ភ្នំពេញ ៖ បន្ទាប់ពីប្រពន្ធ សម្រេចចាកចេញទៅរស់នៅកន្លែងផ្សេង ដោយផ្ដាច់ទំនាក់ទំនងពីប្ដី ទាំងតាមទូរស័ព្ទ និងតាមប្រព័ន្ធបណ្ដាញសង្គម បុរសជាប្ដី បានចោទប្រពន្ធថា មូលហេតុដែលនាងដាច់ចិត្តរត់ចោលប្ដី ដោយ សារតែមានប្រុសថ្មីទៀត ហើយត្រូវប្រុសថ្មីនោះ អន្ទងលួងលោមឲ្យរត់ទៅជាមួយ ប៉ុន្តែខ្លួនមិនខឹងនឹងប្រពន្ធដែលផិតក្បត់ខ្លួននេះទេ សុំឲ្យតែនាងវិលមកវិញ ឈប់ទាក់ទងជាមួយប្រុសថ្មីនោះ រូបគេនៅរង់ចាំទទួលនាងវិញ ។ ប៉ុន្តែស្ត្រីជាប្រពន្ធ បានប្រកែកថា នាងមិនបានរត់តាមប្រុសថ្មី ឬកំពុងរស់នៅជាមួយប្រុសថ្មីនោះទេ គឺមកពីនាងមិនអាចទ្រាំទ្រនឹងប្ដីនេះ ដែលជាមនុស្សញៀនថ្នាំ ទើបនាងនាំកូន រត់ចោល មកសាងជីវិតថ្មី មិនឲ្យប្តីដឹង។

ប្ដីប្រពន្ធមួយគូដែលកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ឬប្ដីចោទប្រពន្ធរត់តាមប្រុស ឫប្រពន្ធប្រកែក និងចោទប្ដីវ៉ៃធ្វើបាប ញៀនថ្នាំនេះ បុរសជាប្ដី ឈ្មោះ ស៊ួន សុផល អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ជាកម្មកររោងចក្រ ។ ចំណែកស្រី្តជាប្រពន្ធ ឈ្មោះ ម៉ៅ ម៉ី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ ។
បើតាមស្រ្តីជាប្រពន្ធ អ្នកទាំងពីរយកគ្នាជាប្ដីប្រពន្ធ មិនបានរៀបការតាមប្រពៃណីទេ ដោយសារគ្មានលទ្ធភាព ប៉ុន្តែក្រោយរួមរស់នៅជាមួយគ្នា ជិត២០ឆ្នាំ ប្ដីប្រពន្ធទាំងពីរនេះ ផ្ដល់កំណើតដល់កូន ៤នាក់ ក្នុងនោះ កូនប្រុសច្បង អាយុ១៧ឆ្នាំ ក្រោយឈប់រៀន បានធ្វើការជាកូនជាង នៅហ្គារ៉ាស់ឡាន មួយកន្លែង និងបានផ្លាស់ប្ដូរទៅធ្វើព្រូឡានតាក់ស៊ី ។ ចំណែកកូន ២នាក់ទៀត នៅរៀន ។ រីឯកូនតូចជាងគេ អាយុ៤ឆ្នាំ ដែលនៅជាមួយឪពុក មុនម្ដាយរត់ចេញមក ត្រូវស្រ្តីជាប្រពន្ធ តាមទៅយកពីប្ដី មកវិញ ហើយពេលនេះ កូនទាំង៣ ត្រូវម្ដាយនាំយកទៅឲ្យទៅរស់នៅជាមួយជីដូន នៅឯស្រុកកំណើត ខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បុរសជាប្ដី បានទាក់ទងមកអ្នកសារព័ត៌មាន ឲ្យជួយប្រកាសរកប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉ៅ ម៉ី ផង ព្រោះសូម្បីតែហ្វេសប៊ុក ទិកតុក និងលេខទូរស័ព្ទ ក៏នាងបានប្លុកខ្លួនជាប្តី ចោលអស់ មិនអាចទាក់ទងនាងបាន ។ បុរសជាប្តី បានបញ្ជាក់ថា ប្រពន្ធរបស់គេ បានរត់តាមប្រុស ជាអ្នកបើកឡានកុងតឺន័រ ប៉ុន្តែទោះបីជាយ៉ាងណា គេមិនខឹងនឹងនាងទេ គ្រាន់តែនឹកតូចចិត្តបន្តិចថា ខំសាងគ្រួសារ អស់រយៈពេលជិត ២០ឆ្នាំ បែរជាគ្មានតម្លៃស្មើនឹងប្រុសថ្មីដែលនាងទើបស្គាល់គ្នាតាមឆាត មិនបានមួយខែផង ។
បុរសជាប្តី បានដង្ហោយហៅប្រពន្ធថា “បងចង់ឲ្យអូនមកវិញ បងមិនចង់ឲ្យកូនយើងក្លាយជាកូនកំព្រាទេ បងស្រណោះកូនយើងណាស់!“ ។
ទោះបីយ៉ាងណា នៅពេលសុំសាកសួរព័ត៌មានបន្ថែម បុរសជាប្ដី ខាងលើ មិនអាចទាក់ទងបានទេ នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
ឆ្លើយតបនឹងការចោទប្រកាន់របស់ប្ដី នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្រី្តជាប្រពន្ធ បានបញ្ជាក់ប្រាប់ “នគរធំ” ថា ការដែលនាងសម្រេចចិត្តចាកចេញពីជីវិតប្ដី មករស់នៅខាងក្រៅ មិនមែនដោយសារតែនាងមានប្រុសថ្មី ផិតក្បត់គេនោះទេ តែដោយសារគេជាមនុស្សញៀនថ្នាំ តែងវ៉ៃធ្វើបាបនាងជាប្រពន្ធ នាពេលកន្លងមក បានធ្វើឲ្យនាងឆ្អែតចិត្ត លែងទ្រាំរស់នៅជាមួយបានទៀតហើយ ព្រោះបើទ្រាំរស់នៅជាមួយតទៅទៀត មាន ការតែឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តបន្តទៀតប៉ុណ្ណោះ ដោយសារតែគេមិនកែចរិត រហូតថែមទាំងធ្លាប់ប៉ូលិសចាប់ដាក់មណ្ឌលកែប្រែ ពីបទប្រើប្រាស់គ្រឿងញៀនហើយ ក៏នៅតែមិនរាង គឺចេញមកវិញ នៅតែជក់ទៀតហើយ ហើយនៅតែធ្វើបាបប្រពន្ធ ។ ដូច្នេះនាងសូមច្រានចោលចំពោះការចោទរបស់ប្តី ដោយមានសាក្សីជួយដឹងឮថា នាងពិតជាគ្មានប្រុសថ្មីទេ ហើយសព្វថ្ងៃនាងរស់នៅនិងធ្វើការជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំ ពេញ ជាធម្មតា ហើយនាងដឹងពីកន្លែងរស់នៅរបស់គេ គ្រាន់តែនាងព្យាយាមមិនឲ្យគេដឹងពីកន្លែងស្នាក់នៅរបស់នាង ។
នារីជាប្រពន្ធ បានរៀបរាប់ថា នាងបានរួមរស់ជាមួយប្ដី អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ប៉ុន្តែគ្មានសុភមង្គលក្នុងគ្រួសារនោះទេ ។ មកដល់ស្ថានភាពបច្ចុប្បន្ន ប្ដីម្នាក់នេះ កុំថាឡើយអាចមានសមត្ថភាពចិញ្ចឹមកូន ឲ្យរស់ នៅសុខស្រួលបាន សូម្បីតែចិញ្ចឹមខ្លួនឯង ក៏មិនរស់ផង ព្រោះក្នុងរបរការងារជាកម្មករកាត់ដេររោងចក្រ ដូចគ្នា ពេលបានលុយមក គេយកទៅទិញថ្នាំញៀន ជក់អស់ ហើយគេទើបតែចេញពីមណ្ឌលកែប្រែ ថ្មីៗនេះទេ ដែលធ្វើឲ្យនាងពិបាកទ្រាំក្នុងការបន្តរស់នៅជាមួយគេបានទៀតណាស់ ដោយសារធ្វើបាបផ្លូវចិត្តនាងពេក ។ ដូច្នេះពេលនេះ គេនៅតែម្នាក់ឯងទេ គ្មានបន្ទុកអីដែលគេត្រូវមើលថែកូននោះទេ ព្រោះនាងបានយកកូនៗ មកនៅជាមួយអស់ហើយ មិនអាចឲ្យនៅជាមួយគេទេ បើចិញ្ចឹមតែខ្លួនឯងមិនរស់បែបនេះ អាចវេទនាដល់កូនថែម ទៀត ហើយអ្វីដែលគេចោទនាងថា រត់តាមប្រុសថ្មី ជាតៃកុងឡានកុងតឺន័រនោះ មិនមែនជាការពិតទេ ។ នាងសុំផ្ដាំទៅប្តីថា សុំចិញ្ចឹមខ្លួនឯង ឲ្យរស់សិនទៅ មុននឹងចោទនាង ។

ស្រ្តីជាប្រពន្ធ បាននិយាយថា “ចា! មុនដំបូង ពេលរត់ចេញមក កូនតូចជាងគេនេះ ខ្ញុំបានទុកនៅនឹងគាត់ (ប្ដី) ប៉ុន្តែពេលខ្ញុំរត់ចេញបានប៉ុន្មានថ្ងៃ ខ្ញុំបានទៅយកកូនខ្ញុំមកវិញ ហើយបានយកទៅឲ្យម៉ែខ្ញុំ នៅឯស្រុកចិញ្ចឹម ហើយក្នុង ១ថ្ងៃ ខ្ញុំផ្ញើឲ្យម៉ែខ្ញុំ ចំនួន២ម៉ឺនរៀល ហើយចំពោះគាត់វិញ គាត់ចិញ្ចឹមតែខ្លួនគាត់ អត់រស់ផងហ្នឹង? ឥឡូវកូនទាំង៤នេះ កូនទី១ ខ្ញុំបានយកមកនៅជាមួយ ឲ្យធ្វើការខាងធ្វើឡាន តែឥឡូវវាឈប់ហើយ ទៅព្រូឡានម្ដង ហើយពេលវាអត់លុយ ទើបវា Call រកខ្ញុំ តែត្រង់ធ្វើនៅឯណា ខ្ញុំអត់ដឹងទេ ។ ចំណែកកូន ៣នាក់ទៀត នៅជាមួយម៉ែខ្ញុំ នៅឯស្រុកកំណើត ហើយបើអត់ជឿទេ អាចយកលេខម៉ែខ្ញុំ តេទៅសួរគាត់បន្ថែមទៀតក៏បានដែរ ដែលម្ដាយរបស់ខ្ញុំ ឈ្មោះខៀវ ម៉ុន អាយុជាង៧០ឆ្នាំ កំពុងរស់នៅឃុំព្រៃទា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ។ ដូច្នេះមិនបាច់រវល់ជាមួយវាទេ (ប្ដី) វាបែកថ្នាំហ្នឹង ។ វាមានស្រុកកំណើតនៅសៀមរាប តែឥឡូវវានៅភ្នំពេញ ខ្ញុំក៏នៅភ្នំពេញ ដែរ តែខ្ញុំអត់ឲ្យវាដឹង ។ ខ្ញុំបងគាត់ ១ឆ្នាំ តែនិយាយទៅ ខ្ញុំយកគ្នា អត់បានការទេ ។ ខ្ញុំសុំប្រាប់ទៅគាត់ថា ខ្ញុំអត់សុំជួបជុំគ្នាវិញទេ ខ្ញុំសុំតែសុខត្រឹមហ្នឹង ហើយសុំឲ្យគាត់ហ្នឹង សាងជីវិតថ្មី ហើយឈប់ធ្វើរឿងអ្វីដែលអប្រិយ ទៅខាងមុខទៅ សុំឲ្យសុខសប្បាយរៀងខ្លួន កុំឲ្យមានកម្មមានពៀរ ហើយកូន បើគាត់អត់ចិញ្ចឹម ខ្ញុំជាអ្នកចិញ្ចឹមក៏បានដែរ ព្រោះអី រាល់ថ្ងៃ គាត់ចិញ្ចឹមតែខ្លួនគាត់ អត់រស់ផង ។ ដល់ពេលអ៊ីចឹង គាត់គ្មានសិទ្ធិមកហួងហែងជីវិតខ្ញុំទេ ។ ចំពោះអ្នកបើកកុងតឺន័រ ខ្ញុំមិនស្គាល់ មានទៅពាក់ព័ន្ធអីជាមួយគាត់?“ ៕ កុលបុត្រ