Friday, June 19, 2026
Homeតារាខ្មែរព្រាប សុវត្ថិ ច្រៀងខួបកំណើតលោកស្រី យឹម ឆៃលីន

ព្រាប សុវត្ថិ ច្រៀងខួបកំណើតលោកស្រី យឹម ឆៃលីន

ភ្នំពេញ ៖ រូបភាពវីដេអូជាច្រើន ត្រូវបានចែករំលែកពេញបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឃើញតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ច្រៀងនៅលើឆាកហាងមួយហើយលោកស្រី យឹម ឆៃលីន កូនស្រីលោក យឹម ឆៃលី អតីតភរិយាលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឈុតរ៉ូបខ្លី ពណ៌ក្រហម សាច់សខ្ចី រាំផង ច្រៀងផង តាមលោកសុវត្ថិ ។ ប្រភពថា លោកសុវត្ថិ ទៅច្រៀងកម្មវិធីខួបកំណើតលោកស្រី យឹម ឆៃលីន នៅហាងមួយ ម្ដុំកោះនរា កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ហើយដោយសារបទចម្រៀងលោកសុវត្ថិ ច្រៀងមកសុទ្ធតែពីរោះៗ ទើបធ្វើឲ្យសេដ្ឋិនីកំពូលសម្រស់រូបនេះ ពេញចិត្ត សប្បាយចិត្ត រាំផង ច្រៀងតាមផងបែប នេះ។

 លោក លឹម គង់ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថា លោកពិតជាបានចូលរួមកម្មវិធីខួបកំណើតលោកស្រី យឹម ឆៃលីន មែន ប៉ុន្ដែមិនដឹងថា ឆ្នាំនេះ លោកស្រីធ្វើខួបកំណើត គម្រប់ប៉ុន្មានឆ្នាំទេ ។ លោក៏បានជួបលោកព្រាប សុវត្ថិ  និងបានថតរូបជាមួយលោកស្រី យឹម ឆៃលីន ផងដែរ និងថាក្រៅពីព្រាប សុវត្ថិ ក៏មានតារាមួយចំនួនទៀត ចូលរួមដែរ ។

ព្រាប សុវតិ្ថ ច្រៀងនៅថ្ងៃខួបកំណើតលោកស្រី យឹម ឆៃលីន មានដូចជាបទ «Call មកបង ពេលគេបោះបង់អូន», «ថ្នម», «អូនជាបេះដូងបង», «បើគេសួរអូន» និងបទ «Take me to your heart» ជាដើម ។

អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា គេកម្រឃើញព្រាប សុវត្ថិ ចេញមុខច្រៀងកម្មវិធីខួបកំណើតកូនមន្រ្ដីធំបែបនេះណាស់ ប៉ុន្ដែការចេញមុខពេលនេះ របស់លោក អាចជាការរាប់អានជាមួយម្ចាស់កម្មវិធី ច្រើនជាងការច្រៀងដើម្បីលុយ ។ ទោះជាយ៉ាងណាលោក ព្រាប សុវត្ថិ មិនដែលប្រាប់អតិថិជនរបស់លោកថា មិនទទួលច្រៀងកម្មវិធីខួបកំណើតឡើយ ប៉ុន្ដែលោកធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថាមានភ្ញៀវខ្លះ ហេតុតែពួកគាត់ស្រលាញ់ ចូលចិត្តលោក បានកក់ទុក តាំងពី ១ទៅ២ឆ្នាំ មុនកម្មវិធីក៏មានដែរ ។

លោក ព្រាប សុវត្ថិ ទើបតែត្រូវបានភរិយា លោកស្រីឡុង ស្រីមុំ ធ្វើខួបកំណើតគម្រប់អាយុ៥១ឆ្នាំ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅក្លឹបកម្សាន្ដមួយ តែខួបកំណើតលោកពិត នៅថ្ងៃទី២៥ ខែឧសភា ។ កាលពីពេលថ្មីៗនេះដែរ លោកព្រាប សុវត្ថិ បានវិលមកច្រៀងឆ្លងឆ្លើយជាមួយដៃគូចាស់ ពេជ្រ សោភា ដោយរំលឹកបទល្បីៗរបស់ខ្លួន កាលពី២០ឆ្នាំមុន ផងដែរ ។          

មជ្ឈដ្ឋានមហាជន បានលើកឡើងថា ព្រាប សុវត្ថិ ក្រោយប្ដូរទ្រនំច្រៀង ជិត៦ឆ្នាំនេះលោកនៅតែមានទីផ្សារចម្រៀង ព្រោះនៅតែចេញមុខតាមឆាកធំៗ ជាបន្ដបន្ទាប់ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ឧកញ៉ារូបនេះ ចាប់ផ្ដើម ច្រៀងបទចាស់របស់ខ្លួន នៅហង្សមាស កាន់តែច្រើន ហើយបទទាំងនោះ នៅតែទទួលបានការគាំទ្រ ដោយលោកមិនខ្វល់ពីរឿងមុននេះ លោកស្រីអ៊ឹង គឹមលាង ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ត្រូវជាកូនអ្នក ឧកញ៉ា អ៊ឹង ឆៃងួន ថៅកែហង្សមាស ខឹងទៀតទេ បើទោះជាលោកស្រី ធ្លាប់ចេញសារដាស់តឿនថា តារាខ្លះ បានទៅកន្លែងថ្មី ខ្លះទៀតក្លាយជាអ្នកចម្រៀងឯករាជ្យ យកបទថ្មីដែលខ្លួនបានផលិតថ្មីៗ យកទៅប្រើប្រាស់ទៅ អត់ចាំបាច់តោងកាលីពបទចាស់ៗ ព្រោះតារាមានទេពកោសល្យពីកំណើតហើយក្ដី ។ ចំណែការលេចមុខ ច្រៀងខួបកំណើតលោកស្រី យឹម ឆៃលីន នេះ អ្នកចូលរួមកម្មវិធីនោះ បាននិយាយថា «ខ្ញីចាស់ កាន់តែហឺ» ព្រោះព្រាប សុវត្ថិ នៅតែមានការគាំទ្រ ប្រសិនបើលោកលែងសកម្មចេញមុខការពារអ្នកនយោបាយ និងថៅកែ ថ្មីរបស់ខ្លួនទៀត ៕

RELATED ARTICLES