Thursday, June 18, 2026
Homeសង្គម និងជីវិតបណ្ឌិតពេទ្យសត្វ លះបង់៩ឆ្នាំ សង្រ្គោះសត្វអនាថា នៅកម្ពុជា

បណ្ឌិតពេទ្យសត្វ លះបង់៩ឆ្នាំ សង្រ្គោះសត្វអនាថា នៅកម្ពុជា

ខេត្តកណ្ដាល ៖ នារីម្នាក់ បានរៀនចប់ថ្នាក់បណ្ឌិត ផ្នែកពេទ្យសត្វ បានលះបង់ទាំងពេលវេលា​កម្លាំងកាយចិត្ត និងថវិកា ក្នុងការសង្រ្គោះសត្វអនាថា នៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះ ដោយសារមានអ្នកជិតខាងប្តឹង ទើបនាងត្រូវផ្លាស់ប្តូរជម្រកថ្មី សម្រាប់សត្វអនាថាទាំងនោះ ដែលរួមមាន ឆ្កែ និងឆ្មា ចំនួនជាង១០០ក្បាល ហើ យនាងបានអំពាវនាវរកជំនួយបន្ទាន់ ដើម្បីសាងសង់ជម្រកថ្មី សម្រាប់សត្វអនាថាទាំងនោះ ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា ឡូញ ម៉ោនិច្ច អ្នកសង្គ្រោះសត្វអនាថា បានចេញវីដេអូមួយ នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន អំពាវនាវរកជំនួយបន្ទាន់ សម្រាប់សង់ជម្រកថ្មី សត្វអនាថា ជាង១០០ ក្បាល ដែលនាងកំពុងចិញ្ចឹម មើលថែ ដោយនាងបានបញ្ជាក់ថា  “ជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំឈ្មោះ ឡូញ ម៉ោនិច្ច ជាអ្នកសង្រ្គោះសត្វអនាថា ឆ្កែ ឆ្មា នៅក្នុងប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ អស់ រយៈពេល ៩ឆ្នាំ ដែលខ្ញុំជួយសង្គោះឆ្កែ ឆ្មាអនាថា ចូលរាប់ពាន់ក្បាល។ ។ ថ្ងៃនេះ សត្វអនាថាទាំងអស់ ពួកយើងត្រូវការជំនួយបន្ទាន់ ដើម្បីចំណាយលើការផ្លាស់ប្តូរទីតាំងថ្មី រកជម្រកថ្មី ទីសុវត្ថិភាព ដល់កូនអានាថាទាំងអស់គ្នា រស់នៅ។ ដោយសារអ្នកជិតខាងដែលគាត់ទើបចូលមករស់នៅជិតគ្នា គាត់ធ្វើការប្តឹងពួកយើង ឲ្យរើចេញ។ កូនៗសត្វអនាថាទាំងអស់ ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំងណាស់ ក្នុងពេលឥឡូវនេះ ដើម្បីធ្វើ ជម្រកថ្មី សូមជួយបរិច្ចាគដើម្បីឲ្យសត្វអនាថា ឆ្កែ ឆ្មាទាំងអស់ មានជម្រកសុវត្ថិភាពរស់នៅ“ ។

 ក្រោយការចេញវីដេអូខាងលើនេះ កញ្ញា ឡូញ ម៉ោនិច្ច បញ្ជាក់ថា ទទួលបានការបរិច្ចាគ ឬជួយឧបត្ថម្ភពីសប្បុរសជន ចូលតាមរយៈគណនីធនាគារ (ABA: 000431162 Lougn Monich) ដែលនាងដាក់នៅខាងលើវីដេអូ ខ្លះដែរ តែមិនច្រើន ម្នាក់ ១ដុល្លារ ២ដុល្លារ ១ម៉ឺនរៀល ៥ដុល្លារ ហើយចំនួនអ្នកឧបត្ថម្ភនោះ ក៏នៅតិចនៅឡើយ ហើយបើគិតសរុបទៅ បានប្រហែលពីរបីដុល្លារប៉ុណ្ណោះ ខណៈដែលការចំណាយ អស់រាប់ពាន់ដុល្លារឯណោះ។ ដូច្នេះនាងសូមអំពាវនាវបងប្អូនជនរួមជាតិ ចូលរួមឧបត្ថម្ភបន្ត ដើម្បីធានាឲ្យដំណើរការសាង សង់ជម្រកថ្មីនេះ ប្រព្រឹត្តទៅដោយរលូន និងបានហើយរួចរាល់ ទាន់ពេលវេលា ។ ដូច្នេះហើយទើបនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈហ្វេសប៊ុក ដដែល ឡូញ ម៉ោនិច្ច បានចេញវីដេអូ អំពាវនាវរកជំនួយបន្តទៀត ដោយនាងបានសរសេរបញ្ជាក់ថា “សត្វឆ្កែ ឆ្មា អនាថា ជាង100ក្បាល កំពុងត្រូវការជំនួយបរិច្ចាគពីបងប្អូនបន្ទាន់ ដើម្បីយកមកចំណាយលើការរុះរើទីតាំងចាស់ ដើម្បីប្រគល់ផ្ទះ ជូនទៅម្ចាស់ផ្ទះវិញ និងការសាងសង់កន្លែងថ្មី។ ជំនួយដែលបាន គឺតិចខ្លាំងណាស់បងប្អូន គឺមិនគ្រប់លើការចំណាយនោះទេ“ ។

បន្ថែមលើសំណេរ និងការបញ្ជាក់នៅក្នុងវីដេអូខាងលើនេះ កញ្ញា ឡូញ ម៉ោនិច្ច បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា ទីតាំងចាស់ ស្ថិតនៅព្រែកហូរ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រីឯទីតាំងថ្មី ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងឆ្ងាយជាងមុន បើគិតពីរាជធានីភ្នំពេញ និងពីទីរួមខេត្តកណ្ដាល ប៉ុន្តែមានទំហំផ្ទៃដីធំជាងទីតាំងចាស់ ។ ជម្រកថ្មីនេះ ទើបចាប់ផ្ដើមចាក់សាប ហើយមិនទាន់ដឹងថា អស់ប៉ុន្មាននៅឡើយទេ ព្រោះធ្វើម្ដងបន្តិចៗ ហើយទាល់តែចាប់សាបហើយ ទើបខាងជាង នឹងគិតថ្លៃសំ ណង់ តែបើគិតត្រួសៗ មកដល់ពេលនេះ អស់រាប់ពាន់ដុល្លារហើយ ព្រោះសូម្បីតែធ្វើនៅកន្លែងចាស់ កាលពី ២ឆ្នាំមុន អស់ដល់ទៅ ៤ពាន់ដុល្លារ ។ ជម្រកថ្មីនេះ ត្រូវចំណាយលើការប្រក់ដំបូល បាំងសំណាញ់ និងគ្រាន់តែចាក់សាប បើតាមសួរជាង ត្រូវចំណាយអស់ខ្ទង់ ៤ពាន់ដុល្លារ ហើយនៅរៀបឥដ្ឋការ៉ូ សម្រាប់ឆ្កែពិការ ប្រវែង១៣ម៉ែត្រ ព្រោះឆ្កែពិការ មិនអាចឲ្យនៅលើស៊ីម៉ងត៍បាន ខ្លាចពេលវារទៅ នាំឲ្យរលាកគូទ និងជើង ជាដំបៅ រលួយ ។ ហេតុដូច្នេះហើយ ទើបនាងស្វែងរកថវិកា ដើម្បីរៀបឥតការ៉ូ សម្រាប់ឆ្កែពិការ ដែលមាន ២ក្បាល ពិ ការមួយកំណាត់ខ្លួន អាចដើរបានតិចៗ ។ ក្រៅពីឆ្កែពិការជើង ក៏នៅមានឆ្កែឆ្មាពិការភ្នែក ពិការដៃ ពិការសតិ អារម្មណ៍ និងចាស់ជរា វង្វេងវង្វាន់ ដូចជាមនុស្សអ៊ីចឹងដែរ ។

នៅពេលត្រូវសួរថា ក្រៅពីសាងសង់ជម្រក តើត្រូវការមនុស្សជួយមើលថែសត្វអនាថាពិការទាំងនោះឬទេ? កញ្ញា ឡូញ ម៉ោនិច្ច ឆ្លើយថា អ្នកដែលត្រូវជួលមកមើលថែសត្វ ទារប្រាក់ខែ យ៉ាងតិច បួនប្រាំរយដុល្លារ នាងគ្មានលទ្ធភាពជួលទេ ដូច្នេះនាងត្រូវមើលថែសត្វទាំងនេះ ដោយខ្លួនឯងទាំងអស់ ។ នាងថា បើនាងមានលុយជួលគេ នាងអាចធូរកម្លាំងដែរ តែដោយសារនាងគ្មានលុយជួលគេ នាងត្រូវហត់នឿយក្នុងការមើលថែ ព្រោះការងារមើលសត្វ ជាការងារមួយហត់ ហើយវាស្អុយ ត្រូវកើបអាចម៍ នោម បោកគក់ក្រណាត់រាល់ថ្ងៃ លើកឆ្នាំងដាំបាយ បីអង្ករធ្ងន់ៗ និងការងារជាច្រើនទៀត ទាក់ទងនឹងការមើលថែនេះ ដែលនាងគិតថា ការងារទាំងនេះ បើឲ្យប្រាក់ខែគេ ១រយ ២រយដុល្លារ គ្មានអ្នកណាគេធ្វើទេ ។ ចំពោះការព្យាបាលជំងឺសត្វទាំងនេះ នាងយកទៅគ្លីនិកសត្វ ដោយបង់សេវាកម្មឲ្យគ្លីនិកទាំងនោះ ។ នាងបន្តថា ការងារចិញ្ចឹមសត្វអនាថានេះ ពិតជាហត់និងលំបាកខ្លាំងណាស់ មិនងាយមានអ្នកណាមកស្ម័គ្រចិត្តចិញ្ចឹមទេ ប៉ុន្តែសម្រាប់នាង ការដែលជំរុញឲ្យជ្រើសយកការងារនេះ ដោយគ្មានបានប្រយោជន៍មកវិញនោះ ដោយសារតែឃើញម្ចាស់សត្វមួយចំនួន គ្មានការទទួលខុសត្រូវ ពេលដែលសត្វឈឺ បោះបង់ចោល ពេលសត្វជួបគ្រោះថ្នាក់ចរាចរណ៍ (ឡាន ម៉ូតូបុក) ទុកឲ្យដេកងាប់នៅកណ្ដាលផ្លូវ ពេលសត្វនៅក្មេង យកគ្នាទៅចិញ្ចឹម ឲ្យចាំដី ផ្ទះ ដល់ពេលគ្នាចាស់ ឈឺ អត់មើលគ្នា ទុកគ្នាចោល ប្រើពាក្យសម្ដីមួយថា ទុកឲ្យងាប់តាមយថាកម្ម ។ ទិដ្ឋភាពទាំងអស់នេះហើយ ធ្វើឲ្យនាងអាណិតសត្វយ៉ាងខ្លាំង និងគិតថា បើសិនជាមនុស្សមានទំនួលខុសត្រូវ មានក្ដីអាណិតចំពោះសត្វ នាងមិនមកពិបាកមើលថែសត្វ រាប់ពាន់ក្បាល ដូចសព្វថ្ងៃនេះទេ ។

 យ៉ាងណា ទាក់ទងដល់គោលដៅសង្រ្គោះសត្វ ដូចរៀបរាប់ខាងលើនេះ កញ្ញា ឡូញ ម៉ានិច្ច បញ្ជាក់ថា មានតែមួយទេ គឺសង្រ្គោះសត្វដែលស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដូចជា ពេលធ្វើដមណើរតាមផ្លូវ ឃើញសត្វកំពុងដេកវេទនានៅកណ្ដាលផ្លូវ ឃើញគេធ្វើបាប នាងប្រញាប់ចុះជួយ យកទៅពេទ្យ បើព្យាបាលជា រស់ នាងចាក់វ៉ាក់សាំង ក្រៀវ រួចរកមនុស្សយកទៅចិញ្ចឹម ដែលមនុស្សនោះ ត្រូវឆ្លងកាត់សម្ភាសន៍ពីនាង និងទៅមើលដល់ផ្ទះ ឃើញជាក់ស្ដែង ទុកចិត្ត អាចឲ្យបាន នាងក៏ប្រគល់ឲ្យ ព្រោះនាងធ្លាប់មានបទពិសោធន៍កន្លងមក អត់បានសាកសួរ អត់បានទៅមើលដល់ផ្ទះ ពេលយកសត្វរបស់នាងទៅ ក៏បាត់ស្រមោលឈឹង រហូតមកដល់ឥឡូវ មិនឮដំណឹងទាល់តែសោះ មិនដឹងថា សត្វនោះងាប់ ឬរស់ ឬក៏បានយកទៅលក់បន្ត ឬយកទៅសម្លាប់ (កាប់ស៊ី) ។ ដូច្នេះជាបទពិសោធន៍ថ្មី នាងប្ដូរផែនការថ្មី ទៅមើលដល់កន្លែងដែលគេរស់នៅ និងទាមទារឲ្យម្ចាស់នោះ មកស្គាល់ពេទ្យដែលត្រូវព្យាបាលសត្វ ពេលដែលសត្វឈឺ សុំឲ្យព្យាបាលសត្វ អត់អាចយកសត្វ ទៅបោះចោលតាមផ្លូវ ឲ្យនាងសង្រ្គោះ មួយសាទៀតបានទេ ព្រោះនាងមិនមែនជាអង្គការដែលមានកញ្ចប់ថវិកា មកជារៀងរាល់ខែ រៀងរាល់ឆ្នាំ ក្នុងការធ្វើសកម្មភាពនោះទេ គឺនាងប្រើប្រាក់ខែ និងពេលវេលារបស់នាងទាំងអស់ ទៅលើសត្វ។ គ្រប់ជីវិតសត្វមួយៗ នាងឲ្យតម្លៃស្មើនឹងជីវិតមនុស្ស ហើយការទទួលសត្វយកទៅចិញ្ចឹម មិនត្រូវបានបង់លុយទេ តែត្រូវបំពេញលក្ខខណ្ឌតែមួយគត់ គឺកូនឆ្កែ ឬឆ្មា ដែលយកទៅចិញ្ចឹម តាំងពីនៅតូច នៅពេលសត្វពេញវ័យ ត្រូវចំណាយលុយ យកទៅក្រៀវដោយខ្លួនឯង តែបើក្នុងករណីយកសត្វដែលពេញវ័យ ពីនាងទៅ មិនបាច់ចាំបង់លុយថ្លៃក្រៀវទៀតទេ ព្រោះសត្វពេញវ័យទាំងអស់ សុទ្ធតែត្រូវបាននាងយកទៅក្រៀវ រួចអស់ហើយ អត់អាចចិញ្ចឹមតាមបែបធម្មជាតិ ឲ្យកើតកូន កើតចៅ ដូចពលរដ្ឋនៅស្រុកស្រែចម្ការទេ ពោលគឺគំនិតរបស់នាង មានតែការក្រៀវ តែមួយមុខគត់ ដែលអាចបញ្ចប់ការវេទនារបស់សត្វ ដោយមិនឲ្យមានការបន្តពួជ ព្រោះកាលណាមានការបន្តពូជ នាងសង្រ្គោះតជំនាន់ ក៏សង្រ្គោះមិនអស់ដែរ ។

ក្នុងន័យនេះ កញ្ញា ឡូញ ម៉ោនិច្ច មើលឃើញថា សត្វអនាថា នៅក្នុងស្រុកខ្មែរ មានច្រើនណាស់ ដោយសារតែម្ចាស់ គ្មានការទទួលខុសត្រូវនេះឯង គឺទី១ ចិញ្ចឹមសត្វ អត់ក្រៀវ អាងតែចិញ្ចឹមតាមបែបធម្មជាតិ ពេលមានកូន មានចៅ ចែកឲ្យគេ ។ ទី២ អ្នកដែលយកទៅចិញ្ចឹមបន្តនោះ អត់ក្រៀវទៀត ក៏កើតកូន កើតចៅ ។ ទី៣ អ្នកខ្លះ សុំយកទៅចិញ្ចឹម ក្នុងបំណងជួញដូរ រហូតដល់មានរឿងពិតមួយ មានស្រ្តីម្នាក់ បានទៅសុំឆ្កែលោក យកមក ចិញ្ចឹម ប្រាប់ថា យកមកចិញ្ចឹម ដើម្បីជួយចាំផ្ទះ ព្រោះគ្មានកូនចៅនៅជាមួយ តែជាក់ស្ដែង ចិញ្ចឹមដើម្បីលក់កូន គឺពេលកូនឆ្កែកើត មានម៉ូយលក់សាច់ឆ្កែ មកទិញដល់ផ្ទះ ហើយពេលកូនឆ្កែអាយុ១ខែ ទៅ១ខែកន្លះ ក៏លក់ឲ្យគេអស់ ដែលធ្វើឲ្យព្រះសង្ឃ ឮដំណឹងនេះ ក៏ហួសព្រះទ័យតែម្ដង ។ ដូច្នេះការសង្រ្គោះសត្វអនាថា ត្រូវធ្វើឡើងដោយសុទ្ធចិត្ត ប៉ុន្តែរហូតមកដល់នេះ សកម្មភាពសង្រ្គោះសត្វអនាថា របស់នាង មិនទាន់ត្រូវបានការកោត សរសើរ ឬចូលរួមសហការពីខាងស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលណាទេ ដោយសារ តែការផ្សព្វផ្សាយរបស់នាង មិនបានទូលំទូលាយតាមប្រព័ន្ធផ្សាយសង្គម ធ្វើឲ្យគេពុំសូវស្គាល់ ពុំសូវដឹង ។ យ៉ាងណា ដោយសារតែចំនួនសត្វអនាថា កើនឡើងកាន់តែច្រើន ទើបធ្វើឲ្យនាងសម្រេចចិត្តប្រកាសស្វែងរកជំនួយ ដើម្បីជួយសង្រ្គោះសត្វ បន្តទៀត ព្រោះកាលពីមុន នាងសង្រ្គោះ ជាឯកជន នាងមិនសុំជំនួយទេ គឺនាងទើបតែសុំជំនួយក្នុងរយៈពេល បីបួនឆ្នាំចុងក្រោយនេះ ។

កញ្ញា ឡូញ ម៉ោនិច្ច នាងពន្យល់ថា កាលនៅជាឯកជន នាងមិនបានផ្ដោតទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហាញពីទិដ្ឋភាពចិញ្ចឹម មើលថែសត្វនៅក្នុងផ្ទះ ទៅឲ្យមហាជននៅខាងក្រៅ បានដឹងទេ ធ្វើឲ្យគេមិនបានដឹងពីចំនួនសត្វដែលនាងចិញ្ចឹម និងបានចំណាយលុយប៉ុន្មាន ទៅលើសត្វ តែនៅពេលនាងធ្វើការសុំជំនួយ គឺនាងបង្ហាញសកម្មភាពទាំងអស់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឲ្យគេបានឃើញច្បាស់ ពីសកម្មភាពនាង និងជឿជាក់ មិនគិតថា នាងបោក ហើយភាពអាម៉ាស់ តាមរយៈការលះបង់ចំណេះដឹងដែលខំរៀនទាំងប៉ុន្មាន មកកើបអាចម៍នោម ឆ្កែ ឆ្មា បានបង្ហាញឲ្យគេឃើញទាំងអស់ ។ ប៉ុន្តែនៅនាងនៅតែសប្បាយចិត្ត បើសិនជាការជួយ ឬចូលសហការពីស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ។ នាងមិនត្រូវការជួយជាលុយ សម្រាប់ចិញ្ចឹម ទំនុកបម្រុងជីវភាពនាងទេ គឺនាងសុំតែជួយឲ្យសត្វមានការព្យាបាល និងមានចំណីអាហារហូប ប្រចាំថ្ងៃ ជា ពិសេស បើអាចផ្ដល់ជាអង្ករ និងសាច់ ប្រចាំថ្ងៃ ប្រចាំខែ សម្រាប់ធ្វើបាយសត្វ នាងត្រេកអរខ្លាំងមែនទែន ព្រោះគោលបំណងសំខាន់ ការសង្រ្គោះសត្វអនាថា មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺដោយសារតែការអាណិត ដូចអ្វីដែលនាងបានបញ្ជាក់ពីខាងដើម ។ បានន័យថា ការអំពាវនាវរបស់នាង មិនមែនដោយសារនាងគ្មានសមត្ថភាពចិញ្ចឹមខ្លួនឯងទេ ប៉ុន្តែដោយសារសត្វអនាថា ទើបបង្ខំឲ្យនាងយកប្រព័ន្ធផ្សព្វផ្សាយ ប្រកាសស្វែងរកជំនួយ មកចិញ្ចឹមសត្វ ។

សូមបញ្ជាក់ថា កញ្ញា ឡូញ ម៉ោនិច្ច សព្វថ្ងៃអាយុ មិនទាន់មានប្ដី ឬឆ្លងកាត់ការរៀបការ ទេ តែនាងបានឆ្លងកាត់ការសិក្សាខ្ពង់ខ្ពស់ ដោយបានទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកបសុពេទ្យ (ពេទ្យសត្វ) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង។ នៅឆ្នាំ២០១៥ ជាឆ្នាំដែលនាងចាប់ផ្ដើមចិញ្ចឹមសត្វអនាថា ព្រោះក្រៅពីទឹកចិត្តអាណិត សត្វ ក៏ដោយសារតែនាងគិតថា មានលទ្ធភាពនិងជំនាញនៅក្នុងវិជ្ជាជីវៈមួយនេះ អាចជួយសង្រ្គោះជីវិតពួកវាបាន។ សព្វថ្ងៃ នាងធ្វើការជាបុគ្គលិកជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនឯកជនមួយ ដោយទទួលបានប្រាក់ខែគោល ១០០០ដុល្លារ ។ ប្រាក់ខែទាំងនេះ បូករួមនិងប្រាក់ការងារបន្ថែមម៉ោង (Over Time) បន្ថែមទៀត នាងយកមកចំណាយលើការចិញ្ចឹមសត្វអនាថា ស្ទើរតែទាំងអស់ (៩០%) ដោយចាយវាយក្បិតក្បៀត មិនប្រើប្រាស់សម្ភារនិយម ទាំងសម្លៀកបំពាក់ មិនត្រូវចំណាយច្រើន ប្រើរបស់ថោកៗ ឯរបស់ថ្លៃៗ មានតែអ្នកផ្ទះទិញឲ្យ ហើយឪពុកម្ដាយនាង មិនបានគាំទ្រឲ្យនាងមកឱបក្រសោបសត្វបែបនេះទេ ទាំងនាងខ្លួនឯង ក៏បានដឹងច្បាស់ដែរថា រៀនចប់បណ្ឌិត តែចុងបញ្ចប់ បែរជាមកកើបអាចម៍ឆ្កែ ឆ្មា រាល់ថ្ងៃ ។ ម្យ៉ាងទៀត នាងគិតថា បើនាងមានគ្រួសារ (ស្វាមី) ក៏ប្រហែលជាត្រូវលែងលះគ្នាដែរ ព្រោះមិត្តភក្ដិរបស់នាងជាច្រើន ដែលទទួលការជួយសង្រ្គោះសត្វ ដូចនាងដែរ បានលែងគ្នាអស់ហើយ ទើបជាហេតុផលមួយដែលនាងខ្លាច មិនហ៊ានគិតគូររឿងយកគ្រួសារ ។

 កញ្ញា ឡូញ ម៉ោនិច្ច បញ្ជាក់ថា នាងតែបន្តជ្រើសយកការជួយសង្រ្គោះ និងចិញ្ចឹមសត្វអនាថានេះ ទៅមុខទៀត បើទោះបីគ្មានជំនួយក៏ដោយ ព្រោះមិនអាចបោះបង់ចោលជីវិតពួកវាទាំងពាក់កណ្ដាលទីបានទេ បើសិនជានាងបោះបង់ចោលជីវិតពួកវាទាំងអស់ គឺស្មើនឹងនាងលែងពួកវាទៅស្លាប់ ដែលធ្វើឲ្យការលះបង់របស់នាងក្នុងការជួយសង្រ្គោះសត្វអនាថាទាំងនេះ ពីមុនមក ក្នុងនោះរួមមានទាំង ពេលវេលា កម្លាំងកាយចិត្ត និងថវិកា នឹងអសារបង់ទាំងអស់ ។ ដូច្នេះបើអាយុជីវិតនាងនៅមាន អាចបន្តការងារទៅមុខបាន នាងនៅតែបន្ត ដរាបណានាងនៅមានកម្លាំងធ្វើការឲ្យគេ ហើយស្ថាប័នគេ នៅត្រូវការនាង នាងនៅតែមានប្រាក់ខែ សម្រាប់ចិញ្ចឹមសត្វទាំងនេះជានិច្ច ។ ភ្ជាប់ជាមួយការតាំងចិត្តនេះ ក្នុងការត្រូវការជំនួយបន្ទាន់ ដើម្បីសង់ជម្រកថ្មី សម្រាប់សត្វអនាថា ជាង១០០ក្បាល កញ្ញាអ្នកសង្គ្រោះសត្វអនាថា រូបនេះ បានសូមសំណូមពរថា បើសិនជាអាចបាន សូមប្រជាជនខ្មែរ មេត្តាបរិច្ចាគថវិកា ជួយដល់សត្វអនាថា គឺបើសិនជាគាត់មិនអាចចិញ្ចឹមសត្វ ដោយខ្លួនឯងបាន សូមធ្វើការបរិច្ចាគដល់អ្នកដែលធ្វើសកម្មភាពនេះបាន ដើម្បីឲ្យបន្តធ្វើសកម្មភាពនេះ ទៅមុខទៀត មិនថាអង្គការ ឬឯកជនទេ គឺត្រូវពឹងទៅលើជំនួយទាំងអស់ បើសិនជាគ្មានជំនួយ នឹងដួលទាំងអស់ ។ ក្រៅពីនេះ នាងក៏សំណូមពរដល់ប្រជាជនខ្មែរ ធ្វើការចិញ្ចឹមសត្វ ដោយមានទំនួលខុសត្រូវ ពេលសត្វឈឺ ត្រូវយកទៅព្យាបាល និងស្នើដល់រាជរដ្ឋាភិបាល បើសិនជាអាចធ្វើបាន សុំឲ្យមានច្បាប់ការពារសត្វចិញ្ចឹម ដូចមានច្បាប់ការពារសត្វព្រៃអ៊ីចឹងដែរ ពីព្រោះមនុស្សធ្វើការវ៉ៃសម្លាប់សត្វ ទាំងឆ្កែ ទាំងឆ្មា បង្ហាញរូបភាពសាហាវខ្លាំងណាស់ ដែលពីមុនមក នៅពេលដែលនាងចាប់ផ្ដើមធំដឹងក្ដី នាងមិនដែលថា ព្យួរកឆ្កែ កាប់ឆ្កែ អាំងឆ្កែ បរិភោគសាច់ឆ្កែ ដូចសាច់គោទេ តែមួយរយៈមកនេះ ឃើញរូបភាពបែបនេះ នៅតាមផ្លូវ នាងមិនចង់ឃើញរូបភាពបែបនេះទេ ៕កុលបុត្រ

RELATED ARTICLES