Friday, June 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះកុដិ ១ខ្នង ខ្ទេចគម្ពីរធម៌២២០ក្បាល

ភ្លើងឆេះកុដិ ១ខ្នង ខ្ទេចគម្ពីរធម៌២២០ក្បាល

ខេត្តស្ទឹងត្រែង ៖ កុដិឈើ ប្រក់ក្បឿង មួយខ្នង ស្ថិតក្នុងបរិវេណវត្តទួលរលួស ដែលអ្នកស្រុកតែងហៅថា វត្តផាបាំង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង រួមនិងសម្ភារៈ គម្ពីរធម៌ ព្រមទាំងសម្ភារៈមួយចំនួនធំ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្នុងបរិវេណវត្តទួលរលួស ហៅវត្តផាបាំង ស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា កុដិដែលរងការឆាបឆេះខាងលើ សង់ពីឈើប្រក់ក្បឿង មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ និងបានឆេះខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុសក្ការៈមួយចំនួនធំ រួមមាន គម្ពីរធម៌ ចំនួន២២០ក្បាល គ្រឿងឧបករណ៍ បំពងសំឡេង អំភ្លី និងមីក្រូហ្វូន ក្តារបាំងឈូស ចំនួន៤ម៉ែត្រគូប ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ទោះបីជាអគ្គិភ័យនេះ បានបង្កការខូចខាតខ្ទង់សាសនវត្ថុ និងសម្ភារៈកុដិទាំងស្រុងយ៉ាងណាក្តី ប៉ុន្តែមិនបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមដល់នរណាម្នាក់ឡើយ។

ប្រភពដដែល បានបញ្ជាក់ថា នៅក្នុងកុដិដែលរងគ្រោះខាងលើ គឺជាកន្លែងស្នាក់នៅរបស់ព្រះសង្ឃ និងសិស្សវត្ត សរុបចំនួន២១អង្គ/នាក់ ក្នុងនោះរួមមាន ព្រះភិក្ខុ ២អង្គ សាមណេរ ១៨អង្គ និងសិស្សវត្តម្នាក់ (ភេទប្រុស) តែត្រូវបានជម្លៀសចេញក្រៅ ដោយសុវត្ថិភាព ក្នុងពេលកើតហេតុ។

គិតមកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យកើត មានគ្រោះអគ្គិភ័យនេះ ។ ចំណែកទំហំនៃការខូចខាត ជាទឹកប្រាក់លម្អិត មិនទាន់មានការវាយតម្លៃផ្លូវការនៅ ឡើយ៕

RELATED ARTICLES