ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពី ការរៀបចំព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៩០ យាងចូល៩១ព្រះវស្សា។

នៅក្នុងផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្របតាមព្រះរាជប្បវេណីពីបុរាណ និងប្រពៃណីសាសនា។
ដើម្បីសម្តែងនូវកតញ្ញុតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួមអបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ព្រះជន្ម៩០ យាងចូល ៩១ព្រះវស្សា។
ឆ្នាំនេះព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូច តទៅ ៖
– ក្រសួងព្រះបរមរាជវាំង ៖ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ទៅតាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
– គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ៖ រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានសារលិខិតថ្វាយព្រះពរ ព្រមទាំងតុបតែងលម្អភ្លើងពណ៌ ពាក្យស្លោក ថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកអបអរសាទរ។
– ក្រសួងធម្មការនិងសាសនា ៖ ណែនាំគ្រប់មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាម ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរៀបចំតាំងព្រះបរមឆា យាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមាន តុបតែងលម្អឱ្យបានសមរម្យ។
– ក្រសួងព័ត៌មាន ៖ រៀបចំកម្មវិធីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនអំពីព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ឱ្យបានទូលំទូលាយ។
– ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ ណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី ខេត្ត ឱ្យរៀបចំសម្តែងសិល្បៈចម្រៀងបុរាណ សម័យ ជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយ តាមទីធ្លាសាធារណៈ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
– ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ជួយបង្កលក្ខណៈងាយស្រួលដោះស្រាយសម្ភារៈ ថវិកា សម្រាប់បម្រើការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានទាន់ពេលវេលា សមស្របតាមគោលបំណង និងសំណូមពរ។
– រដ្ឋបាលរាជធានី ខេត្ត ៖ រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានសារលិខិតថ្វាយព្រះពរ ព្រមទាំងតុបតែងលម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងណែនាំមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងប្រជារាស្ត្រ ឱ្យលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានគ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។ រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានា និងចាស់ជរាគ្មានទីពឹង។
– ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ៖ ជួយណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បង្កលក្ខណៈជូនប្រជារាស្ត្រកម្សាន្តសប្បាយ និងចាត់ចែងការអុជកាំជ្រួច នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បី ញ៉ាំងព្រះរាជពិធីបុណ្យ ឱ្យប្រព្រឹត្តទៅយ៉ាងមហោ ឡារិក។
– គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៖ រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ព្រមទាំងធ្វើទំនាក់ទំនងគ្រប់ក្រសួង រដ្ឋលេ ខាធិការដ្ឋាន ស្ថាប័ន អង្គភាព ជួយឧបត្ថម្ភ អំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគ បរិភោគ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមនិងជឿជាក់ថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តនូវផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរ…៕