Friday, June 12, 2026
Homeព័ត៌មានជាតិស្នេហាជាតិពិតប្រាកដ អ្នកវិភាគថា ត្រូវរក្សាភាពស្ងប់ស្ងាត់ ការអត់ធ្មត់កម្រិតខ្ពស់

ស្នេហាជាតិពិតប្រាកដ អ្នកវិភាគថា ត្រូវរក្សាភាពស្ងប់ស្ងាត់ ការអត់ធ្មត់កម្រិតខ្ពស់

ភ្នំពេញ ៖ បន្ទាប់ពីបានសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជម្លោះ និងការចរចាជាមួយប្រទេសថៃ ទាក់ទងនឹងការទាមទារអធិបតេយ្យ និងតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ហើយមានមនុស្សជាច្រើន បានអបអរសាទរ និងសរសើរថា កម្ពុជា បានបង្ហាញនូវភាពឆ្លាតវៃ និងការគិតគូរយុទ្ធសាស្ត្រយ៉ាងហ្មិត់ចត់ ក្នុងការដោះស្រាយបញ្ហាជាតិ លើឆាកអន្តរជាតិ ចាត់ទុកជាជោគជ័យមួយនោះ អ្នកវិភាគ បានលើកឡើងថា ពលរដ្ឋខ្មែរ គួររក្សាភាពស្ងប់ស្ងាត់និងប្រុងប្រយ័ត្ន ព្រោះជោគជ័យពិតប្រាកដ មិនត្រូវវាស់វែងតាមអារម្មណ៍ ឬការវិភាគនៅលើបណ្តាញសង្គមនោះទេ ប៉ុន្តែត្រូវវាស់វែងតាមលទ្ធផលផ្លូវការ និងសេចក្តីសម្រេចដែលមានសុពលភាពតាមច្បាប់អន្តរជាតិ។ អ្វីដែលសំខាន់នោះ ស្នេហាជាតិពិតប្រាកដ មិនមែនជាការស្រែកអបអរសាទរ មុនពេលឈ្នះនោះទេ ប៉ុន្តែជាការគាំទ្រប្រទេសជាតិ ដោយស្មារតីអត់ធ្មត់ មានវិន័យ រក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើដំណើរការដែលកំពុងប្រព្រឹត្តទៅ ។

លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា “ក្នុងរយៈពេលចុងក្រោយនេះ ជម្លោះនិងការចរចាររវាងកម្ពុជា និងថៃ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន ទាំងក្នុងនិងក្រៅប្រទេស។ មនុស្សជាច្រើនបានសរសើរថា កម្ពុជា បានបង្ហាញនូវភាពឆ្លាតវៃ និងការគិតគូរយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់ ក្នុងការដោះស្រាយបញ្ហាជាតិ លើឆាកអន្តរជាតិ។ ជាក់ស្តែង កម្ពុជា បានជ្រើសរើសផ្លូវការទូត ផ្លូវច្បាប់ និងយន្តការអន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំង ឬការបង្កើនភាពតានតឹង។ វិធីសាស្ត្រនេះ បានជួយឱ្យកម្ពុជា ទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ និងបង្ហាញពីភាពជាប្រទេសដែលគោរពគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្ពុជា បានរៀនសូត្រពីបទពិសោធន៍អតីតកាល ហើយអាចប្រើប្រាស់ឧបករណ៍នានានៃច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ របស់ខ្លួន។ នេះបង្ហាញថា ក្នុងសម័យបច្ចុប្បន្ន អំណាចរបស់ប្រទេសមួយ មិនស្ថិតនៅតែលើទំហំកងទ័ព ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើចំណេះដឹង ការគិតគូរយុទ្ធសាស្ត្រ និងសមត្ថភាពប្រើប្រាស់ប្រព័ន្ធអន្តរជាតិ ផងដែរ»។

លោក សេក សុជាតិ បានសរសេរបន្តថា “ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងគួររក្សាភាពស្ងប់ស្ងាត់និងប្រុងប្រយ័ត្ន។ ភាពជោគជ័យពិតប្រាកដ មិនត្រូវវាស់វែងតាមអារម្មណ៍ ឬការវិភាគនៅលើបណ្តាញសង្គមនោះទេ ប៉ុន្តែត្រូវវាស់វែងតាមលទ្ធផលផ្លូវការ និងសេចក្តីសម្រេចដែលមានសុពលភាពតាមច្បាប់អន្តរជាតិ។ ប្រវត្តិសាស្ត្រ បានបង្រៀនយើងថា ការអបអរសាទរ មុនពេលដល់ទី ឬការជឿជាក់ខ្លាំងពេក អាចនាំឱ្យមានការខកចិត្ត នៅពេលក្រោយ។ ការចរចានិងដំណើរការច្បាប់អន្តរជាតិ ភាគច្រើនតែងតែមានភាពស្មុគស្មាញ ប្រើពេលវេលាយូរ និងអាចមានការប្រែប្រួល ដោយសារកត្តានយោបាយ និងច្បាប់ ជាច្រើន។ ដូច្នេះ ខណៈដែលយើងអាចមានមោទនភាពចំពោះភាពឆ្លាតវៃ និងការគិតគូរយុទ្ធសាស្ត្ររបស់កម្ពុជា យើងក៏គួរតែរក្សាភាពទន់ភ្លន់ មិនអួតអាង មិនមើលស្រាលភាគីម្ខាងទៀត និងមិនអនុញ្ញាតឱ្យអារម្មណ៍ជាតិនិយមជ្រុល គ្របដណ្ដប់លើការវិនិច្ឆ័យដោយហេតុផល។ ស្នេហាជាតិពិតប្រាកដ មិនមែនជាការស្រែកអបអរសាទរ មុនពេលឈ្នះនោះទេ ប៉ុន្តែជាការគាំទ្រប្រទេសជាតិ ដោយស្មារតីអត់ធ្មត់ មានវិន័យនិងជឿជាក់លើដំណើរការដែលកំពុងប្រព្រឹត្តទៅ។ កម្ពុជា បានបង្ហាញភាពឆ្លាតវៃរួចហើយ ប៉ុន្តែភាពឆ្លាតវៃមួយទៀត ដែលយើងត្រូវមាន គឺការមិនភ្លេចខ្លួន មិនប្រញាប់សន្និដ្ឋាន និងរង់ចាំលទ្ធផលផ្លូវការ ដោយសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះជាតិ“ ។

លោក សេក សុជាតិ បានសរសេរបន្ថែម នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦​ ថា “បើទោះបីភាគីណាមួយ ប្រព្រឹត្តអាក្រក់ ឬធ្វើអំពើមិនត្រឹមត្រូវកម្រិតណាក៏ដោយ ប្រសិនបើយើងអះអាងថា ខ្លួនឈរលើភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូរនិងសន្តិភាព យើងមិនគួរឆ្លើយតបដោយការប្រមាថ ឬការបង្កស្អប់ខ្ពើមឡើយ។ ការរក្សាភាសាថ្លៃថ្នូរ គឺជាផ្នែកមួយនៃភាពខ្ពង់ខ្ពស់របស់អ្នកដែលឈរលើច្បាប់និងសីលធម៌។ ភាពល្អពិតប្រាកដ មិនមែនស្ថិតនៅលើការដែលគេធ្វើល្អចំពោះយើងទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលយើងរក្សាគោលការណ៍របស់យើង នៅពេលគេធ្វើអាក្រក់ចំពោះយើង។ ការមិនប្រមាថអ្នកដែលប្រមាថយើង មិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញថា យើងខ្ពស់ជាងអំពើដែលយើងកំពុងថ្កោលទោស។ កុំឱ្យអំពើអាក្រក់របស់គេ ក្លាយជាហេតុធ្វើឱ្យយើងបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួនឱ្យសោះ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក សេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា ពាក្យស្នេហាជាតិ គួរតែរក្សានូវភាពស្ងប់ស្ងាត់ និងការអត់ធ្មត់កម្រិតខ្ពស់ ពីព្រោះយើងដឹងហើយថា ប្រជាពលរដ្ឋ បើកាលណាយើងមិនអាចរក្សាភាពស្ងប់ស្ងាត់នៅក្នុងចិត្តបាន ហើយឆាប់ជឿ ឆាប់ធ្វើសេចក្ដីសន្និដ្ឋាន ដោយគ្មានអំណះអំណាង វានឹងនាំឲ្យមានផលអវិជ្ជមានកើតឡើង ហើយភាពអត់ធ្មត់ធ្វើនេះ គឺធ្វើឲ្យស្ថានភាពមាននប្រក្រតី អាចវាយតម្លៃស្ថានការណ៍បាន ប្រកបដោយហេតុនិងផល ។ ដូច្នេះអ្នកដែលមានបេះដូងនិងឆន្ទៈស្នេហាជាតិ ត្រូវយកចំណេះដឹង ជំនាញ ហើយនិងចេះប្រើប្រាស់នូវសារដោយការប្រុងប្រយ័ត្ន ផ្តល់នូវទំនុកចិត្តខ្ពស់ទៅដល់មនុស្សដែលធ្វើកិច្ចការដើម្បីប្រទេសជាតិ គាំទ្រនិងការការពារផលប្រយោជន៍ជាតិ ។ សរុបមកវិញ ស្នេហាជាតិពិតប្រាកដ គឺជាការឈរជាមួយនឹងប្រទេសជាតិ ដោយភាពអត់ធ្មត់ មានវិន័យ ប្រកបដោយបញ្ញាស្មារតី និងមានទំនួលខុសត្រូវ មិនប្រើអារម្មណ៍រំភើបមួយគ្រា ដើម្បីតែបង្ហាញរូបភាពនោះទេ ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងជាមួយនឹងពាក្យថា “ស្នេហាជាតិ” ជាពាក្យមួយដែលចាំបាច់ ហើយត្រូវតែអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្តែងពិតប្រាកដ វាមិនមែនគ្រាន់តែជាសារលើកឡើង ហើយបំភ្លេច ដោយមិនទទួលបានលទ្ធផលនោះទេ ហើយចំពោះការស្រលាញ់ជាតិនេះ វាមិនមែនមានន័យថា ត្រូវប្រកាសជ័យជម្នះ ឬក៏ត្រូវបង្ហាញឲ្យគេមើលជាផ្លូវការនោះទេ នៅពេលដែលវាមិនទាន់បញ្ចប់ ។ ដូច្នេះបញ្ហាជាតិ គឺជាបញ្ហាដែលធំបំផុតទីមួយ ហើយរឿងបញ្ហាជាតិដែលសំខាន់ៗហ្នឹង មានដូចជាបញ្ហាព្រំដែន ច្បាប់ជាតិ ច្បាប់អន្តរជាតិ ហើយលទ្ធផលដែលយើងទទួលបានតាមរយៈការតតាំងជាមួយនឹងបរទេសឈ្លានពានអីអ៊ីចឹងជាដើម ហើយការអត់ធ្មត់ ការរង់ចាំលទ្ធផល គឺអាចបង្ហាញពីភាពចាស់ទុំ ហើយនិងមានការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ របស់ប្រជាជាតិមួយ ចំពោះជាតិរបស់ខ្លួនឯង ហើយពាក្យថា ស្នេហាជាតិនេះ គួរតែរក្សានូវភាពស្ងប់ស្ងាត់ និងការអត់ធ្មត់កម្រិតខ្ពស់ ពីព្រោះយើងដឹងហើយថា ប្រជាពលរដ្ឋ បើកាលណាយើងមិនអាចរក្សាភាពស្ងប់ស្ងាត់នៅក្នុងចិត្តបាន ហើយឆាប់ជឿ ហើយនិងឆាប់ធ្វើសេចក្ដីសន្និដ្ឋាន ដោយគ្មានអំណះអំណាង អ៊ីចឹងវានឹងនាំឲ្យមានផលអវិជ្ជមានកើតឡើង ហើយភាពអត់ធ្មត់ធ្វើនេះ គឺធ្វើឲ្យស្ថានភាពមាននប្រក្រតី ហើយយើងអាចវាយតម្លៃស្ថានការណ៍បានប្រកបដោយហេតុហើយនិងផល ។ វាជាវិធីសាស្ត្រមួយ ដែលអាចការពារខ្លួនយើងកុំឲ្យធ្លាក់ចូលទៅលើអារម្មណ៍ខ្លាំង នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ហើយកាលណាយើងផ្ដោតទៅលើពាក្យថា ស្នេហាជាតិ គឺត្រូវគិតទៅដល់រដ្ឋាភិបាល អ្នកការទូត ហើយនិងអ្នកច្បាប់ ដែលកំពុងតែបំពេញតួនាទី ភារកិច្ចរបស់ខ្លួនចំពោះជាតិ ហើយបញ្ហាជាតិនេះ វាមិនមែន ឬក៏មិនអាចយកអារម្មណ៍ទៅដោះស្រាយ ហើយនាំគ្នាហែកហួរ លើកឡើងពីនេះពីនោះ នៅលើបណ្ដាញសង្គម ដោយគ្មានមូលដ្ឋានរឹងមាំនោះទេ“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះអ្នកដែលមានបេះដូងនិងឆន្ទៈស្នេហាជាតិ ត្រូវយកចំណេះដឹង ត្រូវយកចំណេះជំនាញ ហើយនិងចេះប្រើប្រាស់នូវសារដោយការប្រុងប្រយ័ត្ន ហើយការផ្តល់នូវទំនុកចិត្តខ្ពស់ ទៅដល់មនុស្សដែលធ្វើកិច្ចការដើម្បីប្រទេសជាតិនេះ គឺជាការគាំទ្រនិងការការពារផលប្រយោជន៍ជាតិ ហើយវាគឺជាទម្រង់មួយដែលអាចបង្ហាញអំពីការទទួលខុសត្រូវរបស់ប្រជាជាតិមួយ ចំពោះប្រទេសរបស់យើង ហើយការដែលយើងប្រើប្រាស់អារម្មណ៍ ជាទូទៅយើងឃើញហេតុ ក៏បញ្ហាកើតឡើង អ៊ីចឹងយើងអាចសន្និដ្ឋានតែផ្ដេសតែផ្ដាសថា ឈ្នះឲ្យហើយ ឬក៏លទ្ធផលមិនទាន់មានផង ក៏ប៉ុន្តែវាបែរទៅជាអបអរ ឬក៏សប្បាយអីអ៊ីចឹងជាដើម ហើយប្រវត្តិសាស្ត្រ បានបង្ហាញយើងឲ្យឃើញច្បាស់ណាស់ អំពីករណីរឿងទាំងអស់ហ្នឹង ពីព្រោះលទ្ធផល ក្រោយពេលដែលទទួល ភាគច្រើនវាមិនដូចការគិតទាំងស្រុងទេ ហើយបើយើងប្រញាប់អបអរ ឬក៏យើងមិនរង់ចាំលទ្ធផលចេញជាផ្លូវការទេ ហើយយកលទ្ធផលរំពឹងទុក យកមកធ្វើជាមូលដ្ឋាននៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់យើង នោះវាអាចប៉ះពាល់ទៅដល់ទំនុកចិត្តនិងកិត្តិយសរបស់សង្គម និងប្រទេសជាតិរបស់យើង ។ ដូច្នេះការរង់ចាំលទ្ធផលផ្លូវការ គឺជាជម្រើសដែលល្អបំផុត ហើយក្នុងនាមជាជាតិសាសន៍មួយ មិនគួរបណ្ដែតបណ្ដោយឲ្យអារម្មណ៍ជាតិនិយមជ្រុល ឬក៏ការនិយាយស្តីដោយគ្មានមូលដ្ឋានរឹងមាំដូចគ្នាដែរ ហើយការស្រលាញ់ជាតិ ហើយនិងជាតិនិយមជ្រុល គឺជារឿងពីរផ្សេងគ្នា ពីព្រោះពាក្យថា ស្នេហាជាតិ គឺយើងគិតគូរគ្រប់យ៉ាងអស់ ប្រកបទៅដោយប្រាជ្ញាស្មារតី ហើយនិងបញ្ញា ខណៈដែលជាតិនិយមជ្រុល វាអាចបង្កើតឲ្យមានការស្អប់ខ្ពើម ការប្រមាថ និងការបង្កជម្លោះមិនចេះចប់ មិនចេះហើយអ៊ីចឹងជាដើម ហើយចំពោះការគ្រប់គ្រងអារម្មណ៍ បើសិនជាយើងជាជាតិសាសន៍មួយដែលមានការអប់រំ យើងអាចគ្រប់គ្រងអារម្មណ៍បានល្អ វាជាសញ្ញាមួយ ដែលបង្ហាញថា ពួកយើងគឺជាមនុស្សចាស់ទុំ ដែលស័ក្ដិសមជាជាតិសាសន៍មួយដែលមានសេចក្ដីថ្លៃថ្នូរអីអ៊ីចឹងជាដើម។ ហើយចំពោះវិធាននៅដំណើរការផ្លូវច្បាប់ នៃការដោះស្រាយបញ្ហានៅលើឆាកអន្តរជាតិ តាមរយៈទំនាក់ទំនងការទូត យើងដឹងហើយ វាមិនមែនជាបញ្ហាតូច ហើយធ្វើតែ ១ថ្ងៃ ឲ្យចប់នោះទេ បញ្ហានេះ គឺជាបញ្ហាធំ ដែលទាមទារឬក៏តម្រូវឲ្យអ្នកច្បាប់ អ្នកជំនាញ ធ្វើការបកស្រាយ ឬក៏យល់ពីច្បាប់អន្តរជាតិ និងការទំនាក់ទំនងជាធំ ហើយជាគោលការណ៍ យើងដឹងហើយថា ការគោរពទាំងអស់នេះ គឺដំណើរការឡើងដោយបង្ហាញនូវភាពរឹងមាំ និងមិនមែនជាសញ្ញានៃភាពទន់ខ្សោយ ប៉ុន្តែវាអាចក៏បង្ហាញឲ្យយើងបានឃើញថា ប្រទេសមួយ មានប្រជាពលរដ្ឋចាស់ទុំ មានទំនួលខុសត្រូវ ។ ពេលនោះហើយ សហគមន៍អន្តរជាតិ ក៏ស្រលាញ់ ហើយនិងទុកចិត្តជាតិសាសន៍យើង“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះចំពោះអន្តរជាតិ គឺគេស្រលាញ់ប្រទេស ឬក៏ប្រជាពលរដ្ឋមួយដែលមានវិន័យ ហើយវិន័យនេះ គឺជាកម្លាំងចលកមួយដ៏ធំបំផុតសម្រាប់គាំទ្រដល់ប្រទេសជាតិ ពីព្រោះយើងដឹងហើយថា កម្លាំងប្រទេស គឺមិនស្របទៅលើរដ្ឋាភិបាល ឬក៏កងទ័ព តែមួយមុខទេ គឺវាស្ថិតនៅលើគុណភាពរបស់ប្រជាពលរដ្ឋ រួមចំណែកនៅខាងក្នុងហ្នឹងដែរ ហើយពលរដ្ឋដែលចេះគោរពគ្នាទៅវិញទៅមក ហើយចែករំលែកឬក៏ទទួលបានព័ត៌មានពិត ហើយចេះរង់ចាំ ចេះគាំជាតិសាសន៍របស់ខ្លួន ប្រកបទៅដោយហេតុផល ហើយនិងចេះជួយលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស គឺអាចបង្ហាញថា ប្រទេសមួយនោះ គឺនឹងរឹងមាំ ដែលមិនអាច ឬក៏មិនងាយនៅក្នុងការទន្ទ្រាន ឬក៏លេបត្របាក់បានទេ ហើយការស្រលាញ់ជាតិ ប្រកបទៅដោយបញ្ញាស្មារតីនេះ គឺវាប្រសើរជាងការស្រឡាញ់ជាតិ ដោយប្រើអារម្មណ៍ត្រឹមតែមួយគ្រាអ៊ីចឹងជាដើម ហើយអារម្មណ៍ យើងដឹងហើយថា វាប្រែប្រួល ។ ដូច្នេះវាមិនមានមូលដ្ឋាន គឺថាវាផ្ទុយពីប្រាជ្ញាស្មារតី ឬក៏បញ្ញា និងចំណេះដឹង គឺយើងអាចជួយសង្គមយើងបានយូរអង្វែង ហើយអ្នកស្រឡាញ់ជាតិ ដោយប្រើប្រាស់នូវបញ្ញា គឺអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ ក្នុងរយៈពេលយូរអង្វែង ហើយចំពោះបញ្ហាទាំងអស់នេះ គឺជារឿងមួយដែលសំខាន់ ។ សរុបមកវិញដោយខ្លី ស្នេហាជាតិពិតប្រាកដ គឺជាការឈរជាមួយនឹងប្រទេសជាតិ ដោយភាពអត់ធ្មត់ មានវិន័យប្រកបដោយបញ្ញាស្មារតី និងមានទំនួលខុសត្រូវ មិនប្រើអារម្មណ៍រំភើបមួយគ្រា ដើម្បីតែបង្ហាញរូបភាពនោះទេ“ ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោក សេក សុជាតិ ខាងលើនេះ បានធ្វើឡើងស្របពេលដែលពលរដ្ឋកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជម្លោះ និងការចរចាជាមួយប្រទេសថៃ ទាក់ទងនឹងការទាមទារអធិបតេយ្យ និងតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ។ ថ្វីបើមានការព្រួយបារម្ភ ប៉ុន្តែគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញជំហរច្បាស់លាស់ក្នុងការជ្រើសរើសដំណោះស្រាយតាមរយៈ «ការចរចាដោយសន្តិវិធី» ជាអាទិភាពចម្បង ជំនួសការប្រើប្រាស់កម្លាំងយោធា ។ ការចាប់អារម្មណ៍ជាចម្បងរបស់ពលរដ្ឋ និងស្ថានភាពជាក់ស្តែង រួមមាន ៖

-ជម្រើសនៃការដោះស្រាយ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានជម្រើសពីរ គឺ «ការចរចាដោយសន្តិវិធី» និង «ការប្រើប្រាស់កម្លាំងយោធា» ប៉ុន្តែការចរចាដោយសន្តិវិធី និងប្រើយន្តការច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ល្អបំផុត ដែលកម្ពុជា ជ្រើសប្រើ ដើម្បីចៀសវាងសង្គ្រាម ។

-ការតាមដានព្រំដែន ៖ អាជ្ញាធរនិងមន្ត្រីជំនាញកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើសកម្មភាពសាងសង់របងព្រំដែន ពីភាគីថៃ ដើម្បីធានាថា មិនមានការរំលោភបំពានលើទឹកដីកម្ពុជា ។

-ការគាំទ្រពីអន្តរជាតិ ៖ បណ្តាប្រទេសជិតខាង និងមហាអំណាចនានា ក៏កំពុងតាមដាន និងគាំទ្រឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាទំនាស់ទាំងនេះ តាមរយៈការសន្ទនាការទូតផងដែរ ។

អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជម្លោះនិងការចរចារវាងកម្ពុជា-ថៃ ជុំវិញបញ្ហាព្រំដែនគោក និងដែនសមុទ្រផងដែរ ដែលរួមមានព្រឹត្តិការណ៍សំខាន់ៗ ដូចខាងក្រោម ៖

-ជម្លោះដែនសមុទ្រ ៖ កម្ពុជា បានស្នើឱ្យអង្គការសហប្រជាជាតិ (UN) ធ្វើអន្តរាគមន៍តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយជម្លោះតំបន់ទាមទារត្រួតគ្នា ក្នុងឈូងសមុទ្រ បន្ទាប់ពីភាគីថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណយោគយល់គ្នា ឆ្នាំ២០០១។ ភាគីថៃ បានយល់ព្រមចូលរួមក្នុងដំណើរការនេះ ប៉ុន្តែបានបង្ហាញការសោកស្តាយ ដែលកម្ពុជា ជ្រើសរើសការសម្របសម្រួលអន្តរជាតិ ជំនួសឱ្យការចរចាទ្វេភាគី។

-បញ្ហាព្រំដែនគោក ៖ ប្រជាពលរដ្ឋ និងមតិសាធារណៈ ក៏កំពុងតាមដានយ៉ាងប្រកិតលើករណីសាងសង់របង និងការរៀបចំរូបសំណាកសាសនាផ្សេងៗនៅតាមបណ្តោយព្រំដែន ព្រមទាំងការឈ្លានពាន ឈរជើងរបស់កងទ័ពថៃ លើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបង្កជាការព្រួយបារម្ភ។

-ការទាត់ចោលការប្រមូលផ្តុំទ័ព ៖ មានពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមថា កម្ពុជា បានបដិសេធយន្តការទ្វេភាគី និងកំពុងបង្កើនកងទ័ពនៅជួរមុខ ដើម្បីបង្កសង្គ្រាមឆាប់ៗ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចេញមុខទាត់ចោលការលើកឡើងទាំងនេះ ដោយបញ្ជាក់ថា កម្ពុជា នៅតែប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងនានា។

យោងតាមការកត់សម្គាល់រួម មនុស្សជាច្រើនបានសរសើរថា កម្ពុជា បានបង្ហាញនូវភាពឆ្លាតវៃ និងការគិតគូរយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់ ក្នុងការដោះស្រាយបញ្ហាជាតិ លើឆាកអន្តរជាតិ ។ ការកោតសរសើរនេះ កើតឡើងដោយសារកម្ពុជា បានបង្ហាញនូវភាពបត់បែន និងការជ្រើសរើសការដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសជម្លោះ និងការទាមទារដែនដី ដោយផ្តោតលើ «ការទូត ច្បាប់និងយន្តការអន្តរជាតិ» ជាងការប្រើប្រាស់កម្លាំង ឬបង្កភាពតានតឹង។ យុទ្ធសាស្ត្រគន្លឹះៗដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំផ្នែកនយោបាយ និងការទូតរបស់កម្ពុជា រួមមាន ៖

-ការទូតផ្អែកលើច្បាប់អន្តរជាតិ ៖ កម្ពុជា តែងតែយកយន្តការច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) មកធ្វើជាត្រីវិស័យក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលទទួលបានការគាំទ្រពីស្ថាប័ននានា។

-ភាពជាអ្នកដឹកនាំក្នុងតំបន់ (អាស៊ាន) ៖ កម្ពុជា ធ្លាប់បានដើរតួជាប្រធានអាស៊ាន ដោយរៀបចំកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិក្នុងតំបន់ ដោយរក្សាបាននូវតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច និងបណ្តាប្រទេសក្នុងសកលលោក។

-យុទ្ធសាស្ត្រកិច្ចការបរទេស ៖ ការជ្រើសរើសផ្លូវការទូត ជួយកម្ពុជា លើកកម្ពស់កិត្យានុភាព និងរក្សាបាននូវស្ថិរភាពសន្តិភាពយូរអង្វែង ស្របពេលដែលរាជរដ្ឋាភិបាល កំពុងផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ការទាក់ទាញវិនិយោគ និងការពង្រឹងធនធានមនុស្ស។

ទោះបីយ៉ាងណា សម្រាប់មជ្ឈដ្ឋានបញ្ញវន្ត និងអ្នកតាមដាន បានលើកឡើងថា ភាពឆ្លាតវៃមួយទៀត ដែលកម្ពុជា ត្រូវមាននោះ គឺការមិនភ្លេចខ្លួន មិនប្រញាប់សន្និដ្ឋាន និងរង់ចាំលទ្ធផលផ្លូវការ ដោយសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះជាតិ ។ ការរង់ចាំលទ្ធផលផ្លូវការប្រកបដោយសេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះជាតិ គឺជាក្បួនខ្នាតដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីរួមចំណែកថែរក្សាស្ថិរភាព សាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គម ចៀសវាងការធ្លាក់ក្នុងអន្ទាក់នៃការបែកបាក់ ឬការជ្រុលនិយម។ តម្លៃនៃស្មារតីនេះ អ្នកជំនាញ ពន្យល់ថា ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាពសំខាន់ៗដូចខាងក្រោម ៖

-ការគោរពគោលការណ៍ច្បាប់ ៖ ការទទួលស្គាល់នូវស្ថាប័នមានសមត្ថកិច្ច និងនីតិវិធីផ្លូវការ ក្នុងការប្រកាសលទ្ធផល។

-ការប្រព្រឹត្តប្រកបដោយសីលធម៌ ៖ រក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងបញ្ចៀសរាល់ការបញ្ចេញមតិអវិជ្ជមាន ឬការផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ដែលអាចបង្កការយល់ច្រឡំ។

-ការទទួលខុសត្រូវ ៖ ការដាក់ផលប្រយោជន៍ជាតិជាធំ ចៀសវាងសកម្មភាពទាំងឡាយណាដែលបង្កឱ្យមានអំពើហិង្សា ឬការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងសង្គមជាតិ ៕ កុលបុត្រ

RELATED ARTICLES