់ខ្លួន» ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២-៥៣ ដោយយកថង់ចងបិទបាំងស្លាកលេខម៉ូតូរបស់ខ្លួន និងកាន់មានដុំថ្ម ចំនួន២ដុំ លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យ បានធ្វើសកម្ម ភាពជិះត្រឡប់ក្រោយ តាមជនរងគ្រោះ ឈ្មោះហ៊ុន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ (ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអម្ពិល) កំពុងជិះល្បាត គោលបំណងធ្វើសកម្មភាពវាយគប់ប្លន់ម៉ូតូ តែដោយឃើញឯកសណ្ឋានអាវយឺតប៉ូលិស ទើបក្រុមជនសង្ស័យ ភ័យខ្លួន ក៏នាំគ្នាជិះម៉ូតូត្រឡប់ក្រោយ ព្យាយាមគេចខ្លួន។ ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្ទាក់ឃាត់ខ្លួនបានទាំង២នាក់ រួមជាមួយនិងវត្ថុតាង ម៉ូតូ ០១គ្រឿង និងដុំថ្ម ២ដុំ បញ្ជូនទៅសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកថង់ចងបិទស្លាកលេខម៉ូតូ និងមានដុំថ្ម គោលបំណងធ្វើសកម្មភាពប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវ ប្រាកដមែន។

ជនសង្ស័យ ទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES