ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន១៤គ្រឿង ត្រូវបានក្រុមចល័តក្រសួង ចុះឆ្មក់ត្រួតពិនិត្យនិងពិន័យ នៅទីតាំងផ្សេងៗគ្នា ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ បានសហការជាមួយស្ថានីយជញ្ជីងបាវិត ខេត្តស្វាយរៀង ស្ថានីយកណ្តាលដុំ ខេត្តកំពង់ស្ពឺ ស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ ស្ថានីយរលួស ខេត្តសៀមរាប និងស្ថានីយកាំពី ខេត្តក្រចេះ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ១៤គ្រឿង ដែលលើសទម្ងន់អនុញ្ញាត ចន្លោះពី៥តោន ដល់៤៩តោន។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹក ជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ ៦ឡើង ដែលក្រសួង បានណែនាំឱ្យបានត្រឹមត្រូវ។

ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ៕



