ភ្នំពេញ ៖ តារាចម្រៀងឈួន សុវណ្ណឆៃ កំពុងដេកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត តាមដានជំងឺដុំគីស នៅត្រគាក ហើយគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ ទើបមិនទាន់កំណត់ថ្ងៃវិលត្រឡប់ទៅផ្ទះវិញ ។ យ៉ាងណា នាងថា ជំងឺមិនជាធ្ងន់ឡើយ គ្រាន់តែលាងរបួស ហើយនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាងថា បានធូរស្បើយខ្លះហើយ ។

ឈួន សុវណ្ណឆៃ ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី៩ ខែមិថុនា ថា «ខ្ញុំសម្រាកនៅពេទ្យកាល់ម៉ែត កើតដុំគីស នៅត្រគាក ហើយពេទ្យ ត្រូវតាមដានប្រចាំ ។ មិនជាជំងឺធ្ងន់អីទេ គ្រាន់តែលាងរបួស ហើយនៅថ្ងៃនេះ ខ្ញុំបានធូរស្រាលច្រើនហើយ» ។

ដោយសារតែសុខភាពមិនអំណោយផល ធ្វើឲ្យឈួន សុវណ្ណឆៃ មិនអាចចេញច្រៀងតាមកម្មវិធីផ្សេងៗបានទេ ហើយហាងអាហារនាង នៅទួលគោក មានកូនចៅគ្រប់គ្រងជំនួស ។ ប៉ុន្ដែយ៉ាងណា រឿងដែលសុវណ្ណឆៃ លែងឈឺក្បាល ព្រោះដោយសារតែដៃស្ដាំនាង ជាប់បន្ដោកសេរ៉ូមនោះ ទើបនាងច្រឡំបាញ់លុយ ចេញពីកុងធនាគាអេស៊ីលីដា ទៅកុងអេប៊ីអេ ឲ្យទៅនារីម្នាក់ អស់ ១ម៉ឺនដុល្លារ ។ សុវណ្ណឆៃ បានផ្ញើសារទៅនារីនោះ ជាបន្ដបន្ទាប់ រយពេល៥-៦ ថ្ងៃហើយ ព្រោះនាងត្រូវការលុយជាបន្ទាន់ ព្យាបាលជំងឺ ហើយទីបំផុត នាងថា ខាងធនាគារអេស៊ីលីដា បានដោះស្រាយនិងបាញ់ចូលកុងនាងវិញហើយ នៅម៉ោង ២រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។

ឈួន សុវណ្ណឆៃ ថ្លែងថា នាងពិតជាបានទទួលលុយ ១ម៉ឺនដុល្លារ ដែលបាញ់ច្រឡំទៅកុងអ្នកមិនស្គាល់គ្នានោះមែន នៅរសៀលថ្ងៃទី៩ ខែមិថុនា ហេតុនេះគ្មានបញ្ហាជាមួយលុយបាញ់ច្រឡំនេះទៀតទេ ព្រោះខាងធនាគារ គេបានដោះស្រាយឲ្យ។ ប៉ុន្ដែនាងមិនទាន់ប្រាប់ថាតើនឹងចេញពីមន្ទីរពេទ្យ ទៅផ្ទះវិញ ឬចាប់ផ្ដើមការងារសិល្បៈជាថ្មី នៅពេលណាឡើយ ។

គួរបញ្ជាក់ថា មុនឈួន សុវណ្ណឆៃ ចូលដេកពេទ្យ ព្យាបាលជំងឺដុំគីសនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តារាសម្ដែង អ៊ីង អ៊ីង បានទៅវះកាត់ដុំគីស ដល់ប្រទេសវៀតណាម ហើយនាងត្រូវបានសម្រាកពីអាជីពសិល្បៈ រយៈពេល ២សប្ដាហ៍ ទើបវិលវិញ។ ចំពោះអ្នកនាងសុវណ្ណឆៃ គ្មានគម្រោងទៅវះកាត់ ឬព្យាបាលដុំគីស នៅបរ ទេសទេ ដោយជ្រើសមន្ទីពេទ្យកាល់ម៉ែត ហើយដោយសារតែបាញ់លុយឲ្យគេច្រឡំ អស់១ម៉ឺនដុល្លារ តែឥឡូវបានលុយវិញហើយ ទើបនាងគ្មានបញ្ហារឿងលុយព្យាបាលជំងឺមួយនេះឡើយ។

ឈួន សុវណ្ណឆៃ បានលែងប្ដីមន្រ្ដីបម្រើការនៅស្ថានទូតបារាំង លោកប្រាក់ គន្ធី រយៈពេល១២ឆ្នាំ មកហើយ ដោយបន្សល់ចំណងដៃ កូនប្រុសស្រី ៣នាក់ និងកូនៗខ្លះ កំពុងបន្ដការសិក្សានៅបរទេស ។ ជារៀងរាល់ឆ្នាំ សុវណ្ណឆៃ តែចេញទៅជួបកូនៗនៅប្រទេសបារាំងម្ដង ពិសេសនៅរដូវធ្លាក់ភ្លៀង ដែលនាងស្បើយពីការងារសិល្បៈ ។ ប៉ុន្តែឆ្នាំនេះ ដោយសារតែនាងជាប់ព្យាបាលជំងឺដុំគីស ហេតុនេះនាងមិនទាន់កំណត់ថ្ងៃទៅជួបកូនៗនៅបារាំង ឡើយ ។

ជីវិតជាស្រ្ដីមេម៉ាយ ជាង១ទសវត្សនេះ អ្នកនាងឈួន សុវណ្ណឆៃ រស់នៅក្នុងកម្រិតជីវភាពធូរធារ មានផ្ទះវីឡាប្រណិត និងជិះរថយន្ដថ្លៃៗ ដូចជា Rolls Royce, Ford និង Alphard ជាដើម ខណៈអាជីពក្រៅពីសិល្បៈ នាងក៏បានបើកភោជនីយដ្ឋានមួយ នៅទួលគោក ផងដែរ ។ ប្រភពខ្លះថា អ្នកនាងសុវណ្ណឆៃ មានគូស្នេហ៍ថ្មីហើយ គ្រាន់តែនាងមិនបង្ហាញជាសាធារណៈប៉ុណ្ណោះ ព្រោះជ្រើសផ្លូវសាងស្នេហ៍បែបលាក់លៀម ។ ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមក នាងមិនដែលនិយាយពីគូស្នេហាថ្មីទេ ហើយនាងជានារីដែលពូកែទ្រាំ ព្រោះពេលទៅចូល រួមកម្មវិធីអ្នកសិល្បៈខ្លះ អតីតប្ដីបណ្ដើរប្រពន្ធថ្មី នៅចំពោះមុខ ក៏នាងមិនខ្វល់ដែរ ៕
