ភ្នំពេញ ៖ តារាសម្ដែង កែវ ស្រីនាង បានប្រារព្ធខួបកំណើត គម្រប់៤៥ឆ្នាំ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានតែអ្នកនាង ប៊ី រីយ៉ា ម្នាក់ប៉ុណ្ណោះ លេចមុខនៅថ្ងៃពិសេសរបស់នាង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទោះបីជា កែវ ស្រីនាង មានអាយុ៤៥ឆ្នាំ ហើយក្ដី ប៉ុន្ដែនាងនៅតែមានសម្រស់ក្មេងជាងវ័យ ទើប Fan លាន់មាត់ថា តារាស្រីត្រកូល «កែវ» រូបនេះ អត់ព្រមចាស់សោះ!

កែវ ស្រីនាង ជាសេដ្ឋិនីលាក់មុខម្នាក់ ដែលគេតែងមើលរំលង ក្នុងចំណោមតារាមានទ្រព្យច្រើន នាពេលបច្ចុប្បន្ន ដែលការពិត នាងមានទ្រព្យមហាសាល មិនចាញ់តារាបរទេសឡើយ ព្រោះមានផ្ទះ និងភូមិគ្រឹះប្រណិតៗ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ ស្រីនាង បានរៀបការជាមួយស្វាមីជនជាតិអង់គ្លេស រយៈពេល ២២ឆ្នាំ មកហើយ ដោយទទួលបានកូនស្រីម្នាក់ បច្ចុប្បន្នពេញវ័យក្រមុំ ។ តាមប្រភពថា ស្រីនាង តែងតែចុះឡើងៗពីស្រុកខ្មែរ ទៅអង់គ្លេស តែជាទូទៅ ពេលនៅក្នុងស្រុក អ្នកនាងរស់នៅខេត្តសៀមរាប ច្រើនជាងភ្នំពេញ បើទោះជានាងមានហាងសាឡន ធំមួយ នៅជាយភ្នំពេញ ក្ដី ។

មានការកត់សម្គាល់ថា ការប្រារព្ធខួបកំណើតរបស់អ្នកនាង កែវ ស្រីនាង នៅឆ្នាំនេះហាក់ធម្មតាជាងឆ្នាំមុនៗ ព្រោះរាល់លើក នាងធ្វើខួបកំណើតធំ ហៅតារាជិតដិត និងមិត្តភក្ដិមកជប់លៀង ច្រើនកុះករ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ អ្នកនាងត្រូវ ប៊ី រីយ៉ា ទៅ Surprise ខួបកំណើតនាង បែបសាមញ្ញទៅវិញ ។

គួរបញ្ជាក់ថា កែវ ស្រីនាង ជាកូនទី២ ក្នុងចំណោមតារាទាំង៣ដួង របស់ត្រកូល «កែវ» គឺ កែវ ពិសី ជាកូនទី១ និងកែវ វរលក្ខណ៍ ជាកូនទី៣ ។ ប៉ុន្ដែពេលនេះ នៅសល់តែ កែវ ស្រីនាង ម្នាក់ប៉ុណ្ណោះ ដែលនៅបន្ដអាជីពចាស់ ដោយយូរៗម្ដង ឃើញនាងលេចមុខតាមភាពយន្ដ និង MV ។ ប៉ុន្ដែគេជឿថា ទោះជាស្រីនាង នៅរក្សារសម្រស់បានផូរផង់យ៉ាងណា ក៏នៅអាយុ៤៥ឆ្នាំនេះ នាងពិបាករក្សាតំណែងតួឯក បានដូចមុនណាស់ ។

កែវ ស្រីនាង ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជនជាតិបរទេស មានដូចជា អ្នកនាង ហ៊ាប រ៉ាឌី, សូ អេណា, រ៉េត សារីតា, នេត សុចរិយា, អឿន ដាលីស និងខៀវ សានសាណា ជាដើម ។ តាមប្រភពថា ស្រីនាង ត្រូវស្វាមីផ្គាប់ចិត្តគ្រប់បែបយ៉ាង តែការនៅបន្ដអាជីពសិល្បៈរបស់នាង គឺដោយសារតែនាងស្រលាញ់ប៉ុណ្ណោះ មិនមែនដើម្បីលុយឡើយ ។ ទោះជាយ៉ាងណា ស្រីនាង ដែលមានទេពកោសល្យសិល្បៈ នៅតែល្អនោះ កន្លងមក អ្នកស្រី ពាន់ ភួងបុប្ផា នៅតែពេញចិត្តសមត្ថភាពនាង បើទោះជានាងមានអាយុជ្រេបន្ដិចទៅហើយក្ដី ។

មហាជនថា តារាស្រីត្រកូល «កែវ» ទាំង៣ អាចនឹងបាត់មុខពីអាជីពសិល្បៈ ព្រមគ្នា នាពេលខាងមុខ ព្រោះស្រីនាង មានទ្រព្យមិនចាញ់សេដ្ឋិនី ខណៈកែវ ពិសី ក្លាយជាជំទាវ ហើយកែវ វរលក្ខណ៍ តាំងពីបែកបាក់លាន អាហ្រ្វីលគីនីន នាងមិនដែលរវីរវល់ជាមួយសិល្បៈទៀតទេ ។ សម្រាប់ស្រីនាង អាចនឹងធ្លាក់តំណែងតួឯក មកជាតួម្ដាយ ជាមិនខាន ប្រសិនបើនាងនៅតែបន្ដអាជីពចាស់ ដែលពេលនោះ នាងនឹងស្ងាត់បន្ដិចម្ដងៗ ហើយអាចបាត់មុខទាំងស្រុងដូចកែវ ពិសី ដែរ ជាមិនខាន ៕



