ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ចំនួន២ករណី បានកើតឡើងជាបន្តបន្ទាប់ នៅកន្លែងតែមួយ ដោយក្នុងនោះកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ មានរថយន្តកុងតឺន័រ ១គ្រឿង បានបើកបានបុកក្បាលនាគថ្មពុះចេកទ្រូងផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខវិទ្យាល័យ ហ៊ុន សែន វាលរេញ លុះមកដល់វេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែមានរថយន្តកុងតឺន័រ ១គ្រឿងទៀត បើកបរក្នុងទិសដៅពីភ្នំ ពេញ បានបុកក្បាលនាគថ្មពុះចេកទ្រូងផ្លូវ កន្លែងដដែលនោះ ពេញទំហឹង បណ្តាលឱ្យបាក់បែកខ្ចាត់ខ្ចាយពេញផ្លូវ រីឯរថយន្ត រងការខូចខាតយ៉ាងធ្ងន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើត ឡើង បង្កដោយរថយន្តកុងតឺន័រ ១គ្រឿង ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8669 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1017 បើកបរដោយឈ្មោះ សូត ថា ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅ ភូមិតាសែន ឃុំសូទេព ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែរថយន្តក៏បានរេចង្កូតបុករបាំងថ្មទ្រូងផ្លូវ ទាំងកំរោលតែម្តង។ យ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្ត ទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ៕





