ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានកើតមានជម្លោះពាក្យសម្តីជាមួយបុរសម្នាក់ ជាអ្នកសារព័ត៌មាន រហូតឈានដល់អំពើហិង្សា ព្រួតវាយនឹងដុំថ្ម បណ្តាលឱ្យជនរងគ្រោះ រងរបួសជាំខ្នង និងត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនក្រុមជនបង្កហេតុ ភ្លាមៗ បានចំនួន ៤នាក់ នាំយកមកចាត់ការតាមច្បាប់។ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ អយ ថាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី២-ឈ្មោះពេជ្រ សាមេន ភេទប្រុស អា យុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី៣-ឈ្មោះរស់ សំ ណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងទី៤-ឈ្មោះរឿន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំពោះវត្ថុតាងដកហូត ដុំថ្ម ចំនួន២ដុំ។ ចំណែកជនរងគ្រោះ មានឈ្មោះឃុត សុភក្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ស្នាក់នៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (របួសស្នាមជាំខ្នងខាងឆ្វេង)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនើង ៤នាក់ ករណីហិង្សា បង្កឱ្យជនរង គ្រោះ រងរបួស ១នាក់ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕