ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តតូយ៉ូតា ព្រូស ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខរថយន្តដឹកជ្រូក ដែលកំពុងបើកបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តព្រូស ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវ ធ្វើឱ្យតៃកុងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ដឹកជ្រូក ១ គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A-0537 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-2695 បើកបរដោយបុរសម្នាក់ ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ពីកើត ទៅលិច ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន រេចង្កូតមកខាងឆ្វេងដៃ ចូលគន្លងផ្លូវម្ខាងទៀត និងជ្រុលទៅបុករថយន្តដឹកជ្រូក ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តព្រូស ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវ ធ្វើឱ្យតៃកុងរងរបួសក្បាលធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្តធុនធំ បានគេចខ្លួនពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះមកធ្វើការវាស់វែង អូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ៕