ភ្នំពេញ ៖ ណា សាឌី បានគ្រងឈុតស្បៃខ្មែរ ដ៏ស្រស់ផូរផង់ ធ្វើឲ្យសម្រស់នាងកើនមួយកម្រិតទៀត ដែលនេះជាផ្នែកមួយនៃការចូលរួមលើកស្ទួយនិងអភិរក្សស្បៃខ្មែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សាឌី ពេញចិត្តច្រ មុះនាងខ្លាំង ក្រោយចំណាយលុយ ១៥០០០ដុល្លារ វះកាត់កែច្រមុះ នៅប្រទេសកូរ៉េខាងត្បូង កាលពីចុងខែមេសា ឆ្នាំ២០២៦ ។ សាឌី ថាសភាពនាង ពេលនេះប្រៀបបានទៅនារីកូរ៉េហើយ និងថាច្រមុះកែរបស់នាង ពេញស្អាត ក្នុងអំឡុង ២ទៅ៣ខែ ក្រោយកែរួច ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅ ណា សាឌី កាលពីពេលថ្មីៗ នេះ តែនាងថាកំពុងជាប់ថត មិនទាន់អាចនិយាយបានឡើយ ។ យ៉ាងណា ការគ្រងឈុតកូនក្រមុំ ប្រភេទស្បៃខ្មែរនោះ ធ្វើឲ្យ Fan មួយចំនួន ជំរុញឲ្យសាឌី គួរតែគ្រងឈុតនេះមែនទែន ព្រោះនាងមានវ័យ ៣០ឆ្នាំ ល្មមដល់ពេលវេលាចូលរោងការហើយ ។ ប៉ុន្តែសាឌី មិនដែលសន្យាថា នាងនឹងលាភាពនៅលីវ នៅពេលណាឡើយ ព្រោះទូរស័ព្ទទៅពេលណា ក៏ថាជាប់រវល់ថត ដែលនេះបញ្ជាក់ថា ការងារសិល្បៈរបស់នាង កំពុងត្រូវប៉ាន់ បើទោះជាគេមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមិនដែលសកម្មក្នុងការថតភាពយន្ដ និង MV ដូចមុនក្ដី ។

គួរបញ្ជាក់ថា ណា សាឌី ទើបតែហោះមកពីដើរលេងនៅប្រទេសចិន រយៈពេល ៥ថ្ងៃ កាលពីពេលថ្មីៗនេះ ដែលដំណើរកម្សាន្ដលើកនេះ ដើម្បីលម្ហែខួក្បាលដែលហត់នឿយជាមួយការងារសិល្បៈ ពេញ១រដូវក្ដៅ ។ ប៉ុន្ដែទាំងទៅនិងមក សាឌី មិនបានបង្ហាញបុរសពិសេសដែលរួមដំណើរជាមួយនាង ដូចដែលតារាល្បីៗដទៃទៀត ដែលភាគច្រើនពួកគេទៅក្រៅស្រុក ជាមួយគូស្នេហ៍នោះទេ ។

តារាកូនខ្មែរកាត់ថៃ ណា សាឌី អតីត Freshie ២០១៥ បានវិវឌ្ឍខ្លួនពីតារាសម្ដែង ទៅជាពិធីការិនី ហើយពេលនេះ ដូច MC ដទៃទៀតរបស់ប៉ុស្ដិ៍ទូទស្សន៍នេះដែរ គឺនាងផ្ដោតតែលើការធ្វើងារងារពិធីការិនី ជាគោលប៉ុណ្ណោះ ដោយផ្អាកការសម្ដែង សឹងតែទាំងស្រុង ។ ប៉ុន្ដែសាឌី ធ្លាប់ប្រាប់ថា បើរឿង ឬ MV នោះ នាងស្រ លាញ់ពេញចិត្ត គឺនៅតែទទួលថត សម្ដែងដដែល ។ តារាជោគជ័យសម្រកទម្ងន់បានដល់ទៅ ៦គ.ក្រ (៦០-៥៤គ.ក្រ) រូបនេះ មិនទាន់មានដំណឹងថា នាងចង់កែសម្រស់ផ្នែកផ្សេងណាទៀត ក្រៅពីច្រមុះ និងចាក់ចង្កាទេ ខណៈដែលតារាមួយចំនួនទៀត ដែលចូលចិត្តលេងខ្លួន និងស្ទីលយុវវ័យ ដូចនាង ពួកគេប្រាថ្នាកែពង្រីកដើមទ្រូង (សុដន់) ជាងធ្វើកន្លែងផ្សេងទៀត ។

ក្រៅពី ណា សាឌី នារយៈពេលចុងក្រោយនេះតារាដែលគ្រងឈុតស្បៃខ្មែរ ផ្សព្វផ្សាយ និងលើកស្ទួយឈុតបុរាណខ្មែរ មានដូចជា អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា, នាដការី សុខគា គីមលាង, ជូរី ល្អហួស, មាន សូនីតា និងនៅ សុនិតា ជាដើម ។

អ្នកលេងបណ្ដាញសង្គម ថា ណា សាឌី សម្រស់ពិតជាកើនមែន ក្រោយកែច្រមុះ លើកទី២ បានដូចបំណង ហើយនាងក៏ជានារីក្លាហាន ហ៊ានសារភាពថា ខ្លួនពិតជាបានកែសម្រស់ ដូចគ្នាទៅនឹងកញ្ញា តន់ ច័ន្ទសីម៉ា ដែរ ខណៈតារាល្បីដទៃទៀត កម្រនឹងហ៊ានទទួលស្គាល់រឿងកែសម្រស់ បើទោះជាពួកគេបានកែសម្រស់ច្រើនជាងសាឌី ក្ដី ៕